លោក សម រង្ស៊ី ត្រូវបានសភាឥណ្ឌូនេស៊ី អញ្ជើញលោកឲ្យចូលរួមក្នុងកិច្ចពិភាក្សាមួយចំនួនជាមួយសមាជិកតំណាងរាស្ត្រខ្លះ នៃគណបក្សផ្សេងៗគ្នាក្នុងសភាឥណ្ឌូនេស៊ី ផងដែរ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសុក្រ ទី១៤ កញ្ញា មានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងហ្សាកាតា ថា ជំនួបពិភាក្សារវាងលោក ជាមួយលោក ម៉ាទី ណាតាឡេហ្គាវ៉ា កាលពីថ្ងៃទី១៣ ខែកញ្ញា បានផ្ដោតសំខាន់លើស្ថានការណ៍នៅកម្ពុជា និងនៅតំបន់អាស៊ី។
លោកថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី មានជំហរដូចលោកដែរ គឺចង់ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន៖ «គាត់មិនមែននិយាយពីរឿងគណបក្សទេ គាត់និយាយអំពីគោលការណ៍ គឺគាត់គាំទ្រគោលការណ៍ឲ្យមានទំនាក់ទំនងល្អជាមួយនឹងប្រទេសកម្ពុជា គឺមានន័យថា មិនមែនតែជាមួយរដ្ឋាភិបាលទេ គឺជាមួយតំណាងរាស្ត្រ ជាមួយអង្គការក្រៅរដ្ឋាភិបាល។ គាត់យល់ឃើញថា រដ្ឋាភិបាលទាក់ទងគ្នាបានល្អហើយ តែតំណាងរាស្ត្រ និងតំណាងរាស្ត្រ អង្គការសង្គមស៊ីវិល ជាមួយតំណាងប្រជាពលរដ្ឋ ត្រូវតែទាក់ទងគ្នា ដើម្បីពង្រឹងមិត្តភាព នៃប្រទេសទាំងពីរ។ ធ្វើបែបនេះ គឺអាចយកគំរូល្អពីប្រទេសដែលគេបានអនុវត្តលទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំ ដូចជាប្រទេសឥណ្ឌូនេស៊ី»។
លោក សម រង្ស៊ី បានជួបពិភាក្សាជាមួយតំណាងរាស្ត្រឥណ្ឌូនេស៊ី មួយចំនួនទៀត ពីគណបក្សផ្សេងៗនៅក្នុងសភាឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ។
មុនធ្វើដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី នេះ លោក សម រង្ស៊ី បានទៅប្រទេសហ្វីលីពីន។ លោកបានជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន និងមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងប្រទេសនេះ៖ «នៅប្រទេសហ្វីលីពីន នោះ ខ្ញុំក៏បានជួបតំណាងរដ្ឋាភិបាល និងបានជួបប្រធានាធិបតីហ្វីលីពីន អាគីនូ តែម្តង។ លើកនេះ ខ្ញុំត្រូវបានព្រឹទ្ធសភាទទួលជាភ្ញៀវកិត្តិយស។ បានជួបជាមួយប្រធានព្រឹទ្ធសភា និងសមាជិកមកពីគណបក្សនយោបាយទាំងអស់»។
ដំណើរទស្សនកិច្ចនៅក្រៅប្រទេសរបស់លោក សម រង្ស៊ី ត្រូវបានគេមើលឃើញថា លោកកំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីប្រទេសមួយចំនួនជាសមាជិកអាស៊ាន ដើម្បីជួយឲ្យរូបលោកអាចវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីចូលរួមការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៣ ខាងមុខ។
កាលពីថ្ងៃចន្ទ ទី១០ ខែកញ្ញា កន្លងមកនេះ គណៈកម្មាធិការសភាអន្តរជាតិដើម្បីការបោះឆ្នោតបែបប្រជាធិបតេយ្យនៅកម្ពុជា (International Parliamentary Committee for Democratic Election in Cambodia–IPCDEC) បានសម្ពោធជាផ្លូវការហើយ នៅក្រុងម៉ានីល (Manila) ដែលមានសមាជិកសភា និងព្រឹទ្ធសភា មកពីប្រទេសជាច្រើនក្នុងពិភពលោក។ លោក សម រង្ស៊ី មានជំនឿថា គណៈកម្មាធិការសភាអន្តរជាតិមួយនេះ មានសារសំខាន់ណាស់សម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជំរុញឲ្យការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។