ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម លោកស្រី ហេឡិន ចាវីស (Helen Jarvis) បានមានប្រសាសន៍ថា លោក ខៀវ សំផន ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីទទួលបានការត្រួតពិនិត្យតាមដានពីសំណាក់វេជ្ជបណ្ឌិតឯកទេស រួចមក ។
លោកស្រី ហេឡិន ចាវីស មានប្រសាសន៍ដូច្នេះថា ៖ «វេជ្ជបណ្ឌិត យល់ព្រមឲ្យលោក ខៀវ សំផន ចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានឃើញថា ស្ថានភាពសុខភាពរបស់គាត់មានភាពប្រសើរឡើងហើយនោះ» ។
អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៨ កន្លងទៅ បន្ទាប់ពីសម្ពាធឈាមបានឡើងខ្ពស់ ។
កាលពីពេលថ្មីៗនេះ មេធាវីរបស់លោក ខៀវ សំផន គឺលោក សាយ បូរី បានប្រាប់អ្នកកាសែតថា សុខភាពរបស់លោក ខៀវ សំផន មានសភាពធ្ងន់ធ្ងរ ដោយលោកនិយាយមិនច្បាស់និងផ្នែកខាងឆ្វេងនៃសារពាង្គកាយកម្រើក បានតិចតួច ។
លោក ខៀវ សំផន ដែលឆ្នាំនេះ មានអាយុ ៧៦ឆ្នាំ ត្រូវបានសាលាក្ដីខ្មែរក្រហម ឃុំខ្លួននិងចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្រ្គាម ៕
