បក្ស​នរោត្ដមរណឫទ្ធិ​ជំរុញ​​ហ៊្វុនស៊ិនប៉ិច​ឲ្យ​ចូល​រួម​បង្កើត​​បក្ស​ថ្មី​មួយ

គណបក្ស នរោត្តម រណឫទ្ធិ ផ្ញើ​លិខិត​ផ្លូវការ​លើក​ទី​២ សុំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឲ្យ​ចូល​រួម​ជាមួយ​ខ្លួន ដើម្បី​បង្កើត​គណបក្ស​រាជា​និយម​ថ្មី​មួយ ឈ្មោះ ហ៊្វុនស៊ិនប៉ិច​៨១។
ដោយ អ៊ុក សាវបូរី
2010.12.31
រណឫទ្ធិ ៣០៥ សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ថ្លែង​ទៅ​កាន់​សមាជិក សមាជិកា​គណបក្ស នរោត្ដម រណឫទ្ធិ បន្ទាប់​ពី​អង្គ​សមាជ​វិសាមញ្ញ​បាន​ជ្រើស​តាំង​ព្រះអង្គ​ជា​ប្រធាន​គណបក្ស នរោត្ដម រណឫទ្ធិ នៅ​មជ្ឈមណ្ឌល​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១០។
RFA/Den Ayuthyea

លិខិត​ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ បាន​សរសេរ​ដែរ​ថា បើ​គណបក្ស​ថ្មី​នេះ​កើត​ចេញ​ជា​រូប​រាង តំណែង​ប្រធាន​បក្ស​រាជា​និយម​ថ្មី​ឈ្មោះ ហ៊្វុនស៊ិនប៉ិច​៨១ ត្រូវ​តែ​ប្រគល់​ឲ្យ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន​បក្ស។

លោក ប៉ែន សង្ហា តំណាង​គណបក្ស នរោត្តម រណឫទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​ធ្នូ​ថា ៖ «ខ្ញុំ​មិន​និយាយ​ថា យល់​ព្រម​ទេ ប៉ុន្តែ​ខ្ញុំ​សុំ​និយាយ​ថា ឯកឧត្តម កែវ ពុទ្ធរស្មី កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១០ បាន​ជួប​ពិភាក្សា​ជាមួយ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយ​បាន​យល់​ឃើញ​ថា ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម​គណបក្ស​រាជា​និយម​ឲ្យ​ទៅ​ជា​គណបក្ស​រាជា​និយម​តែ​មួយ ក្រោម​ឈ្មោះ​ថា ហ៊្វុនស៊ិនប៉ិច​៨១»

អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង បាន​ប្រសាសន៍​ថា លិខិត​ពី​គណបក្ស នរោត្តម រណឫទ្ធិ ទើប​ផ្ញើ​មក​ថ្មី​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ។

លោក​ថា ទោះ​ជា​យ៉ាង​ណា គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តែ​ប្រកាន់​ជំហរ​មិន​ទទួល​យក​សំណើ​បន្ថែម​ឈ្មោះ​គណបក្ស​មាន​កន្ទុយ​លេខ​៨១​ទេ ៖ «បើ​ចង់​បង្រួបបង្រួម​គ្នា​ដដែល​ទេ ចាំបាច់​មាន​៨១ ៨២​អី យើង​ចេញ​ពី​ផ្ទះ​តែ​មួយ ជាមួយ​តែ​គ្នា​ដដែល»

តំណាង​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​១២ ខែ​ធ្នូ ឆ្នាំ​២០១០ គណបក្ស នរោត្តម រណឫទ្ធិ បាន​ឃើញ​លិខិត​ជូន​ដំណឹង​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​ទទួល​យក​ការ​ស្នើ​សុំ​បង្រួបបង្រួម​គណបក្ស​ទាំង​២​នោះ​ទេ។ នៅ​ថ្ងៃ​១៤ ខែ​ធ្នូ ឆ្នាំ​២០១០ ទើប​មាន​លិខិត​ផ្លូវការ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ផ្ញើ​ជូន​គណបក្ស នរោត្តម រណឫទ្ធិ ថា មិន​ទទួល​យក​សំណើ​ឈ្មោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មាន​លេខ​៨១ នៅ​កន្ទុយ​នោះ​ទេ។

លោក​បាន​ពន្យល់​ថា លេខ​៨១ គឺ​ជា​ឆ្នាំ​កំណើត​បង្កើត​រណសិរ្ស​រួបរួម​ជាតិ ដើម្បី​កម្ពុជា​ឯករាជ្យ​សន្តិភាព និង​សហប្រតិបត្តិការ​ជា​ភាសា​បារាំង ហៅ​ថា FUNCINPIC ដែល​បាន​កើត​ឡើង​ពី​ថ្ងៃ​២១ ខែ​មីនា ឆ្នាំ​១៩៨១ កាល​នោះ បង្កើត​ដោយ​សម្ដេច​ឳ។ នៅ​ឆ្នាំ​១៩៩២ ខែ​មិថុនា រណសិរ្ស​នេះ បាន​ប្ដូរ​ឈ្មោះ​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ រហូត​មក។

លោក ប៉ែន សង្ហា សម្ដែង​ការ​សោកស្ដាយ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​គួរ​ប្រញាប់​ច្រាន​ចោល​សំណើ​របស់​គណបក្ស នរោត្តម រណឫទ្ធិ​នោះ​ទេ។

លោក​បន្ត​ថា ៖ «បើ​សិន​ជា​យើង​ពិត​ជា​មាន​បំណង​ឲ្យ​មាន​ការ​រួបរួម​គ្នា​នោះ យើង​គួរ​តែ​ស្នើ​ឲ្យ​មាន​ការ​ចរចា​អ៊ីចេះ​អ៊ីចុះ​សិន​ទៅ បាន​វា​ជា​ការ​ល្អ​មើល ប្រសើរ​ជាង​ការ​ច្រានចោល។ មាន​ន័យ​ថា បើ​ការ​ច្រានចោល មាន​ន័យ​ថា ទ្វារ​ហាក់​ដូច​ជា​បិទ»

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា មិន​ចោទ​ជា​បញ្ហា​ចំពោះ​ការ​រួម​គណបក្ស​គ្នា​បង្កើត​ឈ្មោះ​គណបក្ស​ថ្មី​នោះ​ទេ។ ប្រសិន​បើ​គណបក្ស​ទាំង​២ ចង់​រួបរួម​គ្នា​មែន​នោះ អ្វី​ដែល​សំខាន់ គឺ​លើ​យុទ្ធសាស្ត្រ និង​ឧត្ដម​គតិ​រួម​គ្នា ដើម្បី​ផលប្រយោជន៍​រួម​គ្នា​ទើប​ជា​ការ​សំខាន់។

មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច មួយ​ចំនួន​ទៀត សម្ដែង​យោបល់​ថា ប្រសិន​បើ​មេ​គណបក្ស​ទាំង​២ បាន​ចរចា​គ្នា​ត្រូវរ៉ូវ បង្កើត​គណបក្ស​រាជា​និយម​ថ្មី ពួកគាត់​ខ្លះ​គាំទ្រ​ឲ្យ​សម្ដេច​ក្រុមព្រះ​ដឹក​នាំ ក៏​ប៉ុន្តែ​អាច​មាន​បញ្ហា​ប៉ះ​ពាល់​អំណាច​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​២  នៅ​មូលដ្ឋាន​នានា៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។