មូលហេតុ​តម្លៃ​ភាគ​ហ៊ុន​ថយ​ចុះ

តម្លៃ​ជួញ​ដូរ​ហ៊ុន​នៅ​ក្នុង​ផ្សារ​មូលបត្រ នៅ​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១២ មាន​តម្លៃ​៦.៣០០​រៀល​ក្នុង​មួយ​ហ៊ុន ដែល​តម្លៃ​នេះ​បាន​ធ្លាក់​ចុះ​ម្ដង​បន្តិចៗ គិត​ចាប់​ពី​ដើម​ខែ​កញ្ញា មក។
ដោយ អាន ស៊ីថាវ
2012-09-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផ្សារ​មូលបត្រ​កម្ពុជា ១៨​កញ្ញា​២០១២ ៣០៥
តារាង​តម្លៃ​ហ៊ុន នៅ​ផ្សារ​មូលបត្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១២។
CSX Screenshot

អ្នក​តាម​ដាន​ទីផ្សារ​ភាគ​ហ៊ុន​ថា​មូលហេតុ​នេះ គឺ​ដោយ​សារ​តែ​ក្រុមហ៊ុន​ដែល​បោះ​ផ្សាយ​លក់​ហ៊ុន មាន​ចំនួន​តែ​មួយ​នៅ​លើ​ផ្សារ​មូលបត្រ រួម​ទាំង​សកម្មភាព​ផ្សព្វផ្សាយ ក៏​នៅ​មាន​តិច​តួច​នៅ​ឡើយ។

យោង​តាម​គេហទំព័រ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា ទំហំ​ជួញ​ដូរ​ភាគ​ហ៊ុន​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១២ ត្រូវ​បាន​ប៉ាន់ស្មាន​ទំហំ​ជួញ​ដូរ​ជាង​១ម៉ឺន​១​ពាន់​ហ៊ុន ដែល​មាន​តម្លៃ​ជាង​៧១​លាន​រៀល ដែល​ទំហំ​កើន​ឡើង​ជាង​ថ្ងៃ​ទី​១៧ កញ្ញា មាន​ជាង​៥ពាន់​ហ៊ុន និង​មាន​តម្លៃ​ជាង​៣១​លាន​រៀល។

យ៉ាង​ណា​ក៏ដោយ គិត​ចាប់​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១២ តម្លៃ​ហ៊ុន​បាន​ថយ​ចុះ។ តម្លៃ​ជួញ​ដូរ​មួយ​ហ៊ុន មាន​តម្លៃ​ចន្លោះ​ពី​៦.៣០០​រៀល ទៅ​៦.៣៥០​រៀល ហើយ​ទំហំ​ចំនួន​ហ៊ុន​ត្រូវ​បាន​គេ​ជួញ​ដូរ​មាន​ចន្លោះ​ពី​៣.០០០​ទៅ​២៤.០០០​ហ៊ុន​រៀង​រាល់​ថ្ងៃ និង​មាន​តម្លៃ​ជួញ​ដូរ​ចន្លោះ​ពី​១៨​លាន​រៀល ទៅ​១៥០​លាន​រៀល។

មូលហេតុ​ដែល​តម្លៃ​ហ៊ុន​ធ្លាក់​ចុះ​នេះ អ្នក​វិភាគ​នានា​យល់​ឃើញ​ថា ក្រៅ​ពី​កត្តា​មិន​យល់​ដឹង​អំពី​ការ​ជួញ​ដូរ​ហ៊ុន​ទាំង​នោះ ក៏​មាន​ការ​ផ្សព្វផ្សាយ​ជួញ​ដូរ​ដល់​សាធារណជន និង​សកម្មភាព ឬ​ផែនការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​បោះ​ផ្សាយ​លក់​មូលបត្រ ក៏​នៅ​មាន​កម្រិត​នៅ​ឡើយ នៅ​ក្នុង​ទីផ្សារ។

លោក​សាស្ត្រាចារ្យ សាត ដារា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ថា ក្រុមហ៊ុន​ដែល​បោះ​ផ្សាយ​លក់​ហ៊ុន​នៅ​ក្នុង​ទីផ្សារ​មូលបត្រ ត្រូវ​បង្ហាញ​អំពី​សកម្មភាព​ឲ្យ​ខ្លាំង ដែល​កត្តា​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​ជួញ​ដូរ​ហ៊ុន ប៉ុន្តែ​បច្ចុប្បន្ន តម្លៃ​ជួញ​ដូរ​បាន​ថយ​ចុះ​ម្ដង​បន្តិចៗ។ លោក​មាន​ប្រសាសន៍​បន្ថែម​ថា ចំនួន​ក្រុមហ៊ុន​លក់​ហ៊ុន គឺ​មាន​តែ​មួយ​ប៉ុណ្ណោះ នៅ​ក្នុង​ផ្សារ​មូលបត្រ។

លោក​សាស្ត្រាចារ្យ សាត ដារា៖ «នៅ​ពេល​ដែល​អត់​មាន​រំញោច​ស្មារតី​ដល់​គាត់ គាត់​យល់​ថា​អត់​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ហើយ​ពេល​ខ្លះ គាត់​រវល់​ការ​ងារ​របស់​គាត់​ផង ហើយ​បរិមាណ​សាច់​ប្រាក់​នៅ​ក្នុង​ការ​បណ្ដាក់​ទុន​នៅ​ក្នុង​ទីផ្សារ​ភាគ​ហ៊ុន​ហ្នឹង​វា​តូច បើ​គិត​ផល​ប្រយោជន៍​នៃ​ការ​ចំណេញ។ អ៊ីចឹង​ទៅ វា​ខាត​ពេល​វេលា​គាត់​ក្នុង​ការ​ទៅ​មើល​ទីផ្សារ​ភាគ​ហ៊ុន ដោយ​សារ​តែ​យើង​មាន​តែ​ភាគ​ហ៊ុន​តែ​មួយ គឺ​រដ្ឋាករទឹក។ អ៊ីចឹង គាត់​អត់​ដឹង​ថា​ត្រូវ​ជួញ​ដូរ​អី ព្រោះ​រដ្ឋាករទឹក​អត់​ទាន់​សកម្មភាព​អ្វី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ខែ​ទៅ​មួយ​ខែ»

បញ្ជាក់​បន្ថែម​ពី​បញ្ហា​នេះ ប្រធាន​ក្រុម​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​មូលបត្រ​ភ្នំពេញ លោក គុយ វ៉ាត មាន​ប្រសាសន៍​ថា ការ​ធ្លាក់​តម្លៃ​ហ៊ុន​កន្លង​មក គឺ​ដោយ​សារ​តែ​ទីផ្សារ​មូលបត្រ​ជា​ទីផ្សារ​មួយ​ថ្មី ដែល​ធ្វើ​ឲ្យ​អ្នក​ជួញ​ដូរ​មិន​មាន​ច្រើន​នៅ​ក្នុង​ទីផ្សារ។ លោក​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​មាន​តែ​មួយ​ក៏​ជា​ហេតុផល​ផង​ដែរ មាន​ន័យ​ថា នៅ​ក្នុង​ផ្សារ​មូលបត្រ មាន​ផលិតផល​មិន​សម្បូរ​បែប​សម្រាប់​អ្នក​ជួញ​ដូរ។

លោក គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​មូលបត្រ​កម្ពុជា ក្នុង​ពិធី​ប្រកាស​បើក​ជា​ផ្លូវ​ការ "ការ​ជួញ​ដូរ​មូលបត្រ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា" រាជធានី​ភ្នំពេញ ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ ដោយ​សង្ឃឹម​ថា ការ​អភិវឌ្ឍ​វិស័យ​មូលបត្រ គឺ​ជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ដោយ​សារ​តែ​វិស័យ​នេះ​ផ្ដល់​ជម្រើស​សម្រាប់​ក្រុមហ៊ុន រដ្ឋ និង​ឯកជន ក្នុង​ការ​បង្កើន​ទុន​វិនិយោគ ដើម្បី​ពង្រីក​សមត្ថភាព​ផលិតកម្ម និង​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​ជាតិ និង​អន្តរជាតិ។

ការ​វិនិយោគ​លើ​វិស័យ​មូលប័ត្រ ជា​ប្រភព​ចំណូល​មួយ​សម្រាប់​វិនិយោគិន​ផង​ដែរ ពោល​គឺ​វិនិយោគិន​ទទួល​បាន​ការ​បែង​ចែក​ផ្លែ​ផ្កា តាម​រយៈ​ការ​ទទួល​បាន​ភាគលាភ ដែល​ជា​ចំណែក​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​បោះ​ផ្សាយ​លក់​មូលបត្រ។ ម្យ៉ាង​វិញ​ទៀត ទីផ្សារ​មូលបត្រ ជា​ច្រក​ចូល​មួយ​យ៉ាង​សំខាន់ សម្រាប់​វិនិយោគិន​បរទេស ដែល​នឹង​ចូល​រួម​ចំណែក​នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា ដោយ​ទិញ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​បោះ​ផ្សាយ​លក់​មូលបត្រ​ទាំង​នោះ។

ប៉ុន្តែ​បញ្ហា​នេះ អ្នក​វិភាគ​នានា​យល់​ឃើញ​ថា អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវ​ចុះ​បញ្ជី​ក្រុមហ៊ុន​បោះ​ផ្សាយ​ឲ្យ​បាន​ច្រើន​ទៀត ដើម្បី​សម្រេច​បាន​គោលដៅ​ខាង​លើ និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុន​ផ្សារ​មូលបត្រ នឹង​បោះ​ផ្សាយ​ជួញ​ដូរ​ហ៊ុន​របស់​សហគ្រាស​រដ្ឋ​ចំនួន​ពីរ​បន្ថែម​ទៀត គឺ​ទូរគមនាគមន៍​កម្ពុជា និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Lee Theang chek

ពី Phnom Penh

តើឯណាទៅតម្លាភាពខាងរបាយការណ៍ហិរញ្ញវត្ថុ។ តើស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋករទឹកបានបង្ហាញជូនអតិថិជនទេស្វែងយល់ទេ? បើចំណេញ ១០០ដុល្លា ថាចំណេញ ២០ដុល្លាទៅវិញ។ តើមានរបាយការណ៍សវនកម្មទៅប្រតិបត្តិការរបស់រដ្ឋការទឹកប៉ុន្មានដងហើយ? ហ៊ុនឡើងចុះវាស្ថិតនៅលើស្ថានភាពហិរញ្ញវត្ថុ និងរបាយការណ៍ប្រាក់ចំណេញខាតរបស់ក្រុមហ៊ុន គឺវាអាចឆ្លុះបញ្ចាំងនូវភាគលាភរបស់ហ៊ុនអាទិភាព និងរបស់ហ៊ុនធម្មតា​ បើប្រាក់ចំណេញកើននោះតម្លៃភាគ​ហ៊ុនអាចមានខ្ពស់នៅលើទីផ្សារហ៊ុន។

Sep 19, 2012 11:42 PM

ខ្មែរត្រូវតែជួយខ្មែរ!

I think because of the political factor, Government Family Business.

Sep 19, 2012 09:37 AM

Eagle Master

ពី Pa(USA)

You needs skill befor playing this game,if you don't,play TohngTihn better.

Sep 18, 2012 06:57 PM

Khmer

ពី Lowell, MA

no body trust cambodian laws so no body want do business with cambodian goverment.

Sep 18, 2012 12:37 PM