ប្រជាពលរដ្ឋរស់នៅឃុំកាំងចាម ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងរង់ចាំមណ្ឌលសុខភាព ដែលអាជ្ញាធរសន្យាថា នឹងផ្ដល់ជូនជាយូរមកហើយនោះ។ ពួកគាត់អះអាងថា ស្ត្រី និងកុមារជាអ្នកដែលប្រឈមខ្លាំងផ្នែកបញ្ហាសុខភាព ហើយស្ត្រីមានផ្ទៃពោះនៅឃុំនេះមួយចំនួនដែលមានជីវភាពខ្វះខាត មិនអាចមានលទ្ធភាពទៅពិនិត្យផ្ទៃពោះបានឡើយ ព្រោះពួកគាត់មិនមានសោហ៊ុយគ្រប់គ្រាន់។
អ្នកភូមិកាំងចាម ឃុំកាំងចាម លោកស្រី ឯក សុផល ឈរលើក្បូន ដៃទាញអូសខ្សែរ៉កចំលងមនុស្សឆ្លងអូរផងនោះ រៀបរាប់ថា ប្រជាជននៅឃុំកាំងចាម ភាគច្រើនរកលុយពីការនេសាទ និងលក់អុស សម្រាប់បង់ថ្លៃថ្នាំពេទ្យពេលឈឺម្ដងៗសឹងមិនគ្រាន់ឡើយ។ លោកស្រីបន្តថា រាល់ពេលធ្លាក់ខ្លួនឈឺ ពលរដ្ឋត្រូវជិះទូកចម្ងាយជាង ៣០គីឡូម៉ែត្រពីឃុំកាំងចាម ទៅស្រុកថាឡាបរិវ៉ាត់ ឬក្រុងស្ទឹងត្រែង ដោយបង់ថ្លៃទូកម្នាក់ៗអស់ជាង ១ម៉ឺនរៀល។
អ្នកស្រី ឯក សុផល បញ្ជាក់ថា អាជ្ញាធរធ្លាប់ប្រាប់ថា នឹងបង្កើតមណ្ឌលសុខភាពសម្រាប់ព្យាបាលជំងឺ ប៉ុន្តែបោះឆ្នោតជាច្រើនអាណត្តិហើយនៅតែមិនឃើញមានមណ្ឌលសុខភាពទៀត៖ «បើមានមណ្ឌលសុខភាពអី ឈឺថ្កាត់បន្តិចបន្តួចអីមកពីស្រុកឆ្ងាយឲ្យទាន់»។
លោកស្រី ឯក សុផល បន្តថា លោកស្រីស្ដាប់លឺវិទ្យុគេផ្សាយថា ជំងឺគ្រុនចាញ់ព្យាបាលមិនចំណាយលុយទេនៅតាមផ្ទះអ្នកស្ម័គ្រចិត្តភូមិ និងមណ្ឌលសុខភាព ដោយឃុំកាំងចាម អត់មណ្ឌលសុខភាព។ កូនប្រុសលោកស្រី ឈឺគ្រុនចាញ់ទៅពេទ្យឯកជននៅខេត្ត ព្យាបាលអស់ប្រាក់ជាង ២០ម៉ឺនរៀល។
ទន្ទឹមនឹងនេះ លោកស្រី សេក អែម ជាឆ្មបបុរាណនៅភូមិកាំងចាម មានប្រសាសន៍ថា កាលពី ៧ឆ្នាំមុន លោកស្រីជាអ្នកបង្កើតកូនឲ្យអ្នកភូមិស្ទើរគ្រប់គ្នា ប៉ុន្តែពេលក្រោយមកទៀត ខាងមណ្ឌលសុខភាព ស្រុកថាឡាបរិវ៉ាត់ មិនអនុញ្ញាតឲ្យគាត់បង្កើតកូនឲ្យអ្នកស្រុកទេ ដោយហេតុថាខ្លាចគ្រោះថ្នាក់។ លោកស្រីបន្តថា ដោយសារមណ្ឌលសុខភាពនៅឆ្ងាយ អ្នកខ្លះឆ្លងទូកទៅពេទ្យខេត្តមិនទាន់ដល់ពេទ្យផង មានគ្រោះថ្នាក់បាត់បង់អាយុជីវិតក៏មាន។
លោកស្រី សេក អែម បន្តថា បើសិនជាមានមណ្ឌលសុខភាពនៅសហគមន៍កាំងចាមនោះ នឹងអាចកាត់បន្ថយការគ្រោះថ្នាក់បានច្រើនជាមិនខាន៖ «មានជំងឺឈឺថ្កាត់អីក៏ងាប់ទៅណា មានទម្ងន់គេឲ្យបញ្ជូនទៅមណ្ឌលហ្នឹងណាគេឲ្យយើងដេកចាំ យើងអ្នកក្រត្រូវការហូបចុកហ្នឹងណា»។
លោកស្រី សេក អែម បន្តថា ឃុំកាំងចាម កើតតាំងពីឆ្នាំ១៩៧៩ ប៉ុន្តែមិនដែលធ្លាប់មានមណ្ឌលសុខភាពនៅក្នុងឃុំឡើយ។
ប្រជាពលរដ្ឋនៅឃុំកាំងចាមសព្វថ្ងៃ ព្យាបាលជំងឺដោយអ្នកខ្លះប្រើថ្នាំបូរាណ ដែលលឺគេប្រាប់តៗគ្នា។ កាលពីថ្ងៃទី១២ ខែសីហា ស្ត្រីម្នាក់ត្រូវបានសត្វអាពីងខាំ អ្នកស្រុកទីនោះម្ដងយកខ្ទឹមបុកហើយលាប អ្នកខ្លះទៀតបង្គាប់ឲ្យហូបធ្យូង អ្នកខ្លះបង្គាប់ឲ្យយកអាចម៍ក្របីលាប។ ពេលដែលប្ដីរបស់ស្ត្រីម្នាក់នោះជិះទូកអស់រយៈពេលយ៉ាងយូរទៅទិញថ្នាំនៅផ្ទះពេទ្យឯកជន ពេទ្យនោះបែរជាមិនមានថ្នាំលក់ឲ្យទៅវិញ។ ស្ត្រីម្នាក់នោះត្រូវទ្រហោយំអស់រយៈពេលជាច្រើនម៉ោង ដោយការឈឺចាប់។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីលោក ហេង ញើ ប្រធានមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង បានទេ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ ដោយលោកប្រាប់ថា រវល់មិនមានពេលឆ្លើយសំណួរ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលម្នាក់សុំមិនប្រាប់ឈ្មោះឲ្យដឹងថា ការបង្កើតមណ្ឌលសុខភាពមួយទៅបានអាស្រ័យដោយចំនួនប្រជាពលរដ្ឋនៅឃុំនោះ ចាប់ពី ៨ពាន់នាក់ទៅ ១ម៉ឺន២ពាន់នាក់ឡើងទៅ។ លោកបន្តថា មណ្ឌលសុខភាពក៏ត្រូវមានទីតាំងសមរម្យ និងត្រូវមានគ្រូពេទ្យជំនាញដែរទើបអាចដំណើរការបាន។
មេឃុំកាំងចាម លោក ឃឹម សុខា មានប្រសាសន៍ថា ប្រសិនណាអាចបង្កើតមណ្ឌលសុខភាពនៅកាំងចាមបាន នោះនឹងអាចបម្រើសេវាសុខភាពប្រជាពលរដ្ឋបានចំនួន ៣ឃុំ គឺឃុំកាំងចាម ឃុំអូររៃ និងឃុំកោះត្រឡាច ស្រុកសៀមបូក ដែលស្ថិតិពលរដ្ឋនៅឃុំទាំងបី ជិតមួយម៉ឺននាក់។ លោកបន្តថា សព្វថ្ងៃពលរដ្ឋនៅឃុំទាំងបីពិតជាត្រូវការមណ្ឌលសុខភាព ដែលមានពេទ្យជំនាញសម្រាប់ពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ។
លោក ឃឹម សុខា បញ្ជាក់ថា គម្រោងសាងសង់មណ្ឌលសុខភាពមានជាយូរមកហើយ ព្រមទាំងមានដីសម្រាប់សាងសង់ស្រាប់ទៀតផង តែនៅតែមិនឃើញថ្នាក់លើធ្វើឲ្យទៀត៖ «បើថាការជួបផលលំបាកផ្នែកសុខភាពគឺធ្ងន់ធ្ងរណាស់នៅតំបន់នេះ ព្រោះមណ្ឌលសុខភាពនៅឆ្ងាយ ជួនកាលដាក់អ្នកសម្រាលកូនអី តាមទូកអីកើតកណ្ដាលទន្លេក៏មានច្រើនដែរ»។
មណ្ឌលសុខភាពរបស់រដ្ឋមានតួនាទីផ្ដល់សេវាសុខភាពលើផ្នែកមួយចំនួន ដូចជាពិនិត្យ និងពិគ្រោះជំងឺក្រៅមានពិនិត្យកំហាក ជំងឺសួត ពិនិត្យ និងព្យាបាលរលាកបំពង់ក ពិនិត្យព្យាបាលរោគរបេង ពិនិត្យ និងព្យាបាលគ្រុនចាញ់កម្រិតស្រាល។ សេវាថែទាំសុខភាពមាតា និងទារកមុនសម្រាល ពេលសម្រាល ក្រោយសម្រាល។ វះកាត់តូចដូចជា បូស និងដេររបួស លាងរបួសជាដើម។
យ៉ាងណាក៏ដោយ លោកស្រី ឯក សុផល នៅតែទទូចស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យផ្ដល់សេវាសុខភាពសាធារណៈជូនពលរដ្ឋឃុំកាំងចាម និងឃុំជិតខាង ព្រោះសេវាថែទាំសុខភាពសាធារណៈ នៅឃុំទាំងនោះ ស្ថិតនៅចំណុចសូន្យនៅឡើយ។
តាមរយៈគេហទំព័រក្រសួងសុខាភិបាលបង្ហាញថា ខេត្តស្ទឹងត្រែង មានការិយាល័យស្រុកប្រតិបត្តិ ចំនួន ១ គឺស្រុកប្រតិបត្តិស្ទឹងត្រែង។ មន្ទីរពេទ្យបង្អែកចំនួន ១ មណ្ឌលសុខភាពចំនួន ១១ ដែលមានចំនួន ០៨ កំពុងដំណើរការ និងប៉ុស្តិ៍សុខភាពចំនួន ៣។
ខេត្តស្ទឹងត្រែង ជាខេត្តមួយដែលទទួលបណ្ដុះបណ្ដាលគ្រូពេទ្យមធ្យម បឋម និងឆ្មប ដែលមានគរុសិស្សពេទ្យជាច្រើននាក់ ត្រូវបានបណ្ដុះបណ្ដាលក្នុង ១ឆ្នាំៗ។ ឃុំកាំងចាម មានចម្ងាយពីទីប្រជុំជនស្រុកថាឡាបរិវ៉ាត់ ជាង ៣០គីឡូម៉ែត្រ និងត្រូវធ្វើដំណើរជិះទូកពីមួយម៉ោងកន្លះទៅ ពីរម៉ោង។ អ្នកជំងឺម្នាក់ត្រូវចំណាយប្រាក់ ៨ម៉ឺនរៀលក្នុងការម៉ៅទូកទៅពេទ្យម្តងៗ។
ក្រុមអ្នកវិភាគមើលឃើញថា ពេលដែលប្រជាពលរដ្ឋមិនទទួលបាននូវសេវាសុខភាពសាធារណៈ បានន័យថា រដ្ឋាភិបាលបរាជ័យក្នុងដំណើរការអភិវឌ្ឍន៍វិស័យសុខាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។