កត្តាទាំងនោះ ធ្វើឲ្យប្រជាជនទាំងអស់ស្វែងរកឱកាសការងារផ្សេងក្រៅពីកសិកម្ម សម្រាប់ចិញ្ចឹមជីវិត ដូចជាការងារសំណង់ នៅតាមរោងចក្រកាត់ដេរជាច្រើន និងខេត្តដែលជាប់ព្រំដែន ពួកគេចំណាកស្រុកទៅរកការងារនៅប្រទេសផ្សេង ភាគច្រើនដោយខុសច្បាប់។
អ្នកវិភាគសេដ្ឋកិច្ច លោក លឹម សុវណ្ណារា មានប្រសាសន៍ថា កត្តាដែលធ្វើឲ្យប្រជាជនធ្វើការចំណាកស្រុក គឺទាក់ទងនឹងកត្តាពីរសំខាន់ គឺកត្តាជំរុញពីជនបទ និងកត្តាទាក់ទាញពីតំបន់ទីប្រជុំជន ឬតំបន់ទីក្រុង ដោយលោកបញ្ជាក់ថា កត្តាជំរុញពីជនបទទាំងនោះមានដូចជា ភាពក្រីក្រ ភាពគ្មានដីរបស់គ្រួសារនៅជនបទ ការថយចុះធនធានធម្មជាតិ ការជំពាក់បំណុលគេ និងកត្តាសំខាន់មួយទៀត គឺការខ្វះការងារច្រើននៅជនបទ។
លោក លឹម សុវណ្ណារា៖ «កន្លងមកគាត់មានព្រៃ មានបឹង មានស្រះ គាត់អាចរកត្រី រកវល្លិ រកផ្ដៅ តែធនធានធម្មជាតិរួមហ្នឹង គឺមានការបាត់បង់ច្រើន។ កត្តាសំខាន់ គឺទាក់ទងទៅនឹងការខ្វះការងារធ្វើពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំចង់និយាយថា ជាទូទៅ បើគាត់ធ្វើស្រែ ធ្វើចម្ការ គាត់អត់មានការងារពេញមួយឆ្នាំទេ គឺរយៈពេលបីខែ ប្រាំមួយខែ ទៀត គឺគាត់ទំនេរ។ កត្តារុញមួយទៀតដែលយើងគិតថាសំខាន់ដែរ គឺគ្រួសារមួយចំនួនជំពាក់បំណុលគេ»។
លោក លឹម សុវណ្ណារា បញ្ជាក់ថាកត្តាជំរុញនេះ គឺជាមូលហេតុចម្បងធ្វើឲ្យប្រជាជនធ្វើការចំណាកស្រុក ដោយប្រជាជននៅជនបទដែលរងគ្រោះនោះ ជឿជាក់ថា ការធ្វើចំណាកស្រុកនោះ នឹងទទួលបានការងារដើម្បីចិញ្ចឹមជីវិតបានប្រសើរ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែកង្វះការងារនៅប្រទេសកម្ពុជា រដ្ឋាភិបាលបានជំរុញឲ្យប្រជាជនស្វែងរកការងារផ្សេងនៅប្រទេសដទៃ ដូចជា ប្រទេសថៃ ម៉ាឡេស៊ី ជាដើម ទន្ទឹមនឹងការធ្វើការចំណាកស្រុកនោះ រដ្ឋាភិបាលនឹងជួយលើកកម្ពស់ថវិកាជាតិផងដែរ។
យោងតាមអនុក្រឹត្យ ស្ដីពីការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចនៅខែកក្កដា ១៩៩៥ បានឲ្យដឹងថា ដើម្បីដោះស្រាយជីវភាព និងបង្កើនមុខជំនាញវិជ្ជាជីវៈ រាជរដ្ឋាភិបាលអនុញ្ញាតឲ្យបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេស នៅពេលដែលទីផ្សារការងារក្នុងប្រទេសមិនទាន់មានលទ្ធភាពទទួលយកអ្នកគ្មានការងារធ្វើ និងអ្នកដែលមានការងារមិនពេញលេញបានទាំងអស់ និងរកចំណូលចូលថវិកាជាតិ។
អ្នកវិភាគសង្គម លោក កែម ឡី មានប្រសាសន៍ថា ភាគច្រើនមនុស្សដែលនៅតំបន់ដាច់ស្រយាល ដូចជា នៅតំបន់ក្បែរព្រំដែន គឺគេតែងតែធ្វើចំណាកស្រុកដោយខុសច្បាប់ ដោយសារតែមានភាពងាយស្រួលជាងធ្វើការដោយស្របច្បាប់ ដោយលោកបញ្ជាក់ថា ការធ្វើចំណាកស្រុកដោយស្របច្បាប់ គឺមានការចំណាយខ្ពស់ទាក់ទងនឹងរដ្ឋបាល និងលិខិតឆ្លងដែនជាដើម។
លោក កែម ឡី៖ «ឧទាហរណ៍ថា ធ្វើលិខិតឆ្លងដែន គឺគាត់ចំណាយ ១០០ដុល្លារជាង ការធ្វើដំណើរ ការរង់ចាំ និងគាត់អត់មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ច្រើន គាត់ត្រឡប់ទៅធ្វើវិញ ដល់អញ្ចឹងវាយូរ ហើយមួយទៀត យើងអត់ទាន់សម្រួលបាន ទាក់ទងនឹងវីសា (VISA) ហ្នឹងទៀតសោត បើសិនជាយើងទៅមានលិខិតឆ្លងដែនក្ដី ប៉ុន្តែក្នុងរយៈកាលកំណត់ពីរបីខែ»។
លោក មានប្រសាសន៍បន្ថែមថា ជាង ៩០%នៃប្រជាជនដែលនៅតាមព្រំដែន គឺតែងតែធ្វើចំណាកស្រុកដោយខុសច្បាប់ ទៅក្រៅប្រទេស ហើយប្រជាជននៅតាមព្រំដែនទាំងនោះ គឺមិនចាប់អារម្មណ៍នឹងការបំពេញបែបបទធ្វើលិខិតឆ្លងដែនដោយស្របច្បាប់។
របាយការណ៍របស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា ទេសន្តរប្រវេសន៍មិនស្របច្បាប់ពីកម្ពុជា ឆ្នាំ២០១១ បានឲ្យដឹងថា ក្រុមស្រាវជ្រាវបានវែកញែកថា បញ្ហាផ្នែកស្ថាប័ន ជាមូលហេតុសំខាន់មួយនៃលំហូរយ៉ាងច្រើនសន្ធឹកសន្ធាប់នៃអ្នកចំណាកស្រុកពីកម្ពុជាមិនស្របច្បាប់ ជាពិសេសទៅប្រទេសថៃ។ របាយការណ៍ដដែលបានបង្ហាញទៀតថា ភាពមិនស៊ីគ្នារវាងតម្រូវការពលកម្ម និងការផ្គត់ផ្គង់ បានជំរុញនិយោជកឲ្យជ្រើសរើសពលករពីប្រទេសឯទៀត និងបន្ទាប់មកទីផ្សារងងឹតក៏បង្កើតបណ្ដាញផ្ដល់ពលករ ដើម្បីទទួលបានកម្រៃ។ វិធីនេះបានអនុវត្តយូរឆ្នាំ ដោយសារមួយចំណែក មកពីភាពស្ពឹកស្រពន់ក្នុងការពង្រឹងអនុវត្តច្បាប់លើនិយោជក ដែលជួលពួកពលករមិនស្របច្បាប់។
បញ្ហានេះ ត្រូវលោក កែម ឡី បញ្ជាក់ថា នៅពេលដែលប្រទេសអាស៊ានទាំង១០ និងធ្វើសមាហរណកម្មនៅឆ្នាំ២០១៥ ខាងមុខ កម្ពុជាត្រូវផ្ទេរសិទ្ធអំណាច ដែលបញ្ជាក់អំពីការធ្វើចំណាកស្រុកដោយស្របច្បាប់ គឺអាចជួយលើកកម្ពស់អ្នកចំណាកស្រុក និងជួយលើកកម្ពស់ចំណូលថវិកាជាតិ និងជីវភាពរបស់ប្រជាជនកម្ពុជា។
របាយការណ៍របស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍកម្ពុជា ការធ្វើចំណាកស្រុកពីកម្ពុជាឆ្នាំ២០១១ បានឲ្យដឹងថា គ្រួសារដែលធ្វើចំណាកស្រុក គឺដើម្បីគេចពីសម្ពាធសេដ្ឋកិច្ច ដោយស្វែងរកការងារមានប្រាក់ឈ្នួលនៅកន្លែងសម្បូរឱកាសការងារ ឬនៅកន្លែងសម្បូរចំណូលច្រើន។ ការធ្វើចំណាកស្រុកពីជនបទទៅទីក្រុង គឺជាជម្រើសមួយ ប៉ុន្តែការងារមានតែក្នុងវិស័យប្រើជំនាញទាប និងពលកម្មច្រើន ដូចជាខាងសំណង់ និងរោងចក្រកាត់ដេរ រីឯខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សំខាន់ គេត្រូវការភាគច្រើនតែកម្មករជំនាញខាងផ្នែកទទួលភ្ញៀវ។
របាយការណ៍ដដែលបានបង្ហាញទៀតថា សម្រាប់ការធ្វើចំណាកស្រុកឆ្លងព្រំដែនទីដៅជិតបំផុត គឺប្រទេសថៃ ដែលមានបណ្ដាញស្រាប់ និងតម្រូវការមានជំនាញទាបកំពុងទាក់ទាញប្រជាជនកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើចំណាកស្រុកដោយស្របច្បាប់ទៅក្រៅប្រទេស ជាពិសេសប្រទេសថៃ ប្រជាជនម្នាក់ត្រូវចំណាយថវិកាយ៉ាងហោចណាស់ ៧០០ដុល្លារអាមេរិក និងការធ្វើចំណាកស្រុកដោយខុសច្បាប់វិញ គឺចំណាយតែ ១០០ដុល្លារអាមេរិកប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។