អ្នកឃ្លាំមើលសិទ្ធិមនុស្សសមាគម អាដហុក (ADHOC) ខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី ២៩ ខែមេសា ឆ្នាំ ២០១២ អំពាវនាវសុំឲ្យអាជ្ញាធរខេត្តរតនគិរី ស៊ើបអង្កេតករណីលួចដុតចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចអស់ចំនួន ៤ ហិកតារ។
អ្នកសម្របសម្រួលសមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ឲ្យដឹងថា ប្រជាពលរដ្ឋមានតម្រុយសង្ស័យថា សកម្មភាពលូចដុតចម្ការស្វាយចន្ទីនោះ គឺបំណងប្រមូលយកដីប្រជាពលរដ្ឋតាមរយៈធ្វើឲ្យចម្ការស្វាយចន្ទីឆេះ ហើយបន្ទាប់មកក្រុមហ៊ុនជំរុញអ្នកភូមិឲ្យលក់ដីនោះ។ លោកបន្តថា នេះជាល្បិចកលថ្មី ក្នុងការទន្ទ្រានកាន់កាប់ដីជនជាតិដើមភាគតិច។
លោក ប៉ែន ប៊ុណ្ណារ៍៖ «កន្លងមកវាជាសកម្មភាពស្រដៀងៗ គ្នា គឺមានអ្នកមកទិញអ៊ីចឹងទៅ ហើយស្រាប់តែមានឆេះអ៊ីចឹងទៅ។ យើងឃើញថាកន្លងទៅក្រុមហ៊ុនតែងតែធ្វើឲ្យមានការប៉ះពាល់ដីចម្ការគាត់ធ្វើឲ្យឆេះចន្ទីហើយក្រោយមកយកដី។ ការដោះស្រាយមិនសមស្របទេ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីធ្លី ឲ្យលុយយកទាំងដី»។
សេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋភូមិ កាឡៃសាពូន ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១២ ចម្ការស្វាយចន្ទីមានអាយុ ១០ ឆ្នាំ ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចគ្រឹងឈ្មោះ តាដូ ប៉ាទួ អាយុ ៤៥ ឆ្នាំ ត្រូវគេលួចដុតឆេះអស់គ្មានសល់។ ចម្ការនោះ មានមានទីតាំងជាប់នឹងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាមឈ្មោះ ហុង អាញ់ ម៉ាងយ៉ាងខេ (Hong Anh Mangh Yangh K)។
ប្រជាពលរដ្ឋភូមិកាឡៃសាពូន គឺលោក វិ ផល មានប្រសាសន៍បញ្ជាក់ថា កាលពីពីរសប្ដាហ៍កន្លងទៅនេះ មេការទទួលខុសត្រូវការដ្ឋានក្រុមហ៊ុនហុងអាញ់ ម៉ាងយ៉ាងខេ ឈ្មោះ ជុង បានសុំទិញដីចម្ការស្វាយចន្ទី ដែលមិនទាន់ដុតឆេះពីម្ចាស់ចម្ការ តម្លៃ ៧០០ ដុល្លារក្នុងចម្ការ ១ ហិកតារ។ ប៉ុន្តែ មិនបានសំរេច ដោយម្ចាស់ចម្ការមិនយល់ព្រមលក់ក្នុងតម្លៃនោះទេ។ លោកបន្តថា នេះជាការប៉ុនប៉ងលួចដុតលើកទីពីរ បន្ទាប់ពីចម្ការស្វាយចន្ទីប្រជាពលរដ្ឋម្ចាស់ផ្សេងទៀតក្នុងភូមិនេះ ត្រូវគេលួចដុត កាលពីសប្ដាហ៍មុន។ ប៉ុន្តែ ម្ចាស់ចម្ការបានពន្លត់ទាន់។
លោក វិ ផល៖ «ចម្ការហ្នឹងគេវាស់ហើយ តែគេមិនព្រមលក់ទេ មួយហិកតារ ៧០០។ ម្ចាស់ចម្ការហ្នឹងគេសុំមួយហិកតារហ្នឹងមួយពាន់ប្រាំ (រយ) ដុល្លារទៅពីរពាន់ដុល្លារនោះ។ ឃើញកម្មករគេពីរនាក់មកពីចម្ការហ្នឹង គឺចម្ការនោះឆេះតែម្ដង។ ពួកវៀតណាមហ្នឹងគេដុតចោល»។
វិទ្យុអាស៊ីសេរីនៅថ្ងៃអាទិត្យទី ២៩ ខែមេសា ឆ្នាំ ២០១២ មិនអាចទាក់ទងនាយកក្រុមហ៊ុន ហុងអាញ់ ម៉ាងយ៉ាងខេ គឺលោក ទ្រឿង លី ដើម្បីបញ្ជាក់បញ្ហានេះបានទេ។ ចំណែកអភិបាលស្រុកវ៉ឺនសៃ លោក ជុំ ងិល មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់បានទទួលសេចក្ដីរាយការណ៍ពីករណីនេះនៅឡើយទេ។
លោក ជុំ ងិល៖ «ចាំមើលខ្ញុំឲ្យប៉ូលិសចុះស្រាវជ្រាវមើលវាដឹងរឿងបែបម៉េច។ យើងអត់ទាន់សន្និដ្ឋានថា ម៉េចនៅឡើយទេ»។
កាលពីដើមខែមិនា កន្លងទៅចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋជនជាតិដើមភូមិកាឡៃ សាពូន កំពុងប្រមូលផលជាង ១០ ហិកតារ ត្រូវភ្លើងឆេះអស់។ នាយកក្រុមហ៊ុនសម្បទានវៀតណាម ឈ្មោះ ហុងអាញ់ ម៉ាងយ៉ាង ខេ (Hong Anh Mangh Yangh K) លោក ទ្រឿង លី បានទទួលស្គាល់ថា កម្មករក្រុមហ៊ុន គឺជាអ្នកដុតព្រៃក្នុងដីសម្បទាន ហើយឆេះឆ្លងចូលចម្ការប្រជាពលរដ្ឋ។
បន្ទាប់មកក្រុមហ៊ុនបានយល់ព្រមសងសំណងជាប្រាក់ ១៥០០ ដុល្លារក្នុងដីចម្ការមួយហិកតារ ជាមួយលក្ខខណ្ឌឲ្យប្រជាពលរដ្ឋប្រគល់ដីចម្ការនោះមកក្រុមហ៊ុន។
យ៉ាងនេះក្ដីសហគមន៍ជនជាតិដើមភាគតិច នៅភូមិចំនួនពីរ គឺភូមិ កាឡៃសាពូន និងភូមិកាឡៃតាវង បានបញ្ជាក់ថា ក្រុមហ៊ុន ហុងអាញ់ កំពុងទន្ទ្រានកាប់រានដីព្រៃឈើក្នុងតំបន់ក្រុមសហគមន៍កំពុងអាស្រ័យផល ដើម្បីពង្រីកដីដាំកៅស៊ូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
