អង្គការដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិការងារទាំងពីរនេះ បានរកឃើញថា ក្រៅពីបានជួយជំរុញកែលំអលក្ខខណ្ឌការងារនៅក្នុងវិស័យកាត់ដេរនៅកម្ពុជា គម្រោងរោងចក្រកាត់ដេរកាន់តែប្រសើរនៅកម្ពុជា នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវកែលំអ ដើម្បីធានាបាននូវលក្ខខណ្ឌការងារល្អ សម្រាប់វិស័យកាត់ដេរនៅកម្ពុជា ពោលគឺធ្វើអោយកម្មករកម្ពុជាអាចរស់នៅបានក្នុងជីវភាពសមរម្យ។
បណ្ដាញយុទ្ធនាការសំលៀកបំពាក់ស្អាតស្អំ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ជំរុញអោយគម្រោងរោងចក្រកាត់ដេរកាន់តែប្រសើរនៅកម្ពុជា បង្ហាញតម្លាភាពក្នុងការបំពេញការងារ និងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនអោយបានពេញលេញ ដើម្បីដាក់កំហិតអោយភាគីនិយោជកជាម្ចាស់រោងចក្រ សហគ្រាសនៅកម្ពុជា គោរពសិទ្ធិកម្មករអោយបានពេញលេញ។
របាយការណ៍កម្រាស់៣៨ទំព័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ គម្រោងនេះគឺជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីអោយមានការអនុវត្តច្បាប់ ដែលជួយទៅដល់និយោជក កម្មករ និងអ្នកបញ្ជាទិញ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ។ របាយការណ៍ដដែលបានអោយដឹងទៀតថា ចំណុចខ្វះខាតក្នុងការបំពេញការងាររបស់គម្រោងនេះ គឺបញ្ហាតម្លាភាពក្នុងការបង្ហាញរបាយការណ៍អង្កេតរោងចក្រ និងភាពស្ទាក់ស្ទើរក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីដាក់ចំណាត់ថ្នាក់រោងចក្រដែលមានស្ថានភាពប្រសើរ ឬអាក្រក់ និងការដាក់សម្ពាធអោយបណ្ដារោងចក្រដែលអនុវត្តមិនទាន់ល្អ អោយមានការកែប្រែ។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍នៅថ្ងៃទី១ កញ្ញា ថា ចំណុចខ្វះខាតនោះ បានធ្វើអោយបញ្ហាជាច្រើនក្នុងវិស័យកាត់ដេរនៅតែពុំទាន់អាចដោះស្រាយបាន ក្នុងនោះរួមមានប្រាក់ខែគោលទាប ការរំលោភសិទ្ធិកម្មករតាមគ្រប់រូបភាព កិច្ចសន្យារយៈពេលខ្លី និងការបន្តដួលសន្លប់ជាដើម។
លោក មឿន តុលា បានអោយដឹងទៀតថា ការវាយតម្លៃពីការបំពេញការងាររបស់អង្គការលោក និងបណ្ដាញយុទ្ធនាការសំលៀកបំពាក់ស្អាតស្អំ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកប្រើប្រាស់ផលិតផលពីវិស័យកាត់ដេរកម្ពុជា នៅក្នុងសហគមន៍អឺរ៉ុប ចង់អោយមានការពន្យល់ពីការងាររបស់គម្រោងរោងចក្រកាត់ដេរនៅកម្ពុជា នៅពេលដែលគម្រោងនេះបានអះអាងពីភាពជោគជ័យការងាររយៈពេល១០ឆ្នាំ ចំណែកក្រុមកម្មករ និងសហជីពនៅតែអះអាងពីការរំលោភសិទ្ធិកម្មករ និងជីវភាពរស់នៅមិនសមរម្យ។
មន្ត្រីនៃគម្រោងរោងចក្រកាត់ដេរកាន់តែប្រសើរ នៃអង្គការពលកម្មអន្តរជាតិ លោក ប៊ុន យីង មានប្រសាសន៍ដោយទទួលស្គាល់ថា គម្រោងពិតជាមានចំណុចខ្វះខាត ដូចដែលមានការលើកឡើងក្នុងរបាយការណ៍ ប៉ុន្តែកន្លងមក គម្រោងក៏បានសហការល្អជាមួយអ្នកបញ្ជាទិញ ក្នុងការដាក់សម្ពាធទៅលើរោងចក្រមួយចំនួន អោយមានការផ្លាស់ប្ដូរ។ លោក ប៊ុន យីង បន្តថា ពេលនេះ គម្រោងកំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ គឺអ្នកបញ្ជាទិញ និងនិយោជក ដើម្បីរិះរកមធ្យោបាយអោយគម្រោងបានបំពេញការងារអោយកាន់តែប្រសើរ។
គម្រោងរោងចក្រកាត់ដេរនៅកម្ពុជា នៃអង្គការពលកម្មអន្តរជាតិ ILO ត្រូវបានបង្កើតនៅក្នុងឆ្នាំ ២០០១ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០១៣ ខាងមុខ។ នេះគឺជាគម្រោងដែលមានការចូលរួមពីបីភាគី គឺរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារអន្តរក្រសួង និយោជក និងអ្នកបញ្ជាទិញ។ គម្រោងនេះបានអង្កេតរោងចក្រកាត់ដេរជាង៣០០នៅកម្ពុជា និងបានចេញរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីលទ្ធផលទាំងនោះ។
របាយការណ៍របស់គម្រោងនេះមាន២ប្រភេទ ទី១ ជារបាយការណ៍ពីស្ថានភាពពិតនៅតាមបណ្ដារោងចក្រនីមួយៗ សម្រាប់តែរោងចក្រ និងអ្នកបញ្ជាទិញប្រើប្រាស់។ ចំណែករបាយការណ៍មួយទៀត គឺជារបាយការណ៍សំយោគទូទៅ ដោយមិនបញ្ចេញឈ្មោះរោងចក្រ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។