ពលរដ្ឋ​ខេត្ត​រតនគិរី​ប្ដឹង​នាយករដ្ឋមន្ត្រី​ឲ្យ​ជួយ​រក​យុត្តិធម៌​រឿង​ដី

ពលរដ្ឋ​ខេត្ត​រតនគិរី បាន​អះអាង​ថា ដី​ចម្ការ​កៅស៊ូ​កេរដំណែល​ដូន​តា​ធ្លាប់​កាប់​ឆ្ការ និង​រស់​អាស្រ័យ​ផល​ច្រើន​ឆ្នាំ​របស់​ពលរដ្ឋ ៣០​គ្រួសារ នៅ​ស្រុក​បរកែវ និង​ស្រុក​អូរជុំ ខេត្ត​រតនគិរី ត្រូវ​ក្រុមហ៊ុន តាយ សេង រំលោភ​យក​តាម​រយៈ​ការ​ចុះ​វាស់ដី​របស់​មន្ត្រី​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​សុរិយោ​ដី ជូន​ក្រុមហ៊ុន​វិនិយោគ​មួយ​នេះ។
ដោយ ដែន អយុធ្យា
2012-12-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តំណាង​ពលរដ្ឋ រតនគិរី ៣០៥
តំណាង​ប្រជាពលរដ្ឋ​​ដែល​មាន​ជម្លោះ​ដី ៣០​គ្រួសារ​មក​ពី​ខេត្ត​រតនគិរី លោក ឃឹម សុខ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Den Ayuthyea

លោក ឃឹម សុខ ដែល​អះអាង​ជា​តំណាង​ឲ្យ​ពលរដ្ឋ​​ចំនួន ៣០​គ្រួសារ​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ បាន​ដាក់​ពាក្យ​បណ្ដឹង​ជូន​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ស្នើ​ជួយ​​អន្តរាគមន៍​លើ​ករណី​ក្រុមហ៊ុន តាយ សេង រំលោភ​យក​ដី​ចម្ការ​កៅស៊ូ​ពួក​គាត់។

តំណាង​រូប​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ដោយ​ចោទ​ក្រុមហ៊ុន តាយ សេង ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ចម្ការ​កៅស៊ូ​រដ្ឋ​ក្នុង​ស្រុក​បាន​លុង​ខេត្ត​រតនគិរី បាន​វាស់ដី​រំលោភ​យក​ចម្ការ​​កៅស៊ូ​កេរ្តិ៍​ដូនតា​ចំនួន ១៦៤​ហិកតារ ដែល​ធ្លាប់​កាប់​ឆ្ការ និង​រស់​អាស្រ័យ​តាំង​ពី​ឆ្នាំ​១៩៨៨ មក។

លោក​ថា កង្វល់​នេះ​ពលរដ្ឋ​ធ្លាប់​ស្វែង​រក​មន្ត្រី​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​រក​យុត្តិធម៌ ប៉ុន្តែ​ពួក​គេ​មិន​មាន​ចម្លើយ​​​​វិជ្ជមាន​ទេ ផ្ទុយ​ទៅ​វិញ​​បាន​ឃុបឃិត​គ្នា​រំលោភ​យក​ចម្ការ​កៅស៊ូ​ពួកគាត់ និង​បាន​​ធ្វើ​របាយការណ៍​ភូត​កុហក​ទៅ​ថ្នាក់​ដឹកនាំ ថា​ដី​ចម្ការ​កៅស៊ូ​ពលរដ្ឋ​ជា​ចម្ការ​កៅស៊ូ​រដ្ឋ​ទៅ​វិញ។

ផ្ដើម​ពី​បញ្ហា​នេះ ពលរដ្ឋ​ខេត្ត​រតនគិរី ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ជួយ​បើក​ការ​ស៊ើប​អង្កេត និង​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​រំលោភ​ដី​ចំការ​​​កៅស៊ូ​ពី​សំណាក់​ក្រុមហ៊ុន តាយ សេង ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​រង​គ្រោះ​ពិត​ប្រាកដ។

ពលរដ្ឋ​រង​គ្រោះ​ផ្សេង​ទៀត​រស់​នៅ​ស្រុក​បរកែវ និង​ស្រុក​អូរជុំ ខេត្ត​រតនគិរី ក៏​បាន​អំពាវនាវ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពិនិត្យ និង​ផ្ដល់​ដី​ចម្ការ​កៅស៊ូ​ដែល​ត្រូវ​ក្រុមហ៊ុន តាយ សេង រំលោភ​យក​ផ្ដល់​ជូន​ពួក​គាត់​វិញ។

លោក​ថា ភាព​អយុត្តិធម៌​របស់​ពួកគាត់​បាន​អូស​បន្លាយ​ពេល​ប្រមាណ ២​ឆ្នាំ​ហើយ ដែល​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ជួយ​រក​យុត្តិធម៌ និង​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បណ្ដេញ​ពួក​គាត់​ចេញ​មិន​ឲ្យ​គ្រប់គ្រង​ចម្ការ​កៅស៊ូ​របស់​ខ្លួន​ថែម​ទៀត។

ទាក់ទិន​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក លី ហុងស៊ុន ប្រធាន​ក្រុមហ៊ុន តាយ សេង និង​លោក យូ សុភាព មន្ត្រី​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី ដែល​ពលរដ្ឋ​​ខេត្ត​រតនគិរី ចោទ​ថា បាន​រំលោភ​យក​ដី​ចម្ការ​កៅស៊ូ​បាន​ទេ តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១២។

យោង​តាម​ឯកសារ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០០៧ រាជរដ្ឋាភិបាល​បាន​វិនិយោគ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​ក្នុង​សង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្ត​រតនគិរី ចំនួន ២.៣០០​ហិកតារ និង​អនុញ្ញាត​ឲ្យ​ពង្រីក​បន្ថែម​ចំនួន ២​ពាន់​​ហិកតារ​ក្នុង​មូលដ្ឋាន​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន តាយ សេង ក្នុង​រយៈពេល ៧០​ឆ្នាំ។ ពលរដ្ឋ​ខេត្ត​រតនគិរី មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន តាយ សេង បាន​ទៅ​វាស់​រំលោភ​យក​ដី​ចម្ការ​កៅស៊ូ​ពួកគាត់​ដែល​​មាន​ទីតាំង​នៅ​ស្រុក​បរកែវ និង​ស្រុក​អូរជុំ ទៅ​វិញ។

ពលរដ្ឋ​ចោទ​ថា សកម្មភាព​រំលោភ​ដី​ចម្ការ​កៅស៊ូ​ពួកគាត់​ពី​សំណាក់​ក្រុមហ៊ុន តាយ សេង មាន​ការ​ឃុបឃិត​ពី​មន្ត្រី​​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី ព្រោះ​ស្ថាប័ន​នេះ​ជា​ប្រធាន​ដឹក​នាំ​ចុះ​វាស់​ទំហំ​ផ្ទៃ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ សម្រាប់​ផ្ដល់​ជូន​ក្រុមហ៊ុន។

​ពលរដ្ឋ​ខេត្ត​រតនគិរី បាន​អះអាង​ថា ភាព​អយុត្តិធម៌​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន គឺ​ផ្ដើម​ដោយ​ការ​ឃុបឃិត​គ្នា​របស់​ឈ្មួញ​មាន​ទ្រព្យ​ធន និង​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ធ្វើ​របាយការណ៍​ភូត​កុហក​ថ្នាក់​​​ដឹក​នាំ​បំផ្លើស​ការពិត។

លោក​ថា ភាព​អយុត្តិធម៌​ទាំង​នេះ​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ​ឲ្យ​បាន​ដិតដល់ បើ​​ពិត​ជា​មាន​ចេតនា​ចង់​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​រស់​នៅ និង​ប្រកប​របរ​ទទួល​ទាន​មាន​ការ​រីក​ចំរើន​ស្រប​តាម​ដូច​​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​មែន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល