ក្រុម​អ្នក​ចូល​ចិត្ត​បង្កើត​គេហទិនានុលេខន៍ (Blog) បញ្ចប់​​កិច្ច​​ប្រជុំ​រយៈ​ពេល ៥ ថ្ងៃ

ក្រុម​អ្នក​និយម​បង្កើត​ប្លុក (Blog) ឬ​ហៅ​ថា គេហ​ទិនានុលេខន៍ និង​ប្រាស្រ័យ​ទាក់​ទង​គ្នា​​តាម​ប្រព័ន្ធ​អ៊ិនធើរណេត (Internet ) ខ្លះ ក្នុង​ប្រទេស​កម្ពុជា បាន​សំដែង​ការ​ព្រួយ​បារម្ភ ខ្លាច​ក្រែង​រដ្ឋាភិបាល រឹត​បន្តឹង ទៅលើ​សេរី ភាព​នៃ​ការ បញ្ចេញ​មតិ​ របស់​ពួកគេ​ តាម​រយៈ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ព័ត៌មាន​សកល​មួយ​នេះ។
ដោយ ហង្ស សាវយុត
2012-11-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​ព្រួយបារម្ភ​ បាន​កើតមាន​ឡើង បន្ទាប់​ពី​គេ​បាន​ឭ​តៗ គ្នា​ថា រដ្ឋាភិបាល​មាន​គម្រោង​នឹង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​មួយ ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​ការ​ប្រើ​ប្រាស់​អ៊ិនធើរណេត នៅ​ពេល​ខាង​មុខ។

ក្រុម​អ្នក​សរសេរ​គេហទំព័រ និង​អ្នក​បច្ចេកទេស​ខាង​ប្លុក អ៊ិនធើរណេត ដែល​ភាគ​ច្រើន​ជា​យុវវ័យ​ មក​ពី​ប្រទេស​ចំនួន ១៥ នៅ​ក្នុង​តំបន់​អាស៊ី ទើប​តែ​បញ្ចប់​ការ​ជួប​ប្រជុំ​គ្នា​រយៈ​ពេល ៥ ថ្ងៃ ក្នុង​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី ៥ ខែ​វិច្ឆិកា។

ការ​ជួប​ប្រជុំ​គ្នា​របស់​ក្រុម​យុវវ័យ ដែល​ចូល​ចិត្ត​បង្កើត​ប្លុក ឬ​ហៅ​ថា គេហទិនានុលេខន៍ (Blogger) និង​ទាក់ទង​គ្នា តាម​ប្រព័ន្ធ​អ៊ិនធើរណេត​នេះ គឺ​បាន​ចែក​រំលែក​ឱ្យ​គ្នា​នូវ​បច្ចេកវិទ្យា​ទំនើបៗ ព្រមទាំង​បាន​ពិភាក្សា​រួម​គ្នា អំពី​បញ្ហា​សង្គម និង​ភាសា​ផង​ដែរ។

អ្នក​ស្រី ចក់ សុភាព ជា​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ស៊ី.ស៊ី.អេច.អ័រ CCHR) គឺ​ជា​អ្នក​រៀបចំ ឱ្យ​មាន​ការ​ជួប​ជុំ​នេះ។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល ៥ ថ្ងៃ ដែល​ក្រុម​អ្នក​សរសេរ​គេហទិនានុលេខន៍ និង​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប បាន​ជួប​ប្រជុំ​គ្នា​នេះ គឺ​ជា​ជំនួប​ប្រចាំ​ឆ្នាំ​សម្រាប់​តំបន់។ ប្រទេស​គេ​ធ្លាប់​បាន​ធ្វើ​ចំនួន​២លើក​រួចហើយ ក៏ប៉ុន្តែ​ប្រទេស​កម្ពុជា ទើបតែ​មាន​ជំនួប​បែបនេះ​ ជា​លើក​ដំបូង​។​ការ​រៀបចំ​ឱ្យ​មាន​ជំនួប​បែប​នេះ ក្នុង​គោល​បំណង​កៀង​គរ ឱ្យ​មាន​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុម​អ្នក​ប្រើប្រាស់​អ្នក​បច្ចេកវិទ្យា​ទំនើប នៅ​ក្នុង​តំបន់​ជាមួយ​នឹង​កម្ពុជា។

អ្នក​ស្រី ចក់ សុភាព៖ «ការ​ជួប​នេះ យើង​មាន​កិច្ច​ពិភាក្សា​ជា​ច្រើន ដែល​ទាញ​ចំណាប់​អារម្មណ៍ អ្នក​ដែល​ចូល​រួម​ហ្នឹង គាត់​ស្រាវជ្រាវ​បន្ថែម និង​ចែក​បទ​ពិសោធន៍​រវាង​គ្នា ដូច​ជា បច្ចេកវិទ្យា​ទំនើបៗ ក្នុង​ការ​ទប់​ស្កាត់ Virus ហើយ​ជា​ពិសេស គឺ​ពាក់ព័ន្ធ​ខាង​សុវត្ថិភាព​អ៊ិនធើរណេត​ផង​ដែរ។ ពិសេស​យើង​មាន​ការ​ជជែក​ជា​ច្រើន ទៅ​លើ​ជ្រុង​ក្នុង​សង្គម ដែល​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​អំណាច តាម​រយៈ​ប្រព័ន្ធ​អ៊ិនធើរណេត មាន​ទាំង​ផ្នែក​យេនឌ័រ ផ្នែក​ភាសា ហើយ​និង​ការ​ចូលរួម​ក្នុង​សង្គម​ផង​ដែរ»។

លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ចូល​រួម ក្នុង​ពិធី​បិទ​កិច្ចពិភាក្សា​របស់​ក្រុម​អ្នក​សរសេរ​ប្លុក ឬ​ហៅថា គេហ​ទិនានុលេខន៍ មក​ពី​បណ្ដា​ប្រទេស​ទាំង ១៥ នោះ កាល​ពី​ព្រឹក​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា។

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម គឺ​កំពុង​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​បញ្ជូន​ព័ត៌មាន​ទៅ​វិញ​ទៅ​មក ដើម្បី​ពិភាក្សា​ទៅ​លើ​បញ្ហា​អ្វីមួយ​ជុំ​វិញ​ការ​រស់​នៅ។

លោក​បញ្ជាក់​ទៀត​ថា ការ​បង្កើត​គេហទិនានុលេខន៍ គឺ​សំខាន់​ណាស់​ដែល​អ្នក​បង្កើត អាច​កត់​ត្រា​ទុក​នូវ​ការ​ចងចាំ ឬ​ក៏​ចង់​និយាយ​រឿង​អ្វី​មួយ​ប្រាប់​អ្នក​ដទៃ រួម​ទាំង​ការ​ទទួល​បាន​ការ​បញ្ចេញ​យោបល់​រួម​គ្នា​មក​វិញ​ផង នៅ​ពេល​ដែល​គេ​មិន​មាន​ពេល​អាច​ទៅ​កាន់​ស្ថានីយ​វិទ្យុ ឬ​ទូរទស្សន៍ និង​កាសែត​ណា​មួយ​បាន​នោះ។

លោក ខៀវ កាញារិទ្ធ៖ «នេះ​គឺ​ជា​ទំនោរ​ថ្មី​មួយ ដែល​មិន​អាច​ខ្វះ​បាន​ទេ ក្នុង​ជីវិត​សង្គម នៅ​ពេល​ដែល​សង្គម​មនុស្ស​យើង​ឥឡូវ​នេះ ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​នេះ គឺ​វា​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ទំនាក់ទំនង​មនុស្ស។ អ្នក​សរសេរ​ប្លុក (Blog) វា​ខុស​អំពី​សារព័ត៌មាន​ប្រពៃណី គឺ​គេ​អាច​សរសេរ គេ​អាច​និយាយ​ខុស ឬ​ត្រូវ ជា​រឿង​របស់​គេ។ ប៉ុន្តែ គេ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ទាំង​មូល​ទេ»។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ខៀវ កាញារិទ្ធ មាន​ប្រសាសន៍​ថា បើ​ប្រៀប​ធៀប​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ជា​មួយ​បណ្ដា​ប្រទេស​ដទៃ​ទៀត​នោះ គឺ​កម្ពុជា​នៅ​មាន​ភាព​ក្មេង​ខ្ចី​នៅ​ឡើយ។ ក្រុម​អ្នក​ចូល​ចិត្ត​បង្កើត​គេហទំព័រ និង​ប្រាស្រ័យ​ទាក់ទង​គ្នា តាម​ប្រព័ន្ធ​អ៊ិនធើរណេត​ខ្លះ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​សំដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ នៅ​ពេល​ដែល​ឮ​ថា រដ្ឋាភិបាល​មាន​គម្រោង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​មួយ ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិនធើរណេត។

ក៏​ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល បាន​ពន្យល់​ថា គឺ​វា​មិន​មាន​អ្វី​គាប​សង្កត់​ទៅ​លើ​សេរីភាព​ទាំង​នោះ​ទេ ប្រសិន​បើ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិនធើរណេត ត្រូវ​បាន​បង្កើត​ឡើង​មែន​នោះ។ វា​គ្រាន់​តែ​មាន​គោល​បំណង ការពារ​​លើ​ការ​លួច​បន្លំ​អត្តសញ្ញាណ​របស់​អ្នក​ដទៃ និង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​លក់​ទំនិញ​ក្លែងក្លាយ នៅ​តាម​ប្រព័ន្ធ​សកល​នោះ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ សេចក្ដី​ព្រាង​ច្បាប់​មួយ​នេះ នៅ​មិន​ទាន់​មាន​រូប​រាង​យ៉ាង​ណា​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

STOP BLINDING PEOPLE

Nov 05, 2012 12:27 PM

គេហទំព័រ​ទាំងមូល