កាលពីពេលថ្មីៗ ក្រុមមន្ត្រីចំនួន ១១រូប ដាក់ពាក្យបណ្ដឹងមួយច្បាប់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់ថា ប្រធានមន្ទីរបានកិបកេងប្រាក់បេសកកម្មរបស់រដ្ឋជាច្រើនលានរៀល ក្នុងរយៈពេល ៣ឆ្នាំមកនេះ។ ក៏ប៉ុន្តែ ប្រធានមន្ទីរបានបដិសេធថា ការចោទប្រកាន់នោះ គឺជារឿងមិនពិត ពីព្រោះគេមានឯកសារត្រឹមត្រូវថា លុយបេសកកម្មទាំងនោះបានបើកឱ្យមន្ត្រីជាច្រើនរូប។
តើរហូតមកដល់ពេលនេះ មានអាជ្ញាធរណាបានធ្វើជាអ្នកសម្របសម្រួលក្នុងរឿងនេះដែរឬទេ?
លោក គង់ ភឿន ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្តរមានជ័យ បានព្រមានកាលពីរសៀលថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ថា ក្រុមមន្ត្រីចំនួន ១១រូប នឹងប្រឈមមុខក្នុងផ្លូវច្បាប់ ពីបទក្លែងបន្លំស្នាមមេដៃ នៅក្នុងការធ្វើឯកសារតវ៉ាមួយចំនួន ប្រឆាំងនឹងរូបលោកនោះ។
លោក គង់ ភឿន បានមានប្រសាសន៍ទៀតថា ការដែលមន្ត្រីចំនួន ១១នាក់ បាននាំគ្នាផ្ដិតមេដៃប្ដឹងរូបលោកកន្លងទៅ គឺលោករកឃើញថា មានឈ្មោះ និងស្នាមផ្ដិតមេដៃខ្លះមិនមានម្ចាស់នៅក្នុងខេត្តឡើយ គឺបានចាកចេញទៅធ្វើការនៅឯប្រទេសថៃ ទៅហើយ។ ចំណែកអ្នកផ្ដិតមេដៃខ្លះទៀត ត្រូវបានគេបញ្ចុះបញ្ចូលឱ្យផ្ដិតមេដៃក្នុងរឿងផ្សេង ក៏ប៉ុន្តែបែរជាគេយកទៅបញ្ចូលក្នុងពាក្យប្ដឹងតវ៉ាទៅវិញ។
មន្ត្រីដដែលបានចោទប្រកាន់ឈ្មោះ សួស ទិត្ថា ជាប្រធានការិយាល័យជនជាតិភាគតិច ដែលជាអ្នកញុះញង់ឱ្យកើតចេញការតវ៉ារឿងកិបកេងប្រាក់បេសកកម្មនោះ ក៏ប៉ុន្តែ ការពិតពុំមានបញ្ហាដូច្នេះឡើយ៖ «ទាក់ទងទៅនឹងមន្ត្រីចំនួន ១១នាក់ ដែលបានប្ដឹងនោះ ក្នុងនោះលោក សួស ទិត្ថា គាត់ជាមេខ្លោង លួងលោមគេដើម្បីឱ្យគេផ្ដិតមេដៃ ដោយកុហកគេថា យកទៅរត់ការធ្វើជាអនុប្រធានមន្ទីរ ក៏ប៉ុន្តែ ឱ្យផ្ដិតនោះ គឺផ្ដិតនៅលើក្រដាសសទេ។ ទាក់ទងទៅនឹងថវិកាបេសកកម្មវិញ ខាងការិយាល័យរដ្ឋបាល និងគណនេយ្យ គេមានឯកសារច្បាស់លាស់ ហើយចំពោះមន្ត្រីដែលគេមកទទួលថវិកា គឺគេមានហត្ថលេខានៅលើឯកសារ ដែលទទួលយកថវិកាហ្នឹងគ្រប់ចំនួន ហើយឯកសារនោះជាភស្តុតាងត្រឹមត្រូវ»។
ប្រតិកម្មរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទនេះ បានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ កន្លងទៅ ក្រុមមន្ត្រីចំនួន ១១នាក់ របស់មន្ទីរនេះ បានរួមគ្នាផ្ដិតមេដៃធ្វើពាក្យបណ្ដឹងមួយច្បាប់ ដាក់ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់ថា ប្រធានមន្ទីរបានកិបកេងប្រាក់បេសកកម្មបុគ្គលិកជាច្រើនលានរៀល។
កាលពីពេលថ្មីៗ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានបញ្ចេញនូវឯកសារជាច្រើន ទាក់ទងនឹងការបើកប្រាក់ទៅឱ្យមន្ត្រីយកទៅធ្វើការងារ។ ការបញ្ចេញនេះ ដើម្បីជាការបញ្ជាក់ហេតុផលថា គេពុំបានកិបកេងប្រាក់បេសកកម្មដូចការចោទប្រកាន់ទេ។
ចំណែក លោក សួស ទិត្ថា ដែលកំពុងទទួលរងការចោទប្រកាន់ថា គឺជាមេខ្លោងញុះញង់ឱ្យមានការតវ៉ានោះ បានបដិសេធថា លោកគ្រាន់តែជាអ្នកតវ៉ាម្នាក់នៅក្នុងចំណោមមន្ត្រីទាំង ១១រូប មិនមែនលោកជាមេខ្លោងដូចការចោទប្រកាន់នោះឡើយ។ ឯការដែលថា លោកដឹកនាំធ្វើនេះ បន្ទាប់ពីមានកំហឹង ដោយសារតែមិនបានឡើងធ្វើជាអនុប្រធានមន្ទីរ គឺពុំពិតទេ៖ «អត់ទេ ការចោទប្រកាន់នោះ គឺមិនត្រឹមត្រូវទេ ព្រោះការផ្ដិតមេដៃ សុទ្ធតែសាមីខ្លួនស្ម័គ្រចិត្តធ្វើទាំងអស់គ្នា។ បើចោទតែខ្ញុំម្នាក់ គឺមិនត្រូវទេ។ ខ្ញុំគ្រាន់តែចូលរួមដែរទេ ដល់ពេលគេធ្វើរបាយការណ៍ គេទម្លាក់កំហុសមកលើខ្ញុំថា ខ្ញុំអ្នកញុះញង់ឱ្យគេផ្ដិតមេដៃ។ អារឿងដែលគេផ្ដិតមេដៃ ១១នាក់ហ្នឹង ម្នាក់អត់នៅទេ អាហ្នឹងទាក់ទងជាមួយ ប៉ាល់ ឡេងហ៊ាង»។
ជុំវិញជម្លោះនេះ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា គេបានប្រមូលឯកសារ និងភស្តុតាងបានគ្រប់គ្រាន់ ដើម្បីការពារខ្លួន ហើយបានដាក់ឯកសារទាំងនោះទៅអភិបាលខេត្តឧត្តរមានជ័យ ដើម្បីឱ្យពិនិត្យមើល និងចាត់វិធានការតាមផ្លូវច្បាប់។
ទោះយ៉ាងណា លោក ប៉ាល់ ឡេងហ៊ាង ជាមន្ត្រីម្នាក់ដែលសកម្ម និងការដើររកស្នាមមេដៃ ដើម្បីប្ដឹងប្រធានមន្ទីរនោះ បានអះអាងថា ស្នាមមេដៃទាំងនោះ គឺមន្ត្រីមួយចំនួនបានផ្ដិតពិតប្រាកដ មិនក្លែងបន្លំទេ ហើយក៏មិនមែនដើម្បីគាំទ្រ លោក សួស ទិត្ថា ឱ្យធ្វើជាអនុប្រធានមន្ទីរដែរ គឺផ្ដិតដើម្បីប្ដឹងប្រធានមន្ទីរពាក់ព័ន្ធនឹងការកិបកេងប្រាក់បេសកកម្មជាង ៣ឆ្នាំមកនេះ។ លោក ប៉ាល់ ឡេងហ៊ាង បានតាំងចិត្តថា ទោះយ៉ាងណាក៏ដោយ ក៏ក្រុមរបស់លោកចំនួន ១០នាក់ នឹងត្រៀមខ្លួនតទល់គ្នានៅចំពោះមុខច្បាប់ ប្រសិនបើប្រធានមន្ទីរប្ដឹងក្រុមរបស់លោកទៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។