ការគ្រោងដាក់ញត្តិ និងបង្ហាញរបាយការណ៍នេះ ស្របពេលដំណើរបំពេញទស្សនកិច្ចរយៈពេល ៨ ថ្ងៃរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សុរីយ៉ា ស៊ូប៊ែឌី (Surya Suberdi) ដើម្បីពិនិត្យមើលស្ថានភាពនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិរស់នៅរបស់ពលរដ្ឋ។
ក្រុមអ្នកឃ្លាំមើលការវិវត្តន៍ស្ថានការណ៍សង្គម និងអ្នករងគ្រោះក្នុងជម្លោះដីធ្លី ឲ្យដឹងនៅថ្ងៃទី ៦ ឧសភាថា ពួកគេនឹងបង្ហាញ របាយការណ៍ស្ដីពីជម្លោះដីធ្លីទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា។
គម្រោងដាក់របាយការណ៍ដែលធ្វើឡើងដោយក្រុមអង្គការមិនមែនរដ្ឋាភិបាល និងពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លីនៅពេលនេះកើតឡើងនៅគ្រាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។ លោក សុរីយ៉ា ស៊ូប៊ែឌី មកបំពេញទស្សនកិច្ចរយៈពេល ៨ ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១១ ខែឧសភា។
ការបំពេញទស្សនកិច្ចនៅពេលនេះរបស់លោក ស៊ូប៊ែឌី គឺដើម្បីពិនិត្យមើលចំពោះការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលធ្វើឡើងដោយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត អង្គការការពារសិទ្ធិមនុស្ស លីកាដូ។ លោកមានប្រសាសន៍ថា បញ្ហានានា នឹងត្រូវលើកឡើងនៅក្នុងកិច្ចសន្ទនាជាមួយអ្នករាយការពិសេស ដែលនឹងត្រូវឡើងក្នុងពេលឆាប់ៗនេះ។
លោកបន្តថារបាយការណ៍ដែលដាក់ជូនលោក ស៊ូប៊ែឌី ក្នុងកិច្ចជំនួបនោះ បញ្ហាធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងសិទ្ធិទទួលបានការរស់នៅសមរម្យ របស់ពលរដ្ឋជាដើម។
លោក សំ អាត៖ «ពាក់ព័ន្ធហ្នឹងដូចជារឿងដីសម្បទានសេដ្ឋកិច្ច ករណីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដែលជាសិទ្ធិមូលដ្ឋានហ្នឹងជាដើម សម្រាប់ជូនអ្នករាយការណ៍ពិសេសហ្នឹង ហើយក៏មានករណីផ្សេងៗ ទៀត សម្រាប់លោកពិនិត្យ និងពិចារណាមើលផងដែរ»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគបញ្ហាសង្គម។ លោកពិពណ៌នាថា តាមរយៈរបាយការណ៍ដែលគ្រោងនឹងបង្ហាញដល់លោក ស៊ូ ប៊ែឌី ក្នុងពេលខាងមុខនេះ លោកមានជំនឿថា ទំនងមានឥទ្ធិពលជាងសង្គមស៊ីវិល ដែលផ្ញើសារទៅរដ្ឋាភិបាល។ លោក អ៊ូ វីរៈ ព្រមានថា ប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្នគ្រប់គ្រងធនធានធម្មជាតិមិនបានល្អទេ ក្នុងរយៈពេលដ៏ខ្លីខាងមុខ សម្បត្តិធម្មជាតិទាំងនោះ នឹងត្រូវប្រឈមមុខចំពោះការបាត់បង់។
លោក អ៊ូ វីរៈ៖ «យើងបង្ហាញទាំងអស់ ហើយយើងមានរូបភាព យើងមានទីតាំង យើងមានផែនទីបង្ហាញទៅលើលោកសុរិយ៉ា ស៊ូប៊ែឌី ។ ដូច្នេះខ្ញុំសង្ឃឹមថា លោក សុរិយ៉ា ស៊ូប៊ែឌី នឹងនិយាយជាមួយរដ្ឋាភិបាល ព្រោះអីរដ្ឋាភិបាលយើងអត់ដែលស្ដាប់សង្គមស៊ីវិល ពេលសង្គមស៊ីវិលយើងបង្ហាញទេ។ ដូច្នេះយើងសង្ឃឹមថា លោក សុរិយ៉ា ស៊ូប៊ែឌី ហ្នឹង អាចនិយាយបានខ្លះជាមួយរដ្ឋាភិបាល។ បើសិនបន្តដូចយើងសព្វថ្ងៃនេះ គឺហិនហោចណាស់អស់ហើយបាទ»។
សេចក្ដីប្រកាសព័ត៌មានមួយរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានចេញផ្សាយនៅមុនការមកដល់របស់ លោក ស៊ូប៊ែឌី កាលពីថ្ងៃទី ៤ ខែឧសភា។ នៅក្នុងសេចក្ដីជូនព័ត៌មាននោះឲ្យដឹងថា ការបំពេញបេសកកម្មលើកនេះ គឺក្នុងបំណងដើម្បីពិនិត្យមើលពីស្ថានភាពដីសម្បទានសេដ្ឋកិច្ច និងសម្បទានដីដទៃផ្សេងទៀត ដែលនាំឲ្យមានផលប៉ះពាល់ចំពោះសិទ្ធិមនុស្សរបស់សហគមន៍មូលដ្ឋាន។
លោក ស៊ូប៊ែឌី ពិនិត្យមើលផងដែរ អំពីតួនាទី និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនសាជីវកម្ម ផ្សេងៗ ក្នុងការទទួលផលប្រយោជន៍ពីសម្បទានដីទាំងនេះ។ អ្នករាយការណ៍ពិសេសនឹងធ្វើទស្សនកិច្ច ទៅកាន់តំបន់ដីសម្បទានមួយចំនួន ក្នុងខេត្ត រតនគីរី ក្រចេះ និងស្ទឹងត្រែង ហើយលោកក៏នឹងជួបសន្ទនាជាមួយអាជ្ញាធរនៅក្នុងតំបន់ទាំងនោះ។
ក្រុមសហគមន៍ដែលរងគ្រោះដោយការបណ្ដេញ ចេញដូចជាបឹងកក់ និងបុរីកីឡាក្នុងរាជធានីភ្នំពេញជាដើម។ ពួកគេឲ្យដឹងនឹងដាក់ញាតិរួមគ្នាមួយទៅលោក ស៊ូប៊ែឌី។
អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ មានប្រសាសន៍ថា ក្រុមពលរដ្ឋដែលទទួលរងគ្រោះក្នុងជម្លោះដីធ្លីនឹងធ្វើរបាយការណ៍ស្ដីពីផលប៉ះពាល់នានា ផ្ញើទៅកាន់លោក ស៊ូប៊ែឌី ដើម្បីស្នើឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាល។
អ្នកស្រី ទេព វន្នី៖ «អ៊ីចឹងខ្ញុំចង់ឲ្យលោក សុរីយា ស៊ូប៊ែឌី ដឹងពីបញ្ហារបស់ប្រជាពលរដ្ឋហ្នឹងបន្ថែមទៅទៀត។ បន្ទាប់ពីគាត់ចុះមកប៉ុន្មានដងហើយពីមុនមកហ្នឹង រហូតគាត់ចុះមកដល់លើកនេះទៀត។ តើដំណើរការរបស់រដ្ឋាភិបាលនេះគាត់បានដោះស្រាយអីខ្លះ បានដល់ប្រជាពលរដ្ឋហើយ?»
ក្រៅពីការពិនិត្យមើលស្ថានភាពនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ស៊ូប៊ែឌី ក៏គ្រោងនឹងជួបមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលទីក្រុងភ្នំពេញផងដែរ។
របាយការណ៍សមាគមការពារសិទ្ធិមនុស្ស អាដហុក ផ្សាយឲ្យដឹងកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១២ បង្ហាញថា ឆ្នាំ ២០១១ ជាឆ្នាំ ដែលរដ្ឋាភិបាលបានផ្ដល់សម្បទានដីសេដ្ឋកិច្ចច្រើនបំផុត ទៅឲ្យក្រុមហ៊ុនឯកជន រហូតដល់កាត់ដីឧទ្យានជាតិពីតំបន់ការពារសត្វ និងរុក្ខជាតិ។
ការផ្ដល់ដីសម្បទាននេះ បានធ្វើឡើងតាមរយៈការធ្វើអនុប្បយោគពីដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ មកជាដីកម្មសិទ្ធិឯកជនរបស់រដ្ឋ។
សមាគម អាហុក បានរកឃើញថា ឆ្នាំ ២០១១ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យចំនួន ១២៣ អនុក្រឹត្យ ដើម្បីផ្ដល់ដីសម្បទានសេដ្ឋកិច្ច ទៅឲ្យក្រុមហ៊ុនឯកជន មានផ្ទៃដីចំនួនជិត ៧ សែន ៥ ម៉ឺន ២ ពាន់ហិកតារ (៧៥១.៨៨២)។ ក្នុងនោះ ចំនួនផ្ទៃដីជាង ២ ភាគ ៣ ហិកតារ បានកាត់ចេញពីដីការពារដោយព្រះរាជក្រឹត្យ ហើយមានដីតែជាង ២ សែន ១ ម៉ឺន ៩ ពាន់ ៤ រយហិកតារទេ (២១៩.៤២៥) ដែលមិនប៉ះពាល់ដីការពារដោយព្រះរាជក្រឹត្យ។
នៅក្នុងបទបង្ហាញមួយ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែមីនាកន្លងទៅនេះ។ លោក ធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ឲ្យដឹងថា គិតត្រឹមឆ្នាំ ២០១១ រដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់សម្បទានដីសេដ្ឋកិច្ចប្រមាណ ២ លានហិកតារ (២.២៧៦.៣៤៩) ទៅឲ្យក្រុមហ៊ុនចំនួន ២២៥ ក្រុមហ៊ុន តាមរយៈក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងតាមរយៈអនុក្រឹត្យផ្ដល់សម្បទានដីសេដ្ឋកិច្ចពីប្រមុខរាជរដ្ឋាភិបាលដោយផ្ទាល់។
លោកថា ចំនួនសម្បទានដីសេដ្ឋកិច្ច អាចមានច្រើនជាងនេះ ព្រោះក្រសួងមួយចំនួនមានសិទ្ធិផ្ដល់ដីសម្បទានសេដ្ឋកិច្ចសម្រាប់វិស័យផ្សេងៗ ដូចជា សម្បទានដីសម្រាប់រុករករ៉ែ មានចំនួន ៥៦ តាមរយៈក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងមានរូបភាពផ្ដល់សម្បទានដីសេដ្ឋកិច្ចសម្រាប់ពង្រីកតំបន់សេដ្ឋកិច្ចពិសេស ចំនួន ២២ ទីតាំងទៀត។
ចំណែកលោក សៀ ភារម្យ ជានាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន។ លោក មានប្រសាសន៍ថា នៅមិនទាន់មានគម្រោងរបាយការណ៍ណាមួយ ដើម្បីដាក់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះនៅឡើយទេ។
អ្នកស្រី ជុំ ង៉ាន់ តំណាងសហគមន៍បុរីកីឡា មានប្រសាសន៍ថា នៅពេលនេះ ពលរដ្ឋកំពុងចងក្រងឯកសារ និងស្នាមមេដៃ តាមរយៈលោក ស៊ូប៊ែឌី ដើម្បីជំរុញឲ្យប្រមុខរដ្ឋាភិបាល ដោះស្រាយក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយនឹងក្រុម ផាន អ៊ីម៉ិច (Phan Imex) របស់លោកស្រី ស៊ុយ សុផាន។
អ្នកស្រី ជុំ ង៉ាន់៖ «ចាស៎ ខាងខ្ញុំហ្នឹងមានរបាយការណ៍ដាក់ជូនដែរ។ តែដាក់ជូនហ្នឹងអត់មានមេដៃគ្រប់គ្នាអស់។ ដាក់រួមគ្នាដែរ ដាក់រួមគ្នាទាំងអស់»។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរីពុំអាចស្នើសុំបំភ្លឺពីមន្ត្រីរបស់រដ្ឋាភិបាលបានទេ។
ក្រុមអង្គការសង្គមស៊ីវិលព្រមានថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា ពុំធ្វើកំណែទម្រង់ដីធ្លី ប្រកបដោយប្រសិទ្ធភាពនោះទេ វិបត្តិនៃការគ្រប់គ្រងដីធ្លីនឹងក្លាយជាសម្ពាធកាន់តែធ្ងន់ធ្ងន់បន្ថែមទៀត សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
