លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃអង្គារ ទី២៨ ខែសីហា លោករំលឹកដោយហួសចិត្តថា តុលាការចោទលោក ម៉ម សូណង់ដូ ថាជាអ្នកដឹកនាំបង្កើតតំបន់អបគមន៍ប្រឆាំងរដ្ឋាភិបាល នៅខេត្តក្រចេះ នោះគឺជារឿងមួលបង្កាច់។ លោកស្នើឲ្យតុលាការពិចារណាដោះលែងលោក ម៉ម សូណង់ដូ ឲ្យនៅក្រៅឃុំ ដើម្បីព្យាបាលជំងឺ។
កាលពីថ្ងៃទី២៧ ខែសីហា លោក រ៉ុង ឈុន បានសរសេរលិខិតជូនលោក ជីវ កេង ប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញ ស្នើចូលជួបសួរសុខទុក្ខលោក ម៉ម សូណង់ដូ ក្នុងពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១២។
លោក រ៉ុង ឈុន៖ «ករណីលោក ម៉ម សូណង់ដូ គាត់ហ៊ានហោះយន្តហោះពីសហរដ្ឋអាមេរិក ចូលមកកម្ពុជា។ អ៊ីចឹង គាត់មិនគេចវេសពីប្រព័ន្ធតុលាការ ឬការកោះហៅរបស់តុលាការទេ ដូច្នេះយើងមិនចាំបាច់ឃុំឃាំងខ្លួនគាត់នោះទេ គឺត្រូវទុកគាត់ឲ្យនៅក្រៅឃុំ ហើយធ្វើការស៊ើបអង្កេតតាមក្រោយវាមិនជាបញ្ហាអីទេ។ បើយើងមើលលើអង្គហេតុចោទប្រកាន់ទៅលើរូបគាត់ វាអត់មានអង្គហេតុណាសមរម្យ ហើយគ្មានធាតុណាគ្រប់គ្រាន់ ដែលចោទប្រកាន់គាត់ថា ធ្វើតំបន់អបគមន៍នោះទេ»។
ប៉ុន្តែលោកថា មកដល់ល្ងាចថ្ងៃអង្គារ ទី២៨ ខែសីហា តុលាការមិនទាន់ឆ្លើយតបលិខិតរបស់លោកនៅឡើយទេ។
លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ មានអាយុ៧២ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។
តុលាការបានចោទលោក ម៉ម សូណង់ដូ ចំនួន៤ករណី គឺពាក់ព័ន្ធចាប់ដីខុសច្បាប់ និងបង្កើតតំបន់អបគមន៍ប្រឆាំងរដ្ឋាភិបាល ប្រព្រឹត្តិនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ទាក់ទងបញ្ហានេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ គ្រោងលើកយកសំណុំរឿងក្តីលោក ម៉ម សូណង់ដូ មកបើកសវនាការ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២។
លោក សុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីការពារក្តីលោក ម៉ម សូណង់ដូ ជាថ្មីម្ដងទៀត លោកបានឲ្យដឹងនៅថ្ងៃទី២៨ ខែសីហា ថា កូនក្តីលោកមិនជាប់ពាក់ព័ន្ធសកម្មភាពចាប់ដីខុសច្បាប់ ឬបង្កើតតំបន់អបគមន៍ដូចតុលាការចោទប្រកាន់នោះទេ។ លោកថា ករណីអាជ្ញាធរបង្ក្រាបក្រុមប្រជាពលរដ្ឋនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ គឺជាទំនាស់ដីធ្លីរវាងអ្នកភូមិខ្វះដីធ្វើស្រែចម្ការ និងក្រុមហ៊ុនអភិវឌ្ឍន៍នៅតំបន់នោះទៅវិញទេ ហើយការចោទប្រកាន់នេះ ធ្វើឡើងគ្មានឯកសារ និងមានលក្ខណៈនយោបាយ។
លោក សុក សំអឿន៖ «បើយើងមើលពីបញ្ហា វាមិនមែនជារឿងអបគមន៍អីទេ គឺជារឿងប្រជាពលរដ្ឋទាមទារដីជាមួយក្រុមហ៊ុនតែប៉ុណ្ណោះ។ ដូច្នេះ បើយើងគិតមើលភស្តុតាង គឺអត់មានបង្កើតតំបន់អបគមន៍អីទេ វាជាចំណុចមួយ។ ប៉ុន្តែ បញ្ហាដែលសំខាន់ គឺអ្វីដែលកើតមាននៅឃុំកំពង់ដំរី គេធ្វើហ្នឹង គឺអត់ជាប់ពាក់ព័ន្ធសមាគមអ្នកប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ សោះ។ និយាយរួមទៅ ដោយសារតែមានអ្នកឆ្លើយដាក់ពាក់ព័ន្ធតិចតួច ឆ្លើយយ៉ាងស្រាលបំផុត។ ប៉ុន្តែ រឿងនេះក្រែងលោជាកាតព្វកិច្ចរបស់តុលាការ សម្រាប់ព្រះរាជអាជ្ញាសម្រាប់គេស៊ើបអង្កេតអីមិនដឹងទេ ប៉ុន្តែបើយើងមើលពីភស្តុតាង វាអត់មានទេ»។
លោក ម៉ម សូណង់ដូ ត្រូវប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ក្រោមបទចោទ៤ករណី។ តុលាការបានចោទរូបលោកថា ជាអ្នកនៅពីក្រោយហេតុការណ៍ដែលរដ្ឋាភិបាលចោទ ក្រុមអ្នកភូមិជាសាខាសមាគមអ្នកប្រជាធិបតេយ្យ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ថាបានចាប់ដីខុសច្បាប់ និងបង្កើតតំបន់អបគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។