ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ចង់​មក​ប្រទេស​វិញ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​សញ្ញា​ណា​មួយ​ច្បាស់លាស់​ទេ។
ដោយ ទីន ហ្សាការីយ៉ា
2012.12.30
សម រង្ស៊ី ៣០៥ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២ វិច្ឆិកា ឆ្នាំ​២០១២ នា​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។
RFA

បច្ចុប្បន្ន​លោក សម រង្ស៊ី ចង់​វិល​មក​កម្ពុជា ដើម្បី​ចូល​រួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ នៅ​ខែ​កុម្ភៈ៖ ខាង​មុខ បើ​ទោះ​ជា​មិន​ទាន់​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​ជាមួយ​រដ្ឋាភិបាល​នៅ​ឡើយ​ក្ដី។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ធ្នូ ថា លោក​ជំរុញ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី រក​វិធី​ដោះស្រាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​លោក សម រង្ស៊ី វិល​មក​ចូល​មក​ប្រទេស​វិញ ជាពិសេស ចូល​រួម​បោះ​ឆ្នោត​នៅ​ពេល​ឆ្នាំ​២០១៣ ខាង​មុខ។

លោក សុន ឆ័យ ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ទទួល​យក​បាន​ទាំង​អស់​គ្នា ទាល់​តែ​មាន​ការ​រៀបចំ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​ឲ្យ​បាន​ពេញលេញ ពោល​គឺ​មាន​វត្តមាន​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ស្រប​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

លោក សុន ឆ័យ បញ្ជាក់​ទៀត​ថា អ្វី​ដែល​ជា​រឿង​សំខាន់​មួយ​ទៀត លោក​ចង់​ឲ្យ​លោក សម រង្ស៊ី បាន​មក​ចូលរួម​នៅ​ក្នុង​ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​អតីត​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក សម រង្ស៊ី ធ្លាប់​បាន​ដាក់​លិខិត​ស្នើ​សុំ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ​នៅ​ព្រះ​បរម​រាជវាំង ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្វាយ​ទៅ​ព្រះ​មហា​ក្សត្រ​ដែរ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​៣០ ធ្នូ នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា នៅ​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន បញ្ហា​លោក សម រង្ស៊ី នេះ មាន​តែ​ការ​ចរចា​ផ្នែក​នយោបាយ​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​ជា​ដំណោះស្រាយ​សម្រាប់​លោក សម រង្ស៊ី។

កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ សហភាព​អន្តរ​សភា (IPU) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យក​ករណី​លោក សម រង្ស៊ី មក​ជជែក​គ្នា​នៅ​ក្នុង​សភា ឬ​ជជែក​គ្នា​ជា​សាធារណៈ​វិញ ប្រសើរ​ជាង​រដ្ឋាភិបាល​យក​ករណី​នេះ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ។

សេចក្តី​ថ្លែងការណ៍​នេះ​មាន​បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​ប្រទេស​វិញ​មក​ចូល​រួម​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣។

សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​អន្តរ​សភា​ដែល​ជា​អង្គការ​នីតិប្បញ្ញត្តិ​ធំ​មួយ​នៅ​លើ​ពិភពលោក បាន​សរសេរ​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ករណី​លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា វៀតណាម​រំលោភ​យក​ដី​ខ្មែរ និង​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​នេះ រដ្ឋាភិបាល​មិន​គួរ​យក​ប្រព័ន្ធ​តុលាការ​មក​ចាត់ការ​លោក សម រង្ស៊ី ទេ បញ្ហា​នេះ​គេ​គួរ​យក​មក​ជជែក​នៅ​ក្នុង​សភា និង​ជជែក​ជា​សាធារណៈ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។