ផែនការ​ស្ដារ​ទន្លេ​មេគង្គ​និង​ទន្លេ​បាសាក់​ជាប់​គាំង​នៅ​ក្រសួង​ធនធាន​ទឹក

គម្រោង​បូម​ស្ដារ​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់ របស់​រដ្ឋាភិបាល ដើម្បី​កែលំអ​បរិស្ថាន​តាម​ទន្លេ​មិន​ទាន់​លេច​ចេញ​​ជា​រូបរាង​ទេ ព្រោះ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កំពុង​ពិនិត្យ​​​មើល​លើ​ក្រុមហ៊ុន​ណា​ដែល​មាន​សម្ភារៈ​​តាម​ស្តង់ដារ​អន្តរជាតិ​សំរាប់​អភិវឌ្ឍន៍។
ដោយ ដែន អយុធ្យា
2012-09-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
children_flood_305
១៤-សីហា-២០១១ ៖ កុមារ​ទាំង​នេះ​កំពុង​លេង​នៅ​មាត់​ទន្លេ​មេគង្គ​ដែល​កំពុង​ជន់​ព្រៀប​ច្រាំង នៅ​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។
RFA/Leng Maly

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កាល​ពី​ខែ​មីនា ឆ្នាំ​២០១២ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន ៩ ដេញ​ថ្លៃ​បូម​ស្តារ​​ទន្លេ​មេគង្គ និង​ទន្លេបាសាក់ ប៉ុន្តែ​រយៈពេល​ជាង ៥​ខែ​ទៅ​ហើយ ក្រសួង​មិន​ទាន់​ប្រកាស​​ឈ្មោះ​ក្រុមហ៊ុន​ឈ្នះ​ក្នុង​ការ​ដេញ​ថ្លៃ​ស្តារ និង​អភិវឌ្ឍន៍​ទន្លេ​នោះ​ទេ។

​ភាព​យឺតយ៉ាវ​របស់​ក្រសួង​ធនធាន​ទឹក​នេះ នាំ​ឲ្យ​ផែនការ​បូម​ស្តារ​ទន្លេ​មេគង្គ និង​ទន្លេ​បាក់​របស់​រាជរដ្ឋាភិបាល និង​សកម្មភាព​របស់​ក្រុមហ៊ុន ​ក៏​ត្រូវ​ជាប់​គាំង​មិន​អាច​ដំណើរ​ការ​បាន​ដែរ។

​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​​​គ្រប់គ្រង​ធនធាន​ខ្សាច់។ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​កញ្ញា ថា ភាព​យឺតយ៉ាវ​លើ​គំរោង​បូម​ស្ដារ​ទន្លេ​មេគង្គ​លើ ទន្លេ​មេគង្គ​ក្រោម និង​ទន្លេ​បាសាក់ ដោយសារ​មន្ត្រី​ជំនាញ​ត្រូវ​ការ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​គំរោង​អភិវឌ្ឍន៍​ជា​មុន។

ទាក់ទង​គម្រោង​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០០៦ បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​សម្រេច​ស្ដីពី​បង្កើត​គណៈកម្មការ​គ្រប់គ្រង​ធនធាន​ខ្សាច់ ដោយ​បាន​តែង​តាំង​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជា​ប្រធាន។

លោក មុំម ស៊ីបុន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជា​អនុ​ប្រធាន។ លោក សុខ ឡេង អគ្គនាយក​ធនធាន​រ៉ែ ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ជា​សមាជិក។ លោក ទា ជុប អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ជា​សមាជិក និង​លោក ព្រហ្ម សិទ្ធត្រា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​សមាជិក នឹង​ត្រូវ​អនុវត្ត​សេចក្ដី​សម្រេច​នេះ​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​ឲ្យ​មាន​ប្រសិទ្ធភាព។

ទាក់ទិន​បញ្ហា​នេះ ខាង​ភាគី​តំណាង​ក្រុមហ៊ុន​ចូល​រួម​ដេញ​ថ្លៃ​បូម​ស្តារ​ទន្លេ ក៏​បាន​ទទូច​ឲ្យ​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ជា​ប្រធាន​​​គណៈកម្មការ​គ្រប់គ្រង​ធនធាន​ខ្សាច់ ឆាប់​ប្រកាស​ឈ្មោះ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​បូម​ស្ដារ​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់ ឲ្យ​បាន​ឆាប់។

លោក សុន ឆ័យ ប្រធាន​ក្រុមហ៊ុន​អ្នកតំណាងរាស្ត្រ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី។ លោក​បាន​សម្ដែង​ក្ដី​ព្រួយ​​​បារម្ភ​ចំពោះ​សកម្មភាព​បូម​ស្តា​ដី​បាត​ទន្លេ​នេះ​ ដោយ​​ខ្លាច​នាំ​ឲ្យ​អន្តរាយ ឬ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​ក្នុង​បាត​ទន្លេ ​មាន​ដូចជា​ខ្សាច់ និង​ត្រី​ជាដើម។

លោក​មិន​ជំទាស់​នឹង​ផែនការ​បូម​ស្ដារ​ទន្លេ​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​គម្រោង​នេះ​ទាមទារ​ឲ្យ​ក្រសួង​ជ្រើស​រើស​យក​ក្រុមហ៊ុន​ដែល​មាន​សម្ភារៈ​លក្ខណៈ​ស្តង់ដារ និង​មាន​ជំនាញ​ឯកទេស​ត្រឹមត្រូវ។

ទោះ​ជា​បែប​នេះ​ក្ដី លោក លឹម គានហោ បាន​អះអាង​ថា ក្រសួង​បាន​ផ្ដល់​សិទ្ធិ​ជូន​ក្រុមហ៊ុន​​ចំនួន ៣ ទេ ក្នុង​ចំណោម​​​ក្រុមហ៊ុន​ចំនួន ៩ ដែល​បាន​ដាក់​ពាក្យ​ដេញ​ថ្លៃ​អភិវឌ្ឍន៍​បូម​ស្ដារ​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់​មិន​ឲ្យ​គោក​រាក់។

លោក​ថា ក្រុមហ៊ុន​ទាំង ៣ ដែល​ក្រសួង​ផ្ដល់​សិទ្ធិ​ឲ្យ​ធ្វើ​សកម្មភាព​បូម​ស្ដារ​ទន្លេ ជា​ក្រុមហ៊ុន​មាន​បទពិសោធន៍ និង​មាន​ឯកសារ មាន​ប្រាក់​តម្កល់​ក្នុង​ធនាគារ​ត្រឹមត្រូវ​ដើម្បី​ធានា ក្នុង​ករណី​ក្រុមហ៊ុន​មាន​កំហុស​ឆ្គង ឬ​ធ្វើ​សកម្មភាព​ខុស​កិច្ចសន្យា។

យ៉ាង​នេះ​ក្តី លោក លឹម គានហោ មិន​ទាន់​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ទាំង ៣ ដែល​ក្រសួង​ត្រៀម​ផ្ដល់​សិទ្ធិ ឬ​អាជ្ញាប័ណ្ណ​ឲ្យ​ធ្វើ​សកម្មភាព​បូម​ស្ដារ​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់​នៅ​ឡើយ​ទេ គ្រាន់​តែ​បញ្ជាក់​ថា នឹង​ប្រកាស​ក្នុង​ពេល​ឆាប់ៗ។

ត្រង់​ចំណុច​នេះ លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា ក្រសួង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ក្រុមហ៊ុន​ដែល​ជ្រើសរើស​នោះ ពិត​ជា​ក្រុមហ៊ុន​​​មាន​បទពិសោធន៍​បូម​ស្ដារ និង​អភិវឌ្ឍន៍​ទន្លេ មាន​ឯកទេស​ខ្ពស់។

ទោះ​យ៉ាង​ណា តាម​ការ​កត់​សម្គាល់​កន្លង​មក សមាសភាព​តំណាង​ក្រុមហ៊ុន​ខ្លះ​ក្នុង​ក្រុមហ៊ុន​ចំនួន ៩ ដែល​ដាក់​ដេញ​ថ្លៃ​បូម​ស្ការ​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់ នា​ក្រសួង​ធនធាន​ទឹក កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១២ ជា​មនុស្ស​វ័យ​ក្មេង និង​​មិន​ធ្លាប់​ឆ្លង​កាត់​ការងារ​បូម ឬ​ស្ដារ​ទន្លេ​នេះ​ទេ។

យ៉ាង​នេះ​ក្តី លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ធនធាន​ខ្សាច់ បាន​អះអាង​ថា ក្រុមហ៊ុន​ទាំង​ ៣ ដែល​ត្រូវ​ជ្រើសរើស ឬ​ផ្ដល់​សិទ្ធិ​ឲ្យ​ធ្វើ​សកម្មភាព​បូម​ស្ដារ​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់ ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូចជា ក្រុមហ៊ុន​ស្រប​ច្បាប់​ក្នុង​ស្រុក​ជា​ក្រុមហ៊ុន​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ទាំង​បច្ចេកទេស ទាំង​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង។ ត្រូវ​មាន​ឯកសារ​បញ្ជាក់​​ពីដើម​​ទុន​ផ្ទាល់ របស់​ក្រុមហ៊ុន​ត្រឹមត្រូវ និង​ច្បាស់លាស់។

ត្រូវ​មាន​ឧបករណ៍​សម្ភារៈ​ដែល​ជា​មធ្យោបាយ​បម្រើ​ឲ្យ​ការងារ​បូម​ស្ដារ​ទន្លេ​គ្រប់គ្រាន់។ ត្រូវ​មាន​ធនធាន​មនុស្ស​ដែល​មាន​ការ​យល់​ដឹង​អំពី​របប​ជលសាស្ត្រ ការងារ​ទន្លេ និង​ការងារ​អនុវត្ត​បូម​ស្តារ និង​ត្រូវ​មាន​សាច់​ប្រាក់​សុទ្ធ​យ៉ាង​តិច ២​លាន​ដុល្លារ​សហរដ្ឋអាមេរិក តម្កល់​នៅ​ធនាគារ​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ហុងណាំហោ

ពី ភព

នេះហើយរដ្ឋាភិបាលហ៊ុន សែន,ចង់ធ្វើអ្វីមួយមិនដែល
គិតនិងគូរជាមុនទេចូលចិត្តធ្វើហើយបានគូរនិងគិតតាម
ក្រោយដូចរឿងនេះអញ្ចឹងទីមួយ។ចំណែកទី២វិញព្រោះ
សំណូកមិនទាន់ដល់កម្រិត មែនទេហ៊ុន សែន?។

Sep 04, 2012 04:34 PM