សម រង្ស៊ី​មិន​បារម្ភ​ចំពោះ​ការ​ប្ដឹង​របស់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង

2009-11-03

ប្រធាន​បក្ស​ប្រឆាំង​លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា លោក​មិន​ភ័យ​ព្រួយ​ចំពោះ​ការ​ប្តឹង​របស់​អាជ្ញាធរ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ពី​បទ​ចោទ​ប្រកាន់​លោក​ថា​បាន​ប្រព្រឹត្ត​បទ​ព្រហ្មទណ្ឌ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​កាល​ពី​ថ្ងៃ​២៥ តុលា​នោះ​ទេ។

RFA/Ayuthyea

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង ក្រោយ​ដែល​លោក​បាន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​របស់​អង្គការ​អន្តរជាតិ​នៃ​គណបក្ស​សេរី​និយម នៅ​ក្នុង​ប្រទេស​អេហ្សីប​មក បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ថា លោក​មិន​មាន​ការ​តក់ស្លុត​ចំពោះ​ការ​ប្តឹង​របស់​អាជ្ញាធរ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដែល​បាន​ចោទ​លោក​ថា បាន​ប្រព្រឹត្ត​​បទ​​ព្រហ្មទណ្ឌ បំផ្លាញ​សម្បត្តិ​ទ្រព្យ​សាធារណៈ បន្ទាប់​ពី​មាន​ការ​​ដក​បង្គោល​ឈើ​៦​ដើម​ចេញ​ពី​ក្នុង​ស្រែ​របស់​ប្រជាពលរដ្ឋ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ខណៈ​ដែល​គណបក្ស​សមរង្ស៊ី បាន​ដង្ហែ​បុណ្យ​កឋិនទាន​មួយ​ចូល​ទៅ​វត្ត​អង្គរំដេញ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ពី​២០០ ទៅ​៣០០​ម៉ែត្រ​ពី​ព្រំដែន​ប្រទេស​វៀតណាម​នោះ​ទេ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ថា ចំពោះ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​នេះ លោក​ចង់​ឲ្យ​តុលាការ​អន្តរជាតិ​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាកសិករ​ខ្មែរ​បាត់​បង់​ដី​ស្រែ​ចម្ការ ហើយ​ដែល​បាន​ចោទ​ថា វៀតណាម​បាន​បោះ​បង្គោល​រំលោភ​យក​ដីរបស់​ពួកគាត់។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​អត់​ខ្លាច​ទេ បើ​រដ្ឋាភិបាល​ប្រទេស​វៀតណាម​ប្ដឹង​ខ្ញុំ ប្ដឹង​ទៅ បើ​រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ​ទីក្រុង​ភ្នំពេញ​ប្ដឹង​ខ្ញុំ ក៏​ប្ដឹង​ទៅ តែ​ខ្ញុំ​សុំ​ប្ដឹង​អន្តរជាតិ ដើម្បី​ឲ្យ​អន្តរជាតិ​ជួយ​ការពារ​ទឹក​ដី​ខ្មែរ​ផង។ ខ្ញុំ​សូម​ឲ្យ​មាន​ការ​កោះ​ប្រជុំ​សន្និសីទ​អន្តរជាតិ​ស្ដីពី​កម្ពុជា សូម​ឲ្យ​ប្រទេស​ដែល​ជា​ហត្ថលេខី មាន​ប្រទេស​១៨​ដែល​មាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស កាល​ពី​ឆ្នាំ​១៩៩១ សូម​ឲ្យ​ជួប​ជុំ​គ្នា​បើក​ប្រជុំ​វិញ​ថា ឥឡូវ​នេះ​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា​ត្រូវ​គេ​រំលោភ។ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ធានា​ថា ប្រទេស​ហត្ថលេខី​ទាំង​អស់​នឹង​ជួយ​ប្រទេស​កម្ពុជា ពេល​ណា​ដែល​ប្រទេស​កម្ពុជា ត្រូវ​គេ​រំលោភ​បូរណភាព​ទឹក​ដី។ ឥឡូវ​បូរណភាព​ទឹក​ដី​កម្ពុជា ត្រូវ​គេ​រំលោភ​ហើយ ពីព្រោះ​យើង​មាន​ភស្តុតាង​គ្រប់គ្រាន់​ហើយ»

ស្តីពី​ពាក្យ​បណ្តឹង​របស់​អាជ្ញាធរ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ថា ករណី​បណ្តឹង​នេះ បាន​ទៅ​ដល់​តុលាការ​ខេត្ត​ស្វាយរៀង​ហើយ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ដូច្នេះ ៖ «ខ្ញុំ​បាន​ដឹង​ថា អាជ្ញាធរ​នៅ​ខេត្ត​ស្វាយរៀង ស្រុក​ចន្រ្ទា គេ​បាន​ប្ដឹង​ខ្ញុំ​ថា ខ្ញុំ​បាន​ដក​បង្គោល​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ ពីព្រោះ​ខ្ញុំ​បាន​ដក​បង្គោល​ហ្នឹង​យក​ទៅ​គ្រវាត់​ចោល ហើយ​គេ​បាន​អះអាង​ថា បង្គោល​ហ្នឹង​កំណត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម។ តំណាង​គណបក្ស​សមរង្ស៊ី​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ស្រុក​ចន្រ្ទា បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​ខ្ញុំ​ថា ឥឡូវ​ហ្នឹង​ពាក្យ​បណ្ដឹង​របស់​អាជ្ញាធរ​ស្រុក​ចន្រ្ទា បាន​ទៅ​ដល់​តុលាការ​ខេត្ត​ស្វាយរៀង​ហើយ។ គេ​ប្ដឹង​ខ្ញុំ​ពី​បទ​ព្រហ្មទណ្ឌ គឺ​ធ្ងន់ធ្ងរ​ណាស់ រឿង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ»

ម៉ៅ សុធានី ៖ តើ​ឯកឧត្ដម​បាន​ដក​បង្គោល​ហ្នឹង​មែន ឬ​ក៏​យ៉ាង​ម៉េច?

សម រង្ស៊ី ៖ ជា​ធម្មតា​ប្រជាពលរដ្ឋ​តែង​តែ​និយាយ​ពី​ការ​ខ្វះខាត​ជីវភាព​រស់​នៅ​យ៉ាប់យ៉ឺន ភាព​ក្រីក្រ ប៉ុន្តែ​លើក​នេះ​និយាយ​តែ​មួយ​គត់ គឺ​រឿង​យួន​យក​ដី​ខ្មែរ ដល់​ខ្ញុំ​ស្ដាប់​ទៅ​យល់ ហេតុ​អី​បាន​អ្នក​ទាំង​អស់​គ្នា​អត់​មាន​និយាយ​រឿង​អី និយាយ​តែ​ពី​បញ្ហា​ដែល​គេ​មក​បោះ​បង្គោល? គេ​ហ្នឹង​សួរ​ថា​នរណា? គេ​ហ្នឹង គឺ​ក្រុម​បច្ចេកទេស​ចម្រុះ ដូច​ថា មាន​យួន​១០​នាក់ ខ្មែរ​១នាក់។ មុន​នឹង​បោះ​បង្គោល​ហ្នឹង គេ​មក​វាស់ វាស់​ហើយ​គេ​មាន​ប្រដាប់​ឆ្លុះ ប៉ុន្តែ​ប្រជាពលរដ្ឋ​លោក​អត់​យល់​ទេ លោក​ថា មិន​ដឹង​ជា​វាស់​ស្អី លោក​ធ្វើ​ស្រែ​នៅ​លើ​ដី​ស្រែ​របស់​ពួកគាត់​ហ្នឹង ដី​ស្រែ​ហ្នឹង​គឺ​ជា​ទឹក​ដី​ខ្មែរ គាត់​ធ្លាប់​ធ្វើ​ស្រែ​អ៊ីចឹង​១០-​៣០ឆ្នាំ​ហើយ អត់​ដែល​មាន​រឿង​អី​ទេ ស្រាប់​តែ​មក​ដល់​ថ្ងៃ​ហ្នឹង ប៉ុន្មាន​ខែ​កន្លង​មក​នេះ មាន​ក្រុម​បច្ចេកទេស​ចម្រុះ​យួន-​ខ្មែរ​គេ​ចុះ​មក។

គេ​ចុះ​មក​វាស់​ចុះ​វាស់​ឡើង ឆ្លុះ​ចុះ​ឆ្លុះ​ឡើង ស្រាប់​តែ​គេ​មក​បោះ​បង្គោល​លើ​ដី​គាត់ ចូល​ក្នុង​ទឹក​ដី​ខ្មែរ​ជ្រៅ ហើយ​អ្នក​ខ្លះ​បាត់​បង់​ដី​ស្រែ​តែម្ដង បាត់​បង់​រាប់​ហិកតារ ហើយ​អ្នក​ខ្លះ​បង្គោល​ដែល​គេ​យក​មក​បោះ​ហ្នឹង កាត់​ដី​គាត់​ពាក់​កណ្ដាល​ស្ទើរ​តែ​អស់​ដូច​អ្នក​ដទៃ​ទៀត​អ៊ីចឹង​ដែរ។ ពួកគាត់​ខឹង​ក្ដៅ​ក្រហាយ​ហើយ​ឈឺ​ចាប់ ឲ្យ​ពួក​ខ្ញុំ​ជា​អ្នក​តំណាង​រាស្រ្ដ​ហ្នឹង​ឲ្យ​ជួយ​គាត់​ផង ព្រោះ​កាល​មុន​គាត់​បាន​ដក​បង្គោល​ខ្លះ បង្គោល​ដែល​គេ​ទើប​ដាក់​ថ្មីៗ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​ហ្នឹង បាន​ស្ដី​បន្ទោស​គាត់​ថា មិន​ត្រូវ​ដក​ទេ គំរាម​កំហែង​ពួកគាត់​ថា តែ​ដក​នឹង​មាន​ទោស។ ដល់​ឃើញ​ខ្ញុំ​ពួក​តំណាង​រាស្រ្ដ​សមរង្ស៊ី​មក​ដល់​គាត់​ថា សូម​ពឹង​ផង ឲ្យ​ផ្ដាំ​ផ្ញើ​ផង ពីព្រោះ​អាជ្ញាធរ​នៅ​មូលដ្ឋាន​សម្លុត​ពួកគាត់​ណាស់ អ៊ីចឹង​ខ្ញុំ​ឃើញ​ពួកគាត់​ឈឺ​ចាប់ ហើយ​ឈឺ​ចាប់​មែន ទទេៗ​មក​យក​ដី​គាត់​ត្រង់ៗ​អ៊ីចឹង។ ខ្ញុំ​ថា ឥឡូវ​នេះ​បង្គោល​ហ្នឹង​ខ្ញុំ​អ្នក​ទទួល​ខុស​ត្រូវ​ទៅ​ចុះ យើង​ត្រូវ​តែ​ដក​ចេញ​ហើយ ដើម្បី​បើក​ផ្លូវ​ឲ្យ​ពួក​គាត់​យក​ដី​ស្រែ​គាត់​វិញ ឲ្យ​គាត់​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវិត​ជា​ធម្មតា​ទៅ។

ម៉ៅ សុធានី ៖ តើ​ប្រជាពលរដ្ឋ​ដែល​បាត់​បង់​ដី​ទាំង​មូល​ហ្នឹង មាន​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ទេ មាន​បាន​ប្ដឹង​ទៅ​ដល់​ថ្នាក់​លើ​បន្តៗ​ទៀត​ទេ ថា​តើ​រឿង​ហ្នឹង​គេ​ដោះស្រាយ​យ៉ាង​ម៉េច ឬ​ក៏​អត់​បាន​ប្ដឹង​ទេ?

សម រង្ស៊ី ៖ គាត់​អត់​មាន​ឱកាស​ឬ​លទ្ធភាព អត់​មាន​ទំនាក់​ទំនង​ទេ ពួកគាត់​នៅ​ភូមិ​ដាច់​ស្រយាល​អ៊ីចឹង គាត់​បាន​តែ​ប្ដឹង​មេ​ភូមិ​ឡើង​ទៅ​ដល់​សាលា​ឃុំ បាន​មក​ប្ដឹង​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​យាម​ព្រំដែន នគរបាល​ព្រំដែន​ហ្នឹង ប៉ុន្តែ​សូម្បី​តែ​នគរបាល​ព្រំដែន មន្រ្តី​រាជការ​យើង គឺ​ដូច​ខ្លាច​គេ​ណាស់ អ៊ីចឹង​កសិករ​ខ្មែរ​យើង​មិន​ដឹង​ជា​ពឹង​នរណា អ៊ីចឹង​ហើយ​បាន​ជា​គាត់​ឆ្លៀត​ឱកាស​ដែល​អង្គ​កឋិន ដែល​គណបក្ស​សមរង្ស៊ី​រៀបចំ ថា ឥឡូវ​មាន​អ្នក​ភ្នំពេញ​មក ក្រែង​មាន​អ្នក​ធំ​ខ្លះ​អាច​ជួយ​ពួកយើង​បាន។

សូម​រំឭក​ជូន​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​សុក្រ ទី​៣០ ខែ​តុលា កន្លង​មក​នេះ ក្រសួង​ការ​បរទេស​វៀតណាម បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ថ្កោល​ទោស​ទង្វើ​របស់​លោក សម រង្ស៊ី ថា​ជា​ទង្វើ​មិន​ត្រឹមត្រូវ ធ្វើ​តាម​តែ​ទំនើង​ចិត្ត រំលោភ​ច្បាប់​របស់​កម្ពុជា​និង​វៀតណាម និង​ជា​ទង្វើ​រំលោភ​លើ​សន្ធិ​សញ្ញា ព្រមទាំង​កិច្ច​ព្រមព្រៀង​នានា ដែល​កម្ពុជា​និង​វៀតណាម​បាន​ព្រមព្រៀង​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​ពី​មុន​មក។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ឆ្លើយ​តប​ពី​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ចំពោះ​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ខាង​លើ​បាន​នៅ​ឡើយ​ទេ នៅ​ព្រឹក​ថ្ងៃ​អង្គា ទី​៣ វិច្ឆិកា​នេះ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ពាណិជ្ជករ​ថៃ​ធំៗ​បារម្ភ​ពី​បញ្ហា​ទំនាស់​រវាង​រដ្ឋាភិបាល​ខ្មែរ​និង​ថៃ

ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​មាន​ការ​កើន​ឡើង

កម្ពុជា​បក​ស្រាយ​រឿង​ចាប់​ខ្លួន​និង​ហាម​​ថៃ​មិន​ឲ្យ​បញ្ជា​ចរាចរណ៍​ជើង​អាកាស

មន្ត្រី​ការ​បរទេស​ថៃ​ឲ្យ​កម្ពុជា​គោរព​តាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម

កម្ពុជា​ហាម​បុគ្គលិក​ថៃ​មិន​ឲ្យ​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ជើង​យន្តហោះ

កម្ពុជា​មិន​ទាន់​ទទួល​លិខិត​ផ្លូវការ​ស្នើ​សុំ​ដោះ​លែង​ចារកម្ម​ថៃ​នៅ​ឡើយ

តុលាការ​រាជធានី​ភ្នំពេញ​គ្រោង​បើក​សវនាការ​ករណី​មឿងសុន​ម្ដង​ទៀត

មន្រ្តី​រដ្ឋាភិបាល​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​និង​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី

ទស្សនៈ​នានា​ជុំវិញ​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី

អ្នក​កាសែត​ជាប់​ឃុំ​ម្នាក់​បន្ត​ប្ដឹង​ឧទ្ធរណ៍​ក្នុង​រឿង​ក្ដី​ជាមួយ​សយសុភាព