ទោះយ៉ាងណា លោក រ៉ុង ឈុន អះអាងថា នឹងចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តុលាការតាមពេលកំណត់ ព្រោះលោកយល់ថា មិនបានប្រព្រឹត្តខុសឆ្គង។
តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល លោក ទេព មុនិន្ទ កាលពីថ្ងៃទី២៧ ខែសីហា បានចេញដីកាកោះឲ្យលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ចូលខ្លួនទៅបំភ្លឺនៅតុលាការ នៅម៉ោង ៩ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២។
លោក រ៉ុង ឈុន ត្រូវបានលោក ចាក់ លូ (Jack Liu) អគ្គនាយកនៃសហគ្រាសតៃយ៉ាង ប្ដឹងទៅតុលាការពីបទញុះញង់ឲ្យកម្មករធ្វើកូដកម្មដោយខុសច្បាប់ និងបទបរិហារកេរ្តិ៍ជាសាធារណៈ។
ទោះយ៉ាងណា លោក រ៉ុង ឈុន បានថ្លែងថា មិនព្រួយបារម្ភចំពោះពាក្យបណ្ដឹងរបស់ថៅកែរោងចក្រតៃយ៉ាង ប្ដឹងលោកឡើងតុលាការនេះទេ។
លោកឲ្យដឹងនៅថ្ងៃទី៣០ ខែសីហា ថា ជាធម្មតាទេសកម្មភាពរបស់សហជីពដែលហានមុខជួយការពារផលប្រយោជន៍ ឬទាមទារសិទ្ធិជូនកម្មករឲ្យស្របតាមច្បាប់ស្ដីពីការងារតែងត្រូវថៅកែរោងចក្រ ឬក្រុមហ៊ុន ប្រើប្រព័ន្ធតុលាការដើម្បីគំរាមកំហែងសកម្មភាពសហជីព។
ប៉ុន្តែលោកថា ករណីបណ្ដឹងរបស់ថៅកែរោងចក្រតៃយ៉ាង លោកបានត្រៀមចូលទៅបំភ្លឺចំពោះមុខតុលាការរួចហើយ។ លោក រ៉ុង ឈុន បញ្ជាក់ថា ការដឹកនាំក្រុមកម្មកររោងចក្រតៃយ៉ាង ធ្វើកូដកម្មកន្លងមក សហជីពលោកសុទ្ធតែបានជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរ ឬក្រសួងស្ថាប័នពាក់ព័ន្ធជាមុន។
លោក រ៉ុង ឈុន៖ «អ្នកកុម្ម៉ង់ទិញគេមិនកុម្ម៉ង់ទិញទេ ដែលខ្លួនប្រើប្រាស់ប្រព័ន្ធតុលាការមកគាបសង្កត់លើមេសហជីព លើតំណាងកម្មករ ធ្វើឲ្យអ្នកកុម្ម៉ង់ទិញ អ្នកប្រើប្រាស់របស់ហ្នឹងគេមិនសប្បាយចិត្តទេ។ និយោជកត្រូវតែបោះបង់គំនិតហ្នឹងចោលទៅ ហើយតុលាការក៏ត្រូវតែពិនិត្យរាល់ពាក្យបណ្ដឹងដែលប្ដឹងមក មិនមែនចេះតែចេញដីកាកោះៗ។ យើងដឹងហើយនូវរាល់ការចេញដីកាកោះទាំងឡាយចំពោះកម្មករក្តី ឲ្យតែឮថាដីកាកោះហ្នឹងគាត់មានការភ័យខ្លាច ប៉ុន្តែចំពោះខ្ញុំ ខ្ញុំគ្មានការបារម្ភអ្វីទាំងអស់ ពីព្រោះអ្វីដែលយើងធ្វើដើម្បីកម្មករ ការពារកម្មករ»។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ កម្មកររោងចក្រកាត់ដេរ តៃយ៉ាង អតីតរោងចក្រ តៃយៀនទី១ តៃយៀនទី២ និងរោងចក្រ ខាំវែល រាប់រយនាក់ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ាមិនចូលធ្វើការដើម្បីទាមទារឲ្យថៅកែរោងចក្រផ្ដល់ប្រាក់អត្ថប្រយោជន៍ចំនួន ៥ចំណុច ក្នុងករណីថៅកែរោងចក្រប្តូរឈ្មោះក្រុមហ៊ុន។
ទោះយ៉ាងណា លោក អ៊ូ ម៉េងហ៊ួរ តំណាងក្រុមហ៊ុនតៃណាន ឬតៃយ៉ាង បានថ្លែងថា ការដែលលោក រ៉ុង ឈុន ដឹកនាំកម្មករធ្វើកូដកម្មមិនចូលធ្វើការ នាំឲ្យក្រុមហ៊ុនលោកគ្មានអ្នកបញ្ជាទិញសម្លៀកបំពាក់ពីក្រុមហ៊ុនលោកទៀតទេ និងនាំឲ្យក្រុមហ៊ុនលោកខាតបង់ប្រាក់រាប់លានដុល្លារ។ ដូច្នេះលោកថា នឹងប្ដឹងលោក រ៉ុង ឈុន និងអ្នកពាក់ព័ន្ធទៅតុលាការឲ្យដឹងសខ្មៅ។
លោក អ៊ូ ម៉េងហ៊ួរ៖ «អ្នកដែលយកលុយហើយអត់មានពាក់ព័ន្ធរោងចក្រៗក៏មិនចង់ប្តឹងផ្ដល់អីដែរ ដើម្បីកុំឲ្យវែងឆ្ងាយ។ តែចំពោះលោកគ្រូ រ៉ុង ឈុន ជាមួយលោកស្រី យ៉ាង សុភ័ណ្ឌ ខាងខ្ញុំដាច់ខាត់ត្រូវតែប្ដឹង ព្រោះខាងក្រុមហ៊ុនខ្ញុំបានខាតបង់ប្រាក់អស់ពី ៥ ទៅ ៦លានដុល្លារ»។
យ៉ាងនេះក្ដី លោក រ៉ុង ឈុន បានស្វាគមន៍នូវរាល់ពាក្យបណ្ដឹងប្រឆាំងរូបលោក ហើយថា លោកហ៊ានទទួលខុសត្រូវចំពោះការដឹកនាំកម្មកររោងចក្រតៃណាន ឬតៃយ៉ាង ធ្វើកូដកម្ម ព្រោះលោកយល់ថា ការធ្វើកូដកម្មរបស់កម្មកររោងចក្រតៃយ៉ាង មិនខុសច្បាប់ទេ គឺបានជូនដំណឹងទៅស្ថាប័នពាក់ព័ន្ធ រួមមាន អាជ្ញាធរក្រសួងការងារ ក្រសួងសង្គមកិច្ច និងក្រុមហ៊ុន មុននឹងធ្វើកូដកម្ម។
កម្មករកម្មការិនីរោងចក្រតៃណាន ឬតៃយ៉ាងទី១ ទី២ និងខាំវែល បានធ្វើកូដកម្មទារឲ្យភាគីនិយោជក ឬថៅកែក្រុមហ៊ុន ផ្ដល់ប្រាក់អត្ថប្រយោជន៍តាមច្បាប់ស្ដីពីការងារលើ ៥ចំណុច ឬស្នើ ១៧០ដុល្លារសហរដ្ឋអាមេរិក ក្នុង១ឆ្នាំ សំរាប់កម្មករម្នាក់ និងសុំឲ្យនិយោជកផ្ដល់ប្រាក់អត្ថប្រយោជន៍យ៉ាងតិចចំនួន ១៣៥ដុល្លារ ក្នុង១ឆ្នាំសំរាប់កម្មករម្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។