ដោយសារមានករណីដូច្នេះ ទើបចាស់បុរាណលោកបានកត់សម្គាល់នូវប្រភេទចរិត ឬផ្នត់គំនិតមនុស្សមួយចំនួន ដែលពួកគេតែងតែប្រព្រឹត្តឡើងដើម្បីតែបុគ្គលខ្លួនឯង និងបក្ខពួក។ ប៉ុន្តែវាបានធ្វើឲ្យប៉ះទង្គិចដល់ផ្លូវចិត្ត ឬផលប្រយោជន៍ សេចក្ដីសុខរបស់អ្នកដទៃ ជាពិសេសប៉ះទង្គិចដល់ការអភិវឌ្ឍ និងភាពសុខសាន្តក្នុងសង្គមទាំងមូល។ នៅក្នុងចំណោមផ្នត់គំនិតមនុស្សទាំងនោះ មានពាក្យចាស់បុរាណមួយលោកឧស្សាហ៍ពោលឡើងថា «បានបន្តិចក៏ប៉ិចឡើង»។
តើពាក្យនេះមានអត្ថន័យយ៉ាងណាខ្លះ.?
ចាស់បុរាណជាច្រើនជំនាន់មកហើយតែងតែប្រៀនប្រដៅកូនចៅជាញឹកញាប់ថា៖ «កុំឲ្យបានបន្តិចក៏ប៉ិចឡើង»។ ពាក្យនេះ អាចមានន័យធៀប និងន័យត្រង់ ឬន័យវិជ្ជមាន និងអវិជ្ជមាន។
អ្នកវិភាគឯករាជ្យ អ្នកស្រី ជា វណ្ណាត មានប្រសាសន៍ថា ន័យត្រង់នៃឃ្លា «បានបន្តិចក៏ប៉ិចឡើង» នេះ គឺចង់សំដៅទៅលើអ្នករកស៊ី ដែលទទួលការឧបត្ថម្ភជាដើមទុនតិចតួចពីភាគីខាងណាមួយ ហើយក្រោយមកក៏រកស៊ីបានកាក់កបដុះឡើងក្លាយជាអ្នកមានទ្រព្យធនច្រើន៖ «បានបន្តិចប៉ិច បានន័យថា គេមានគំនិតច្នៃប្រឌិតដោយគ្រាន់តែមានគេជួយតែបន្តិចមកអ្នកនោះឯងបែកគំនិតរកស៊ីខ្លួនឯងតែម្ដង អាហ្នឹងគឺយើងអាចយកពាក្យនេះមកប្រើបាន។ ម៉្លោះហើយពាក្យនេះមានន័យទាំងពីរ ទាំងវិជ្ជមាន និងអវិជ្ជមាន»។
ន័យអវិជ្ជមាន ឬក៏ន័យធៀបវិញ អ្នកស្រីបញ្ជាក់ថា មិនចំពោះតែអ្នករកស៊ីទេ អ្នកធ្វើការងារផ្សេងៗនៅស្ថាប័នរដ្ឋ ឬឯកជននានាក៏មានជាប់ពាក់ព័ន្ធដែរ។
ដូចជាគេចង់សំដៅទៅលើអ្នករកស៊ីដែលធ្លាប់តែអត់ ពេលបានទ្រព្យធនស្ដុកស្ដម្ភហើយ មិនបានប្រើប្រាស់ទ្រព្យធននោះ ដើម្បីសេចក្ដីសុខខ្លួនឯងផង និងអ្នកដទៃផងនោះទេ ផ្ទុយទៅវិញបានយកអំណាចនៃទ្រព្យធននោះទៅបំផ្លាញសេចក្ដីសុខអ្នកដទៃ និងបង្កឲ្យមានភាពវឹកវរ បង្កឲ្យមានទំនាស់កាន់តែច្រើនឡើងនៅក្នុងសង្គម។
ចំណែកអ្នកធ្វើការងារផ្សេងៗ នៅស្ថាប័នរដ្ឋ ឬឯកជននានាក៏ដូច្នេះដែរ។ ពេលដែលមានការតែងតាំងឲ្យមានតួនាទី ឬអំណាចតិចដើម្បីសម្រួលដល់ដំណើរការងារឲ្យបានឆាប់រហ័ស និងរីកចម្រើន បុគ្គលនោះបានឆ្លៀតឱកាសប្រើប្រាស់តួនាទីហួសព្រំដែនកំណត់ ហើយផ្ដើមមានភាពអាត្មានិយម លែងគិតពីសេចក្ដីសុខ ឬប្រយោជន៍អ្នកដទៃ ហើយគិតតែពីរឿងការពារ និងពង្រីកអំណាចរបស់ខ្លួនឯងជាធំ។
អ្នកស្រី ជា វណ្ណាត៖ «ពាក្យហ្នឹងបានន័យថា សម័យឥឡូវកូនសិស្សបានប្រឡងជាប់ចាប់ផ្ដើមក្អេងក្អាង ធ្វើឫកដូចជាខ្លួនឯងចេះជាងគេចេះជាងឯង ឬមួយធ្វើការហ្នឹងត្រូវបានគេលើកឡើងជានាយការិយាល័យ ឧទាហរណ៍ អ្នកហ្នឹងឯងទៅជាក្អេងក្អាង លើសគេលើសឯង តាំងខ្លួនហ្នឹងជាអ្នកចេះដឹងច្រើនជាងគេ អាហ្នឹងជាពាក្យឆ្លុះបញ្ចាំងអ៊ីចឹង»។
ចំណែកលោកអាចារ្យ មាស លី នៅខេត្តកំពង់ចាម វិញ បានឲ្យដឹងដែរអំពីពាក្យថា «បានបន្តិចក៏ប៉ិចឡើង» នេះ គឺពាក្យពីបរមបុរាណដែលឆ្លុះបញ្ចាំងសេចក្ដីដឹងពិត ឃើញពិតនៃចរិតមនុស្សក្នុងសង្គម ហើយបានកត់ចំណាំតគ្នាមក។
បានបន្តិចក៏ប៉ិចឡើង ជាការឆ្លុះបញ្ចាំងពីមនុស្សដែលឆាប់ភ្លេចកំណើតខ្លួនឯងដែលធ្លាប់ក្រលំបាក គ្មានយស គ្មានសក្ដិ ដល់ពេលបានឱកាសចាកផុតពីទីថោកទាប មានយសស័ក្ដិតិចតួច ចាប់ផ្ដើមចំកោងអួតខ្លួនខុសទំនងថា ខ្លួនឯងពុំមានអ្នកណាល្អដូច ពូកែដូច។ បុគ្គលរបៀបនេះ បុរាណពោលថា កុំឲ្យសេពគប់ កុំយកគំរូតាម ព្រោះជាបុគ្គលពុំមានសេរីសួស្ដី ច្រើនតែឲ្យទោសដល់អ្នកដទៃ ហើយច្រើនតែគេស្អប់ខ្ពើម រិះគន់មិនស្វាង ហើយមិនឲ្យតម្លៃជាមនុស្សឧត្តមក្នុងសង្គមយូរអង្វែងឡើយ។
លោកអាចារ្យ មាស លី៖ «ជាបុគ្គលពាល់ហើយបានបន្តិចក៏ប៉ិចឡើង បំភ្លេចសារជាតិខ្លួនឯង។ នែ! បុរាណលោកថា អ៊ីចេះទៀតថា «ត្រគក់នាងនួន»។ កាលពីដើមឡើយស្ត្រីម្នាក់ធ្លាប់តែលក់ត្រកួនលក់អីនៅផ្សារមួយ ដល់ពេលបានទៅធ្វើធំ មានងារជាជំទាវអីទៅ ដល់ពេលដើរផ្សារឃើញត្រកួនក៏សួរគេថា ស្អីគេទងៗហ្នឹង? យាយចាស់ម្នាក់គាត់ឆ្លើយថា ហ្នឹងហើយត្រគក់នាងនួន (ត្រកួននាងលក់) ហ្នឹងហៅថា បានតិចក៏ប៉ិចឡើងដែរ»។
លោកអាចារ្យ មាស លី បន្តថា មនុស្សដែលគេហៅថា បានតិចក៏ប៉ិចឡើងនេះ ជាប្រភេទបុគ្គលដែលងើបចេញពីទីងងឹតទៅងងឹត ពីទីងងឹតទៅភ្លឺ និងពីភ្លឺទៅភ្លឺ ប៉ុន្តែមិនបានកែប្រែអ្វីថ្មីទាំងអស់។
បុគ្គលដែលបានបន្តិចក៏ប៉ិចឡើងនេះ មិនអាចក្លាយជាអច្ឆរិយបុគ្គល អាចដឹកនាំសង្គមធំឲ្យរីកចំរើនរុងរឿងបានទេ ព្រោះបុគ្គលនោះពុំមានការអប់រំឲ្យបានជ្រៅជ្រះត្រឹមត្រូវ ច្បាស់លាស់ មិនស្គាល់ពីតម្លៃខ្លួនឯង និងតម្លៃរបស់អ្នកដទៃ៖ «បុគ្គលហ្នឹងបើដឹកនាំខ្ពស់ក៏អត់តម្លៃដែរ បុរាណថា តេជះកន្លះកញ្ជើជិតលើប្រហោងឯក្រោម ដូច្នេះគុណធម៌ខាងលើគ្មានទេ បានបុណ្យសក្ដិដោយសារតែគេឲ្យប្រៀបដូចជាគេខ្ចីដៃប្រើ ជាអ្នកល្ងង់ខ្លៅ ជាអ្នកវង្វេង គេឲ្យយាមទ្រព្យសម្បត្តិគេឲ្យដឹកនាំរឿង ហ្នឹងបុរាណថា បានតិចក៏ប៉ិចឡើង»។
លោកថា មនុស្សប្រភេទនេះកើតមាននៅស្ទើរគ្រប់ជំនាន់នៃសង្គមមនុស្ស ហើយបុគ្គលខ្លះបានប្រកាន់យករបៀបនេះជាវប្បធម៌សម្រាប់បក្ខ ឬក្រុមរបស់ពួកគេសម្រាប់ឆ្លៀតឱកាសដើម្បីទទួលបានអំណាចការពារផលប្រយោជន៍របស់ក្រុមគ្រួសារបក្ខពួកខ្លួនឲ្យបានយូរអង្វែង។
អ្នកសិក្សាស្រាវជ្រាវលើការអភិវឌ្ឍសង្គម លោក កែម ឡី បានអត្ថាធិប្បាយលើបញ្ហានេះដែរថា ទាំងនេះកើតឡើងដោយសារសង្គមបានឲ្យតម្លៃខ្លាំងពេកទៅលើអំណាច បុណ្យសក្ដិ ហើយមនុស្សចង់បានវាធ្វើជាខែលការពារមុខរបររកស៊ីរបស់ខ្លួន ដូច្នេះក៏ចេះតែប្រឹងតាំងខ្លួនឯងជាអ្នកចេះដឹង ជាអ្នកធំ ដើម្បីបង្អួតអ្នកផងទាំងពួង។
លោក កែម ឡី៖ «កាលណាយើងឲ្យតម្លៃពេកទៅនាំឲ្យមនុស្សយកកេរ្តិ៍ឈ្មោះ យកមុខតំណែងអីហ្នឹងទៅរកស៊ីកេងប្រវ័ញ្ចប្រជាពលរដ្ឋ ទៅប្រព្រឹត្តមិនល្អក្នុងសង្គម»។
សព្វថ្ងៃគេឃើញអ្នកធ្វើការក្នុងសង្គម មានឋានៈតូចតាចទេ ប៉ុន្តែដល់ពេលបាននៅជិតអ្នកដែលមានបុណ្យសក្តិ ច្រើនអួតអាងថា ខ្លួនឯងហ្នឹងមានឋានៈជាឯកឧត្ដម ឬធ្វើការជាតំណាងអ្នកធំណាម្នាក់ដោយអ្នកធំនោះគេមិនដឹងខ្លួនផង។
លោកបន្តថា ផ្ដើមចេញពីផ្នត់គំនិត «បានបន្តិចក៏ប៉ិចឡើង» នេះដែរ បានជំរុញឲ្យអ្នកខ្លះបំភ្លេចវង្សត្រកូលខ្លួនឯងចោលក៏មាន ដោយវង្សត្រកូលខ្លួនមិនធ្លាប់ល្បីល្បាញ ឬមានមុខមាត់ដែលគេទទួលស្គាល់ក្នុងសង្គម៖ «នៅតាមអង្គការមួយចំនួនមានបុគ្គលិកខ្លះចូលមកអួតអាងថា ខ្លួនចេះច្រើនមានជំនាញច្រើន ពេលចុងក្រោយ ចង់ចេះអីអ្នកមុនគេមិនហ៊ានប្រាប់ទេ នៅក្នុងស្ថាប័នរដ្ឋក៏មានបញ្ហានេះដែរ»។
ចាស់ទុំ និងអ្នកសិក្សាបញ្ហាសង្គម បានបង្ហាញថា បើសិនអ្នកដឹកនាំសង្គមនៅមានផ្នត់គំនិតបែបនេះ ឬនៅតែទុកឲ្យមានមនុស្សច្រើនក្នុងសង្គមប្រកាន់យកផ្នត់គំនិត «បានបន្តិចក៏ប៉ិចឡើង» នេះនឹងមានការរើសអើងក្នុងសង្គម ហើយសង្គមនឹងមិនមានការអភិវឌ្ឍទៅបានឡើយ។
ការបញ្ជ្រាបចំណេះដឹងស្ដីពីសីលធម៌សង្គម និងវិជ្ជាសង្គមនានា ទៅក្នុងប្រពន្ធសិក្សាអប់រំដែលមានគុណភាពល្អជាចំណែកដ៏សំខាន់មួយដើម្បីឈានទៅលប់បំបាត់នូវផ្នត់គំនិត «បានបន្តិចក៏ប៉ិចឡើង» នេះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។