ក្រសួងធនធានទឹក និងឧតុនិយម កាលពីខែមីនា ឆ្នាំ២០១២ បានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន ៩ ដេញថ្លៃបូមស្តារទន្លេមេគង្គ និងទន្លេបាសាក់ ប៉ុន្តែរយៈពេលជាង ៥ខែទៅហើយ ក្រសួងមិនទាន់ប្រកាសឈ្មោះក្រុមហ៊ុនឈ្នះក្នុងការដេញថ្លៃស្តារ និងអភិវឌ្ឍន៍ទន្លេនោះទេ។
ភាពយឺតយ៉ាវរបស់ក្រសួងធនធានទឹកនេះ នាំឲ្យផែនការបូមស្តារទន្លេមេគង្គ និងទន្លេបាក់របស់រាជរដ្ឋាភិបាល និងសកម្មភាពរបស់ក្រុមហ៊ុន ក៏ត្រូវជាប់គាំងមិនអាចដំណើរការបានដែរ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់។ លោកបានឲ្យដឹងនៅថ្ងៃច័ន្ទ ទី៣ ខែកញ្ញា ថា ភាពយឺតយ៉ាវលើគំរោងបូមស្ដារទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់ ដោយសារមន្ត្រីជំនាញត្រូវការសិក្សាពីផលប៉ះពាល់នៃគំរោងអភិវឌ្ឍន៍ជាមុន។
ទាក់ទងគម្រោងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៦ បានចុះហត្ថលេខាលើសេចក្ដីសម្រេចស្ដីពីបង្កើតគណៈកម្មការគ្រប់គ្រងធនធានខ្សាច់ ដោយបានតែងតាំងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន។
លោក មុំម ស៊ីបុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធាន។ លោក សុខ ឡេង អគ្គនាយកធនធានរ៉ែ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជាសមាជិក។ លោក ទា ជុប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ជាសមាជិក និងលោក ព្រហ្ម សិទ្ធត្រា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមាជិក នឹងត្រូវអនុវត្តសេចក្ដីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាឲ្យមានប្រសិទ្ធភាព។
ទាក់ទិនបញ្ហានេះ ខាងភាគីតំណាងក្រុមហ៊ុនចូលរួមដេញថ្លៃបូមស្តារទន្លេ ក៏បានទទូចឲ្យលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានគណៈកម្មការគ្រប់គ្រងធនធានខ្សាច់ ឆាប់ប្រកាសឈ្មោះក្រុមហ៊ុនទទួលបានសិទ្ធិបូមស្ដារទន្លេមេគង្គ និងទន្លេបាសាក់ ឲ្យបានឆាប់។
លោក សុន ឆ័យ ប្រធានក្រុមហ៊ុនអ្នកតំណាងរាស្ត្រ និងជាសមាជិកសភាគណបក្ស សម រង្ស៊ី។ លោកបានសម្ដែងក្ដីព្រួយបារម្ភចំពោះសកម្មភាពបូមស្តាដីបាតទន្លេនេះ ដោយខ្លាចនាំឲ្យអន្តរាយ ឬប៉ះពាល់ដល់ធនធានធម្មជាតិក្នុងបាតទន្លេ មានដូចជាខ្សាច់ និងត្រីជាដើម។
លោកមិនជំទាស់នឹងផែនការបូមស្ដារទន្លេរបស់រដ្ឋាភិបាលទេ ប៉ុន្តែគម្រោងនេះទាមទារឲ្យក្រសួងជ្រើសរើសយកក្រុមហ៊ុនដែលមានសម្ភារៈលក្ខណៈស្តង់ដារ និងមានជំនាញឯកទេសត្រឹមត្រូវ។
ទោះជាបែបនេះក្ដី លោក លឹម គានហោ បានអះអាងថា ក្រសួងបានផ្ដល់សិទ្ធិជូនក្រុមហ៊ុនចំនួន ៣ ទេ ក្នុងចំណោមក្រុមហ៊ុនចំនួន ៩ ដែលបានដាក់ពាក្យដេញថ្លៃអភិវឌ្ឍន៍បូមស្ដារទន្លេមេគង្គ និងទន្លេបាសាក់មិនឲ្យគោករាក់។
លោកថា ក្រុមហ៊ុនទាំង ៣ ដែលក្រសួងផ្ដល់សិទ្ធិឲ្យធ្វើសកម្មភាពបូមស្ដារទន្លេ ជាក្រុមហ៊ុនមានបទពិសោធន៍ និងមានឯកសារ មានប្រាក់តម្កល់ក្នុងធនាគារត្រឹមត្រូវដើម្បីធានា ក្នុងករណីក្រុមហ៊ុនមានកំហុសឆ្គង ឬធ្វើសកម្មភាពខុសកិច្ចសន្យា។
យ៉ាងនេះក្តី លោក លឹម គានហោ មិនទាន់បង្ហាញឈ្មោះក្រុមហ៊ុនទាំង ៣ ដែលក្រសួងត្រៀមផ្ដល់សិទ្ធិ ឬអាជ្ញាប័ណ្ណឲ្យធ្វើសកម្មភាពបូមស្ដារទន្លេមេគង្គ និងទន្លេបាសាក់នៅឡើយទេ គ្រាន់តែបញ្ជាក់ថា នឹងប្រកាសក្នុងពេលឆាប់ៗ។
ត្រង់ចំណុចនេះ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងបានថ្លែងថា ក្រសួងត្រូវធ្វើឲ្យប្រាកដថា ក្រុមហ៊ុនដែលជ្រើសរើសនោះ ពិតជាក្រុមហ៊ុនមានបទពិសោធន៍បូមស្ដារ និងអភិវឌ្ឍន៍ទន្លេ មានឯកទេសខ្ពស់។
ទោះយ៉ាងណា តាមការកត់សម្គាល់កន្លងមក សមាសភាពតំណាងក្រុមហ៊ុនខ្លះក្នុងក្រុមហ៊ុនចំនួន ៩ ដែលដាក់ដេញថ្លៃបូមស្ការទន្លេមេគង្គ និងទន្លេបាសាក់ នាក្រសួងធនធានទឹក កាលពីចុងខែមីនា ឆ្នាំ២០១២ ជាមនុស្សវ័យក្មេង និងមិនធ្លាប់ឆ្លងកាត់ការងារបូម ឬស្ដារទន្លេនេះទេ។
យ៉ាងនេះក្តី លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានគណៈកម្មការគ្រប់គ្រងធនធានខ្សាច់ បានអះអាងថា ក្រុមហ៊ុនទាំង ៣ ដែលត្រូវជ្រើសរើស ឬផ្ដល់សិទ្ធិឲ្យធ្វើសកម្មភាពបូមស្ដារទន្លេមេគង្គ និងទន្លេបាសាក់ ត្រូវមានលក្ខណៈសម្បត្តិដូចជា ក្រុមហ៊ុនស្របច្បាប់ក្នុងស្រុកជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវខ្ពស់ទាំងបច្ចេកទេស ទាំងផលប៉ះពាល់ដែលអាចកើតមានឡើង។ ត្រូវមានឯកសារបញ្ជាក់ពីដើមទុនផ្ទាល់ របស់ក្រុមហ៊ុនត្រឹមត្រូវ និងច្បាស់លាស់។
ត្រូវមានឧបករណ៍សម្ភារៈដែលជាមធ្យោបាយបម្រើឲ្យការងារបូមស្ដារទន្លេគ្រប់គ្រាន់។ ត្រូវមានធនធានមនុស្សដែលមានការយល់ដឹងអំពីរបបជលសាស្ត្រ ការងារទន្លេ និងការងារអនុវត្តបូមស្តារ និងត្រូវមានសាច់ប្រាក់សុទ្ធយ៉ាងតិច ២លានដុល្លារសហរដ្ឋអាមេរិក តម្កល់នៅធនាគារណាមួយក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
