សំណើសុំព្រះរាជអន្តរាគមន៍ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ស្នើដោះលែងអ្នកភូមិទាំង ១៥នាក់ពីពន្ធនាគារ កើតមានបន្ទាប់ពលរដ្ឋចំនួន ៧ភូមិ បានដាក់លិខិតមកកាន់សហភាពសហជីពកម្ពុជា។
លិខិតចុះថ្ងៃទី៧ ខែមិថុនា ចុះហត្ថលេខាដោយលោក រ៉ុង ឈុន ជាប្រធានសហភាពសហជីពកម្ពុជា បានទូលថ្វាយព្រះហាក្សត្រថា ប្រជាពលរដ្ឋចំនួន ៧ភូមិ មានចំនួនជិត ៨០០នាក់ រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវក្រុមហ៊ុនស៊ូកាគូ (Shukaku) បូមខ្សាច់ពន្លិច និងវាយកម្ទេចលំនៅឋាន ក្រោមគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាល ប៉ុន្តែមិនបានផ្ដល់សំណងជូនពលរដ្ឋឲ្យបានសមរម្យទេ។
ចំពោះការបាត់បង់ផ្ទះ និងដីធ្លី ពលរដ្ឋបឹងកក់ធ្លាប់បានប្រមូលផ្ដុំគ្នាតវ៉ាទៅស្ថាប័នពាក់ព័ន្ធច្រើនរាប់មិនអស់ និងអូសបន្លាយច្រើនឆ្នាំ ដើម្បីស្វែងរកដំណោះស្រាយ និងយុត្តិធម៌ ប៉ុន្តែការប្រើប្រាស់សិទ្ធិស្របច្បាប់របស់ពួកគាត់ ត្រូវអាជ្ញាធរក្រុងភ្នំពេញ បង្ក្រាបដោយហិង្សា និងចុងក្រោយចាប់ពលរដ្ឋ ១៥នាក់ដាក់ពន្ធនាគារ។
ក្រៅពីស្នើសុំឲ្យដោះលែងតំណាងអ្នកភូមិបឹងកក់ទាំង ១៥នាក់ លោក រ៉ុង ឈុន ដែលជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះ ក៏ចង់ឃើញស្ថាប័នពាក់ព័ន្ធដាក់វិន័យចៅក្រម និងព្រះរាជអាជ្ញារបស់សាលាដំបូងរាជធានីភ្នំពេញ ដែលគ្មានវិជ្ជាជីវៈ។
លិខិតថ្វាយព្រះមហាក្សត្របានឲ្យដឹងថា កាលពីថ្ងៃទី២២ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ អាជ្ញាធរក្រុងភ្នំពេញ បានចាប់តំណាងអ្នកភូមិបឹងកក់ចំនួន ១៥នាក់ បញ្ជូនទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ និងបានបើកសវនាការទាំងតក់ក្រហល់ កាត់ឲ្យតំណាងពលរដ្ឋបឹងកក់ទាំង ១៣នាក់ ជាប់ពន្ធនាគារក្នុងម្នាក់ពី ១ឆ្នាំ ទៅ ២ឆ្នាំកន្លះ និងពលរដ្ឋ ២នាក់ទៀតបញ្ជូនទៅពន្ធនាគាររងចាំកាត់ទោស។
មិនមានអត្ថាធិប្បាយពីមន្ត្រីសាលារាជធានីភ្នំពេញ និងមន្ត្រីតុលាការរាជធានីភ្នំពេញ ដើម្បីបំភ្លឺជុំវិញករណីអ្នកភូមិបឹងកក់ទាំង ១៥នាក់នេះទេ។ ប៉ុន្តែកាលពីថ្ងៃទី២៤ ខែឧសភា តុលាការបានចោទអ្នកភូមិទាំង ១៣នាក់ ក្នុងចំណោមពលរដ្ឋ ១៥នាក់ ពីបទកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ ដោយមានស្ថានទម្ងន់ទោស។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រ ដើម្បីបំភ្លឺជុំវិញសំណើសុំព្រះរាជអន្តរាគមន៍ដោះលែងអ្នកភូមិបឹងកក់ទាំង ១៥នាក់ បានទេ នៅថ្ងៃទី០៧ ខែមិថុនា។
កាលពីថ្ងៃទី៦ ខែមិថុនា អ្នកភូមិបឹងកក់ និងកុមារ ដែលជាកូនអ្នកភូមិបឹងកក់ប្រមាណ ៦០នាក់ បានធ្វើពិធីបួងសួងសុំឲ្យបារមីម្ចាស់ទឹកម្ចាស់ដី ជួយបន្ទន់ចិត្តមន្ត្រីរដ្ឋាភិបាល និងមន្ត្រីតុលាការក្រុងភ្នំពេញ ឲ្យដោះលែងឪពុកម្តាយរបស់ពួកគេចំនួន១៥នាក់ ចេញពន្ធនាគារឲ្យមានសេរីភាព។
លោកស្រី ខែក ចន្ទរស្មី តំណាងអ្នកភូមិបឹងកក់ បានចាត់ទុកសកម្មភាព និងទង្វើរបស់អាជ្ញាធរ និងតុលាការក្រុងភ្នំពេញ ដែលបានចាប់ពលរដ្ឋបឹងកក់ចំនួន ១៥នាក់ ដាក់គុកជារឿងអយុត្តិធម៌ និងបំពានលើសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ទាក់ទងបញ្ហានេះ លោក មឿន តុលា មន្ត្រីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងថា រដ្ឋាភិបាលមិនគួរទុកឲ្យបញ្ហាអ្នកភូមិបឹងកក់ ឲ្យល្អក់កករទៀតទេ ពិសេសតុលាការគួរតែដោះលែងអ្នកភូមិបឹងកក់ ទាំង ១៥នាក់ ឲ្យមានសេរីភាព និងពិចារណាលើផ្ទៃដីចំនួន ១២,៤៤ហិកតារ ផ្តល់ជូនពលរដ្ឋដែលមិនទាន់ទទួលបានប្លង់កម្មសិទ្ធិឲ្យមានប្លង់ត្រឹមត្រូវ។
កាលពីថ្ងៃទី៥ ខែមិថុនា កុមារតូចៗជាកូនចៅតំណាងអ្នកភូមិបឹងកក់ ដែលត្រូវតុលាការចាប់ដាក់ពន្ធនាគារ នាំគ្នាទៅជុតជង្គង់ពីមុខព្រះបរមរាជវាំង ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រឲ្យដោះលែងអាណាព្យាបាលរបស់ពួកគេ ប៉ុន្តែគួរឲ្យសោកស្ដាយមិនមានមន្ត្រីព្រះបរមរាជវាំងណាម្នាក់ចេញមកទទួលញត្តិពួកគេនោះទេ។
ទាក់ទងនឹងបញ្ហាអ្នកភូមិបឹងកក់នេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្របានស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យឡើងវិញចំពោះករណីចាប់ខ្លួនអ្នកភូមិបឹងកក់ចំនួន ១៥នាក់ និងបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ក្នុងម្នាក់ៗនោះ។
លោក ជាម យៀប ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានសេដ្ឋកិច្ច ធនាគារ និងសវនកម្មនៃរដ្ឋសភា។ លោកមានប្រសាសន៍នៅថ្ងៃទី៧ មិថុនា ដោយស្នើឲ្យតុលាការពិនិត្យមើលសំណុំរឿងដែលតុលាការបានកាត់ទោសអ្នកភូមិបឹងកក់ឲ្យជាប់ទោសម្នាក់ៗជាង ២ឆ្នាំនោះឡើងវិញ។
លោក ជាម យៀប បានឲ្យដឹងថា ខាងគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ក៏កំពុងធ្វើការស៊ើបអង្កេតលើករណីនេះដែរ។
ការលើកឡើងរបស់លោក ជាម យៀប នេះ នៅបន្ទាប់ពីអ្នកភូមិបឹងកក់ជិត ២០០នាក់ បានដាក់ញត្តិទៅរដ្ឋសភា ដើម្បីសុំឲ្យរដ្ឋសភាធ្វើអន្តរាគមន៍ទៅក្រសួងយុត្តិធម៌សុំឲ្យដោះលែងអ្នកភូមិទាំង ១៥នាក់នោះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។