មន្ត្រី​សិទ្ធិ​មនុស្ស​សោក​ស្ដាយ​ចំពោះ​ប្រសាសន៍​នាយក​រដ្ឋមន្ត្រី​មក​លើ​តំណាងរាស្ត្រ​ស្រ្តី

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ លោកស្រី ពុង ឈីវកេក បាន​សម្ដែង​ការ​សោក​ស្តាយ​ចំពោះ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​តំណាងរាស្ត្រ​ភេទ​ស្ត្រី​នៃ​គណបក្ស​សម​រង្ស៊ី​នៅ​ខេត្ត​កំពត កាល​ពី​ពេល​ថ្មីៗ​នេះ។
ដោយ ឃឹម សារ៉ង
2009.04.09

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក បាន​ថ្លែង​រំឭក​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ញឹក​ញយ ធ្លាប់​មាន​ប្រសាសន៍​ថា នឹង​លើក​ស្ទួយ​តួនាទី​របស់​ស្ត្រី ហើយ​ចង់​ឲ្យ​មាន​ស្ត្រី​កាន់​តែ​ច្រើន​ឡើងៗ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ជាមួយ​ដៃ​គូ​បុរស។

លោកស្រី ពុង ឈីវកេក ថ្លែង​ដូច្នេះ​ថា ៖ «ឃើញ​រដ្ឋាភិបាល​លោក​មិន​ពេញ​ចិត្ត​នឹង​តំណាងរាស្រ្ដ​ស្រ្ដី​របស់​គណបក្ស​ប្រឆាំង​អី​ហ្នឹង ធ្វើ​ឲ្យ​ពួក​ខ្ញុំ​មាន​ការ​សោក​ស្ដាយ​មែន​ទែន ព្រោះ​អី​ចង់​ឃើញ​ថា​បើ​មាន​ស្រ្តី​ហ៊ាន​ចេញ​មុខ​មាន​រិះគន់​មាន​អី​គឺ​ជា​ការ​ល្អ​ទៅ​វិញ។ នៅ​ក្នុង​រដ្ឋសភា ពាក្យ​អង់គ្លេស​គេ​និយាយ​ថា Check and balance បាន​ន័យ​ថា​ឲ្យ​គណបក្ស​ជំទាស់​អ្នក​រិះគន់​រដ្ឋាភិបាល ដើម្បី​ឲ្យ​រដ្ឋាភិបាល​មាន​ឱកាស​កែប្រែ​ដើរ​ផ្លូវ​ឲ្យ​បាន​ល្អ​កាន់​តែ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ប្រទេស​ដែល​គេ​ហៅ​ថា​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ គេ​តែង​តែ​ឃើញ​តួនាទី​គណបក្ស​ជំទាស់​ហ្នឹង​ខ្លាំង​ដើម្បី​ជួយ​តម្រង់​ផ្លូវ​ទៅ​ដល់​រដ្ឋាភិបាល​ក្នុង​បំណង​ល្អ គឺ​ជំរុញ​ប្រទេស​ជាតិ​យើង​ឲ្យ​ដើរ​ផ្លូវ​ត្រង់​ឲ្យ​ដើរ​ផ្លូវ​ល្អ»

កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង​ដោយ​រួម​ទាំង​អ្នក​តំណាងរាស្ត្រ​ស្ត្រី​ដែល​លោក​មិន​ចេញ​ឈ្មោះ​ផង ៖ «ពួក​បក្ស​ប្រឆាំង​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​យក​ប្រជាជន​ធ្វើ​ជា​ឧបករណ៍​ដើម្បី​វាយ​រដ្ឋាភិបាល​ទេ ហើយ​នៅ​កំពត​ហ្នឹង​មាន​ជើង​ខ្លាំង​មួយ​ជា​ស្រ្ដី ខ្ញុំ​មិន​ចាំ​បាច់​ចេញ​ឈ្មោះ​ទេ ព្រោះ​ស្ត្រី​ក៏​មាន​ស្រ្តី សោម គឹមសួរ អី​អ៊ីចឹង​ដែរ ជើង​ខ្លាំង​ហើយ។ ហើយ​ខ្លាំង​ហ្នឹង​មិន​មែន​ខ្លាំង​ខាង​ធ្វើ​អី​ទេ ខ្លាំង​ខាង​រក​រឿង បង្ក​រឿង​ជាប់ ញុះ​ញង់ បង្ក​ហេតុ សូម្បី​តែ​ឃោសនា​បោះឆ្នោត​ទៅ​ឱប​គេ​សោះ ថា​គេ​ប្រឡេះ​ឡេវ​អាវ។ ឆ្ងល់​អស់​ប៉ុណ្ណេះ​ទៅ​ទៀត។ ទៅ​ឡាំ​ប៉ា​ប្ដឹង​ផ្ដល់​គ្នា ពូ​កែ​ណាស់។ ប្រជុំ​គេ​មិន​ហៅ​ក៏​ចូល​ដែរ។ ថ្ងៃ​ណា​មួយ ខ្ញុំ​ត្រូវ​ចេញ​មក​វិញ បាន​ដឹង​ថា​ទៅ​ដោយ​គេ​មិន​ហៅ​ក៏​ទៅ​ដែរ។ អា​នេះ​បាន​គេ​ហៅ​ថា​ពួក​ប្រឆាំង​មុខ​ក្រាស កាប់ ១០០​ប៉័ងតោ​ក៏​មិន​មុត​ដែរ មិន​ថា​ស្រី​មិន​ថា​ប្រុស​ទេ​ដូច​គ្នា ហើយ​មេ​ម៉េច​កូន​អ៊ីចឹង»

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​ខេត្ត​កំពត​និង​ជា​អគ្គលេខាធិការ​រង​នៃ​គណបក្ស​សម​រង្ស៊ី​បាន​មាន​ប្រសាសន៍​ថា សកម្មភាព​ដែល​លោកស្រី​ខិត​ខំ​បំពេញ​កន្លង​មក​នេះ គឺ​ជា​តួនាទី​និង​កាតព្វកិច្ច​របស់​អ្នក​តំណាងរាស្ត្រ​ប៉ុណ្ណោះ ពុំ​មែន​ជា​អំពើ​ខុស​ឆ្គង​អ្វី​ឡើយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។