មន្ត្រីទទួលបន្ទុកការងារកសិកម្មខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅឆ្នាំ២០១២ នេះ ផលដំណាំកសិកម្មគ្រប់ប្រភេទ ទទួលផលបានយ៉ាងគាប់ប្រសើរជាងបណ្ដាឆ្នាំកន្លងទៅ។
អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ គឺលោក ឡាយ ពិសិដ្ឋ បានឲ្យដឹងនៅរសៀលថ្ងៃទី២ តុលា ថា មានកត្តាបីយ៉ាង ដែលធ្វើឲ្យផលដំណាំកសិកម្មក្នុងខេត្តពោធិ៍សាត់ ពិសេសគឺដំណាំស្រូវឆ្នាំនេះ បានទទួលផលលើសផែនការគ្រោងទុក។ លោកបន្តថា កត្តាចម្បងគឺការយល់ដឹងពីបច្ចេកទេស ក្នុងការដាំដុះរបស់ប្រជាពលរដ្ឋ គួបផ្សំនិងអំណោយផលពីធម្មជាតិផងដែរ។
លោក ឡាយ ពិសិដ្ឋ៖ «មកដល់ពេលនេះ មិនបញ្ចប់រដូវផង យើងធ្វើបានជាង ១១០% រួចហើយ។ សំខាន់ គឺឥឡូវគាត់ចេះដូរពូជស្រូវពីស្រូវធ្ងន់ប្រកាន់រដូវ មកស្រូវស្រាលមិនប្រកាន់រដូវវិញ។ ដល់អ៊ីចឹងទៅ គាត់អាចធ្វើបានគ្រប់រដូវ ហើយម្យ៉ាង គាត់មានទីផ្សារ គាត់អាចលក់ស្រូវបានសម្រាប់ដោះស្រាយជីវភាពគ្រួសារផង ទើបគាត់ខិតខំគួបផ្សំនិងយើងមានប្រព័ន្ធធារាសាស្ត្រល្អផង»។
យ៉ាងនេះក្ដី មេឃុំស្វាយដូនកែវ គឺលោក ឌឹម គឹមហ៊ាត មានប្រសាសន៍ថា ភូមិមួយចំនួនក្នុងឃុំនេះ បានជួបគ្រោះរាំងស្ងួត ដូចជាភូមិច្រប់ ជាដើម ដែលមានទីតាំងឆ្ងាយពីប្រភពទឹក។ លោកថា ប្រសិនបើមានប្រភពទឹកគ្រប់គ្រាន់ ការដាំដុះរបស់អ្នកភូមិ អាចមានសន្ទុះខ្លាំងជាងបច្ចុប្បន្ន៖ «ជួបគ្រោះរាំងស្ងួតដែរហ្នឹង។ នៅខ្ញុំនេះ រាំងស្ងួតតាំងពីថ្ងៃ១៥ ខែ៦ រហូតមកដល់ថ្ងៃ២០ ខែ៨ បានចាប់មានភ្លៀងវិញ។ ដល់អ៊ីចឹង អាកន្លែងដែលនៅឆ្ងាយៗវាខូចអស់មួយចំនួន ប៉ុន្តែកន្លែងដែលនៅជិតទំនប់ យើងអាចជួយបានប្រមាណជាង ៦០% ដែរ»។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា បានឲ្យដឹងថា ជាទូទៅផលដំណាំស្រូវក្នុងខេត្តពោធិ៍សាត់ មានកំណើនគួរឲ្យកត់សម្គាល់។ ក្នុងឆ្នាំ២០១១ កន្លងទៅ បើទោះបីជាខេត្តពោធិ៍សាត់ បានជួបគ្រោះរាំងស្ងួតក្ដី ក៏ខេត្តនេះមានសល់ស្រូវសម្រាប់នាំចេញចំនួន ១៧២.០៦២តោន ផងដែរ។ ហើយសម្រាប់ឆ្នាំ២០១២ នេះ គិតត្រឹមខែកញ្ញា ខេត្តពោធិ៍សាត់ បង្កបង្កើនផលបានលើសផែនការយ៉ាងច្រើន បើធៀបទៅនឹងឆ្នាំ២០១១៖ «ឆ្នាំនេះ ស្រូវសន្ទូង និងស្រូវពង្រោះ សម្រេចបាន១០៨.២៨៥ហិកតារ ស្មើនឹង ១១០,៤៩% នៃផែនការ គឺមានកំណើន ១០.២៨៥ហិកតារ។ ឯដំណាំរួមផ្សំ សម្រេចបាន ២៧២,៧១% នៃផែនការប្រចាំឆ្នាំ កើនឡើង ៨.១៣០ហិកតារ»។
របាយការណ៍ស្ដីពីស្ថានភាពខេត្តឆ្នាំ២០១០ ដែលរៀបចំដោយមន្ទីរផែនការខេត្តពោធិ៍សាត់ បានបង្ហាញថា ៨៥,៦៩% នៃប្រជាពលរដ្ឋក្នុងខេត្តនេះ ប្រកបរបរកសិកម្ម។ ខេត្តនេះមានប្រជាជន ៤៣៦.០០១នាក់ និងមានផ្ទៃដីបង្កបង្កើនផលស្រូវ ៦១១.៨៨០ហិកតារ ដែលក្នុងនោះចែកចេញជាបីប្រភេទដី គឺដីស្រែប្រាំង ដីស្រែវស្សា និងផ្ទៃដីស្រូវចម្ការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។