លិខិតកម្រាស់ ៣ទំព័ររបស់សហភាពសហជីពកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ផ្ញើជូនលោកស្រី ហ៊ីលឡារី គ្លិនតុន ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា ជាប្រវត្តិសាស្ត្រ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា បានស្នើឲ្យលោកស្រីរដ្ឋមន្ត្រីចាត់វិធានការទៅរាជរដ្ឋាភិបាល ឲ្យគោរពធម្មនុញ្ញសហប្រជាជាតិ កតិកាសញ្ញា អនុសញ្ញា សន្ធិសញ្ញាអន្តរជាតិ និងត្រូវគោរពរដ្ឋធម្មនុញ្ញកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន។
លិខិតដដែលបានលើកឡើងពីករណីរំលោភបំពានរដ្ឋធម្មនុញ្ញស្ដីអំពីអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា បូរណភាពទឹកដីកម្ពុជា មិនអាចរំលោភបានក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ (មួយលើមួយរយពាន់) ដែលទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។ ប៉ុន្តែផ្ទុយទៅវិញ នៅខែតុលា ឆ្នាំ២០០៥ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះសន្ធិសញ្ញាកំណត់ព្រំដែនជាមួយរដ្ឋាភិបាលប្រទេសវៀតណាម ដោយប្រើប្រាស់ផែនទីខ្នាត ១/៥០.០០០ (មួយលើហាសិបពាន់) ដើម្បីកំណត់ព្រំដែនគោករវាងប្រទេសទាំងពីរ មានខ្លឹមសារផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលកើតពីស្មារតីនៃសន្និសីទទីក្រុងប៉ារីស ស្ដីពីកម្ពុជា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទៅវិញ ហើយសន្ធិសញ្ញានេះ បានក្លាយទៅជាច្បាប់ដែលប្រកាសឲ្យប្រើប្រាស់ដោយព្រះមហាក្សត្រខ្មែរ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ ថែមទៀត។
ក្រៅពីនេះ នៅតាមព្រំដែនកម្ពុជា-ថៃ នាតំបន់ប្រាសាទព្រះវិហារក៏មានការរំលោភឈ្លានពានពីកងទ័ពថៃ ចូលមកក្នុងបូរណភាពទឹកដីកម្ពុជា មានរយៈពេលជាង ២ឆ្នាំទៅហើយ ដែលរដ្ឋាភិបាល នៅមិនទាន់ដោះស្រាយបាននៅឡើយ។
បន្ថែមលើលិខិត លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ក៏បានស្នើទៅលោកស្រី គ្លិនតុន ឲ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ជាបន្ទាន់នូវទង្វើរំលោភបំពានច្បាប់ ការរើសអើងវប្បធម៌និទណ្ឌភាព និងប្រព័ន្ធតុលាការមិនឯករាជ្យ ពុករលួយ ដែលកំពុងកើតមាននៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
លោកសង្កត់ធ្ងន់ថា ប្រព័ន្ធតុលាការនៅកម្ពុជាសព្វថ្ងៃ គឺជាឧបករណ៍របស់អ្នកមានអំណាច និងអ្នកមានទ្រព្យធនប៉ុណ្ណោះ ដោយមន្ត្រីទាំងអស់នោះបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើការគាបសង្កត់កសិករទន់ខ្សោយ មន្ត្រីបក្សប្រឆាំង ឬមន្ត្រីអង្គការសង្គមស៊ីវិលជាដើម។
លោក រ៉ុង ឈុន បន្ថែមដូច្នេះ ៖ «បោះបង្គោលព្រំដែនហ្នឹងបន្តទៅទៀត ធ្វើឲ្យភាគីកម្ពុជាយើងខាតបង់ធ្ងន់ធ្ងរ ដោយសារតែការរំលោភរដ្ឋធម្មនុញ្ញ»។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី៣០ ខែតុលាថា ក្រុមអង្គការសង្គមស៊ីវិល មុននឹងចេញលិខិត ឬថ្លែងការណ៍អ្វីមួយទាក់ទងព្រំដែនក្ដី ឬបញ្ហាផ្សេងៗ សូមឲ្យពិចារណាឲ្យបានល្អិតល្អន់ បើមិនដូច្នេះទេ ពួកគេនឹងមានវាសនាដូចលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង ដែលត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារជាង ១០ឆ្នាំដូច្នេះដែរ។
លោក វ៉ា គឹមហុង បន្តថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម មិនមែនរដ្ឋាភិបាលល្ងង់ខ្លៅទៅបោះបង្គោលឲ្យបាត់បង់ទឹកដីរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ ការបោះបង្គោលព្រំដែន ប្រយោជន៍ដើម្បីរក្សាទឹកដីឲ្យបានគង់វង្សទៅវិញទេ ព្រោះមានកំណត់ព្រំដែនបានច្បាស់លាស់។
លោក វ៉ា គឹមហុង មានប្រសាសន៍ទៀតថា ៖ «បាត់បង់ត្រង់ណាឲ្យពន្យល់ផងមើល៍ ឲ្យច្បាស់ផងមើល៍។ កុំចេះតែនិយាយ អានិយាយវាអត់ពិបាកទេ គ្រាន់តែចោទហ្នឹងណា!»។
មន្ត្រីកិច្ចការសាធារណៈស្ថានទូតអាមេរិកប្រចាំកម្ពុជា សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រហូតដល់ល្ងាចថ្ងៃទី៣០ ខែតុលានេះ ស្ថានទូតនៅមិនទាន់បានទទួលលិខិតរបស់សហភាពសហជីពកម្ពុជា ផ្ញើជូនលោកស្រី ហ៊ីលឡារី គ្លិនតុន រដ្ឋមន្ត្រីក្រសួងការបរទេសនៅឡើយទេ៕