មន្ត្រីអង្គការសង្គមស៊ីវិល ក៏ដូចជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសមរង្ស៊ី បានមានប្រតិកម្មចំពោះសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយចាត់ទុកមាត្រាមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់នេះថា មិនផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការតស៊ូមតិនោះទេ បើទោះបីជារដ្ឋសភាបានពន្យារពេលកិច្ចពិភាក្សាទៅលើសេចក្តីព្រាងច្បាប់នេះក្តី។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងនៅថ្ងៃទី១៦ តុលា ថា ក្នុងសេចក្តីព្រាងច្បាប់នេះគឺមិនបង្កភាពងាយស្រួលដល់ការធ្វើបាតុកម្មដោយសន្តិវិធីទេ ព្រោះនៅក្នុងមាត្រាមួយចំនួនមិនបានបញ្ជាក់និយមន័យច្បាស់លាស់ ដូចជាធ្វើឲ្យខូចសណ្តាប់ធ្នាប់ ប៉ះពាល់ដល់សន្តិសុខសង្គម ការកំណត់ចំនួនបាតុករមិនឲ្យលើសពី២០០នាក់ជាដើម។
លោក រ៉ុង ឈុន បានបញ្ជាក់ថា ៖ «តែដាក់លិខិតទៅ តែងតែឆ្លើយមកវិញថា អត់អាចទៅបានទេ វាប៉ះពាល់សណ្ដាប់ធ្នាប់ ប៉ះពាល់សន្តិសុខសង្គម។ យ៉ាងម៉េចទៅសន្តិសុខសង្គម? យ៉ាងម៉េចទៅសណ្ដាប់ធ្នាប់? ធម្មតាអាជ្ញាធរដែលគេឲ្យមានកម្លាំងប៉ូលិស កម្លាំងប៉េអឹមហ្នឹងហើយ សម្រាប់ធ្វើចរាចរណ៍ឲ្យប្រជាពលរដ្ឋ»។
កាលពីថ្ងៃពុធ ទី១៣ តុលា អង្គសភាក៏បានលើកយកសេចក្តីព្រាងច្បាប់នេះមកពិភាក្សាផងដែរ ដែលមានការតវ៉ាចម្រូងចម្រាសពីសមាជិករដ្ឋសភានៃគណបក្សប្រឆាំងម្តងរួចមកហើយដែរ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី និងជាតំណាងរាស្ត្រផងនោះ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះគឺអាស្រ័យលើការបកស្រាយរបស់ភាគីរដ្ឋាភិបាលតែប៉ុណ្ណោះ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា ៖ «សំខាន់គឺថា គេត្រូវតែជ្រើសរើសយកទីកន្លែងដែលស្ថាប័នជាតិសំខាន់ៗស្ថិតនៅ»។
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ពីការធ្វើបាតុកម្មដោយសន្តិវិធីនេះ គឺជាការលើកកម្ពស់នៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទៅវិញទេ។
លោក ជាម យៀប បានអះអាងថា ៖ «ហើយច្បាប់នេះមិនមែនចេញទៅហើយ យើងមិនអាចទៅធ្វើអីបាននោះទេ។ បើសិនជាកន្លែងណាទ័លច្រក យើងអាចនៅមានច្រកមួយ គឺថាអាចធ្វើវិសោធនកម្មច្បាប់»។
លោក ជាម យៀប បានបន្តថា ការពន្យារកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីនេះក៏ពុំមែនដើម្បីកែសម្រួលនៃមាត្រាមួយចំនួនដែលខាងគណបក្សប្រឆាំងបានទាមទារនោះដែរ ការពន្យារនេះដោយមានការបន្ទាន់គឺជំនួសមកវិញទៅលើកិច្ចពិភាក្សាស្តីពីច្បាប់ចំនួន៤ ទៅលើការវិនិយោគទូលំទូលាយរបស់អាស៊ាន ក្នុងនោះមានការវិនិយោគជាមួយអាស៊ាននិងប្រទេសជប៉ុន កូរ៉េខាងត្បូងនិងចិន ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវការឲ្យសភាឲ្យសច្ចាប័នលើច្បាប់៤នេះ ដើម្បីឲ្យលោកលើកយកពីការអនុម័តរបស់សភាទៅជំនួបកំពូលអាស៊ានលើកទី១៥ ដែលចាប់ផ្តើមនៅថ្ងៃទី២៣ តុលាខាងមុខ នៅឯហួហិន ប្រទេសថៃ ហើយច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តនៅព្រឹកថ្ងៃទី១៦ តុលា។
យ៉ាងនេះក្តី លោក រ៉ុង ឈុន បានឲ្យដឹងថា ការពន្យារសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីនេះ រដ្ឋាភិបាលនិងគណៈកម្មការនៃរដ្ឋសភាគួរតែកែក្នុងមាត្រាមួយចំនួននៃច្បាប់នេះ ដូចទៅនឹងការលើកឡើងរបស់សង្គមស៊ីវិល ក៏ដូចជាតំណាងរាស្ត្រនៃគណបក្សជំទាស់ប្រយោជន៍ដើម្បីសង្គមជាតិ៕
