មន្ត្រីក្រសួងកសិកម្ម កំពុងតែបូកសរុបចំនួនស្រូវខូចខាត និងត្រៀមស្រូវពូជ និងសំណាប ដើម្បីចែកឲ្យប្រជាពលរដ្ឋដាំឡើងវិញ នៅតាមខេត្តចំនួន ១៥ ដែលលិចទឹកជំនន់ ចាប់ពីខែសីហា ឆ្នាំ ២០១១ មក។
ទន្ទឹមគ្នានេះដែរ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ សហការជាមួយសហភាពអឺរ៉ុប (EU) បានរៀបចំកិច្ចប្រជុំមួយ នៅថ្ងៃទី ៦ ខែតុលា ផ្ដោតលើសន្តិសុខស្បៀងអាហារ នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាថា ប្រជាពលរដ្ឋខ្មែររងគ្រោះដោយសារទឹកជំនន់ នឹងមិនដាច់ស្បៀងអាហារ នៅពេលខាងមុខនោះទេ។
អគ្គនាយករងនៃការិយាល័យកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក ហ៊ាន វណ្ណហន មានប្រសាសន៍នៅថ្ងៃទី ៦ ខែតុលាថា ក្រុមការងារពិសេសចំនួន ៤ ក្រុម កំពុងតែចុះទៅពិនិត្យមើល និងវាយតម្លៃការខូចខាតស្រូវ និងត្រៀមស្រូវពូជ នៅតាមមន្ទីរកសិកម្មនៅខេត្តចំនួន ១៥។
លោក ហ៊ាន វណ្ណហន៖ «ការបែងចែកសំណាបនេះ គឺយើងលៃលកថា មិនមែនដល់ពេលទឹកស្រកទៅបានយើងសាបទេ គឺយើងចាប់សាបពីឥឡូវនេះ ដោយយើងសុខចិត្តចេញចំណាយទិញស្រែរបស់កសិករ បើទោះជាស្រែហ្នឹងឥឡូវ កំពុងបែកគុម្ពក៏ដោយ កំពុងចេញក៏ដោយ។ គឺថា គាត់បានប៉ុន្មានតោន យើងឲ្យលុយប៉ុណ្ណឹង។ យើងយកដីហ្នឹងឲ្យគាត់ច្រូតឲ្យគោ យើងយកដីមកសាប។ ដោយឡែក ចំនួនសំណាបជាក់ស្ដែង គឺវានៅលើស្ថានភាពពិតរបស់ខេត្តនីមួយៗ ដែលកំពុងរងការប៉ះពាល់»។
លោកមានប្រសាសន៍ថា គ្រាប់ពូជទាំងនោះ រាប់ទាំងស្រូវពូជ និងដំណាំបន្លែរួមផ្សំ ដូចជា ត្រប់ ននោង និងល្ពៅជាដើម។ ការខូចខាតស្រូវក្នុងគ្រោះទឹកជំនន់ នៅឆ្នាំ ២០១១ នេះ អាចប៉ះពាល់តិចតួចដល់ផែនការនាំចេញអង្ករជាង ១ លានតោន នៅឆ្នាំ ២០១៥ ខាងមុខ។
ភារធារីនៃសហភាពអឺរ៉ុបនៅកម្ពុជា លោក រ៉ាហ្វាអ៊ែល ដូចៅ ម៉ូរីនណូ (Rafael Dochao Moreno) មានប្រសាសន៍ថា កុមារភាគច្រើន អាយុក្រោម ១៥ ឆ្នាំ ដែលរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជា ឆ្នាំ ២០១១ នេះ។
លោក រ៉ាហ្វាអ៊ែល ដូចៅ ម៉ូរីនណូ៖ ចំនួន ១០% នៃស្រូវបង្កបង្កើនផល ត្រូវបាត់បង់ និងខូចខាត។ ទឹកជំនន់នេះ នឹងបង្កការប៉ះពាល់ខ្លាំងដល់សន្តិសុខស្បៀងអាហារ នៅឆ្នាំ ២០១២ ខាងមុខ។
មន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថា ស្រូវចំនួនជាង ៣០ ម៉ឺនហិកតារ ត្រូវបានលិចទឹកជំនន់ និងស្រូវចំនួនជាង ១០ ម៉ឺនហិកតារ ត្រូវបានខូចខាតដោយសារទឹកជំនន់ នៅឆ្នាំ ២០១១។ ប្រជាពលរដ្ឋ ១៥ ម៉ឺនគ្រួសារ រងផលប៉ះពាល់ និងប្រជាពលរដ្ឋ ១៧ ពាន់គ្រួសារទៀត បាត់បង់ទីជម្រក។ មនុស្សចំនួន ១៦៩ នាក់ស្លាប់។
អង្គការ អុកស្វាម (Oxfam) នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១១ ថ្មីៗ នេះ បានទទូចសុំឲ្យមានការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ ដោយសារទឹកជំនន់នេះ។
កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសថា ខ្លួនត្រៀមថវិកា ៥៥ លានដុល្លារអាមេរិក និងអង្ករចំនួន ១ លាន ៧ សែនតោន ដើម្បីសង្គ្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះ ដោយសារទឹកជំនន់៕