តើ​វិធី​ពូន​ភ្នំខ្សាច់​មាន​អត្ថន័យ​យ៉ាង​ណា?

ក្នុង​ពិធី​បុណ្យ​ផ្សេងៗ​របស់​ព្រះពុទ្ធ​សាសនា គេ​សង្កេត​ឃើញ​មាន​រៀបចំ​ពិធី​ជា​ច្រើន ដែល​ពិធី​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រះពុទ្ធ​សាសនា រី​ឯ​ពិធី​ខ្លះ​ទៀត មិន​ទាក់ទង​នឹង​ព្រះពុទ្ធ​សាសនា​នោះ​ឡើយ។
ដោយ វិជ័យ អានន្ទ
2012-10-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ភ្នំ​ខ្សាច់ ៣០៥
ពលរដ្ឋ​ចូល​រួម​ក្នុង​ពិធី​ពូន​ភ្នំ​ខ្សាច់ នៅ​វត្ត​និរោធ រង្សី នា​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១២។
RFA/Vichey Anandh

ការ​ពូន​ភ្នំ​ខ្សាច់ ជា​ពិធី​មួយ ដែល​គេ​សំគាល់​ឃើញ​រៀបចំ​នៅ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ បុណ្យ​ចូល​ឆ្នាំ​ជា​ដើម។

តើ​ពិធី​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រះពុទ្ធ​សាសនា​ដែរ​ឬ​ទេ? តើ​ពិធី​នេះ​មាន​អត្ថន័យ​យ៉ាង​ណា?

ទំនៀម​ទម្លាប់​នៃ​ការ​ពូន​ភ្នំ​ខ្សាច់​ត្រូវ​អ្នក​សិក្សា​ផ្នែក​ទំនៀម​មួយ​ចំនួន​ចាត់​ទុក​ថា ពិធី​នេះ​មិន​ទាក់ទង​នឹង​ព្រះពុទ្ធ​សាសនា​នោះ​ឡើយ។ តែ​អ្នក​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា លោក​លើក​ឡើង​ថា ពិធី​នេះ​ក៏​លាយឡំ​ដោយ​ជំនឿ​នៃ​ព្រះពុទ្ធ​សាសនា​ដែរ។

សមណ​និស្សិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រះតេជគុណ សាន ភារ៉េត មាន​ថេរដីកា​ថា ខ្លឹមសារ​នៃ​ពិធី​ពូន​ភ្នំ​ខ្សាច់​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​នៃ​ព្រះពុទ្ធ​សាសនា។

ព្រះ​តេជគុណ​មាន​ថេរដីកា​បន្ត​ថា អត្ថន័យ​នៃ​ការ​ពូន​ភ្នំ​ខ្សាច់ គឺ​គេ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​ព្រះ​ចូឡាមណី​ចេតិយ ដែល​គេ​តម្កល់​ព្រះកេស​ធាតុ​របស់​ព្រះសម្មាសម្ពុទ្ធ​នៅ​ឋាន​តាវត្តិង្ស៖ «កាល​ពី​ព្រះអង្គ​កាត់​ព្រះ​កេសា​ទៅ​ហ្នឹង ព្រះឥន្ទ​ហ្នឹង​ក៏​បាន​យក​ព្រះ​កេស​ហ្នឹង​យក​ទៅ​តម្កល់​នៅ​នោះ គឺ​សក់​ហ្នឹង ហើយ​ម្យ៉ាង​ទៀត ចង្កូម​កែវ​របស់​ព្រះអង្គ​មួយ​ក៏​តម្កល់​នៅ​នោះ​ដែរ អ៊ីចឹង​ហើយ​យើង​គោរព​ចូឡាមណី​ចេតិយ​ហ្នឹង ហើយ​មាន​អ្នក​ខ្លះ​ទៀត​នោះ ក៏​គេ​ពូន​ភ្នំ​ខ្សាច់​ទៅ គេ​តាំង​ប្រាថ្នា​ថា សូម​ឲ្យ​គេ​រក​ស៊ី​មាន​បាន ចេះ​តែ​កើត​កាល​ដូច​ភ្នំ​អ៊ីចឹង»

ម្យ៉ាង​ទៀត ព្រះ​តេជគុណ​បញ្ជាក់​ថា គេ​ធ្វើ​ពិធី​ពូន​ភ្នំ​ខ្សាច់​នេះ​ឡើង ដើម្បី​រំដោះ​កម្មពៀរ​ដែល​បរិស័ទ​ទាំង​ឡាយ​បាន​ប្រព្រឹត្ត​កន្លង​មក៖ «គេ​និយាយ​ពី​ជំនឿ​ទេ ដើម្បី​រំដោះ​រំលោះ​រំលាង​កម្មពៀរ ដែល​យើង​បាន​ធ្វើ​អាក្រក់​អី​លើ​សត្វ​ធាតុ បៀតបៀន​ដល់​ជីវិត​ដល់​អី​គេ ក្រែង​លោ​គេ​ដាក់​ទំនាយ ជេរ​បញ្ចោរ ដាក់​ទំនាយ បណ្ដាសា​មក​លើ​យើង យើង​រំដោះ​កម្មពៀរ​នោះ»

បន្ថែម​លើ​នេះ ព្រះ​តេជគុណ​បញ្ជាក់​ថា ពិធី​នៃ​ការ​ពូន​ភ្នំ​ខ្សាច់ គឺ​មាន​ទំនៀម​ទំលាប់​ផ្សេងៗ​គ្នា​ទៅ​តាម​តំបន់ ដោយ​តំបន់​ខ្លះ​គេ​ពូន​ភ្នំ​ខ្សាច់​ប្រាំ​ពំនូក។ ក្នុង​នោះ ពំនូក​កណ្ដាល​ធំ និង​ខ្ពស់​ជាង​គេ តំណាង​ឲ្យ​ភ្នំ​ព្រះសុមេរុ រី​ឯ​ពំនូក​បួន​ដែល​ព័ទ្ធ​ជុំវិញ​ពំនូក​កណ្ដាល​នោះ តំណាង​ឲ្យ​ទ្វីប​ទាំង ៤ គឺ​ឧត្តរ​កុរុទ្វីប អាមរគោយាន​ទ្វីប បុព្វវិទេហទ្វីប និង​ជម្ពូទ្វីប។ ចំណែក​តំបន់​ខ្លះ​ទៀត​គេ​ពូន​រាប់​រយ​ពំនូក​សម្រាប់​ឧទ្ទិស​ថ្វាយ​ដល់​ព្រះសម្មាសម្ពុទ្ធ​ជាដើម។

ជាង​នេះ​ទៅ​ទៀត ព្រះ​តេជគុណ សាន ភារ៉េត មាន​ថេរដីកា​ថា ការ​ពូន​ភ្នំ​ខ្សាច់​នេះ ត្រូវ​គេ​កែប្រែ​ពិធី​នេះ​ទៅ​ជា​របៀប​ផ្សេងៗ​នៅ​តាម​តំបន់​ខ្លះ ដោយ​គេ​ឈប់​យក​ដី​ខ្សាច់​មក​ពូន​ធ្វើ​ជា​ភ្នំ​ខ្សាច់​ទៀត​ហើយ គឺ​គេ​យក​ស្រូវ ឬ​អង្ករ​មក​ពូន​ជា​ភ្នំ​ខ្សាច់​ជំនួស​វិញ៖ «ពូន​ភ្នំ​គេ​យក​ស្រូវ ខែ​ចូល​ឆ្នាំ​អី​ហ្នឹង​គេ​យក​ស្រូវ គេ​លែង​យក​ខ្សាច់​ហើយ ព្រោះ​គេ​ថា វា​ខាត​ជាង​ស្រូវ យក​ស្រូវ​វិញ។ ពេល​ដែល​យើង​ពូន​បាន​បុណ្យ​ហើយ ចប់​ពី​បុណ្យ​ហ្នឹង យើង​អាច​យក​ស្រូវ​ទៅ​លក់​ដោះដូរ​យក​មក​កសាង​វត្ត​អី​បាន អ៊ីចឹង​គេ​ដូរ​ភ្នំ​ខ្សាច់​ទៅ​ជា​ភ្នំ​ស្រូវ ហើយ​ស្រុក​ខ្លះ​ទៀត​គេ​ដូរ​ជា​ភ្នំ​អង្ករ អា​ហ្នឹង​វា​ចេះ​តែ​ក្លាយ​កែច្នៃ​ទៅ​ទៀត​នោះ»

ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ទីប្រឹក្សា​នៃ​ក្រសួង​ធម្មការ​និង​សាសនា លោក ញាន ភឿន មាន​ប្រសាសន៍​ថា លោក​អាចារ្យ​តាម​វត្ត​នីមួយៗ រៀបចំ​ពិធី​ពូន​ភ្នំ​ខ្សាច់​នេះ​មិន​ដូច​គ្នា​នោះ​ទេ។

អាចារ្យ​តាម​វត្ត​ខ្លះ​គាត់​រៀបចំ​ឲ្យ​មាន​សំពៅ ដែល​គេ​ធ្វើ​ពី​ដើម​ចេក ឬ​វត្ថុ​ផ្សេងៗ​ជាដើម ដាក់​នៅ​ក្បែរ​ភ្នំ​ខ្សាច់​នោះ ហើយ​សរសេរ​អក្សរ​ដាក់​ថា​ត្រៃលក្ខណ៍ ដែល​មាន​ន័យ​ថា ក្រឹត្យក្រម​នៃ​ជីវិត​បី​យ៉ាង ឬ​ហៅ​ម្យ៉ាង​ទៀត​ថា សាមញ្ញ​លក្ខណៈ​ដែល​មាន​ន័យ​ថា ធម៌​ធម្មជាតិ​បី​យ៉ាង​សម្រាប់​មនុស្ស​ទូទៅ។

លោក ញាណ ភឿន លើក​ឡើង​បន្ត​ថា ការ​ដាក់​សំពៅ​នៅ​ក្បែរ​ភ្នំ​ខ្សាច់​នោះ ក្នុង​បំណង​ឲ្យ​បរិស័ទ​ដែល​ចូល​ទៅ​ពូន​ភ្នំ​ខ្សាច់​យក​ធម៌​បី​នេះ មក​ពិចារណា​ថា ជីវិត​របស់​ខ្លួន​ម្នាក់ៗ​ហ្នឹង​មិន​ស្ថិតស្ថេរ​ជាប់​ជា​អចិន្ត្រៃយ៍​នោះ​ទេ មិន​យូរ​ប៉ុន្មាន​ជីវិត​របស់​ពួក​គាត់​នឹង​ដល់​ទី​បំផុត ដូច្នេះ​ពួកគាត់​មិន​ត្រូវ​ប្រព្រឹត្ត​អាក្រក់​នោះ​ឡើយ។ មួយ​វិញ​ទៀត ចង់​ឲ្យ​បរិស័ទ​យល់​ថា ស្រប​ពេល​នឹង​ជីវិត​របស់​ពួក​គាត់​មិន​ជា​អចិន្ត្រៃយ៍​ហើយ​នោះ ក្នុង​ដំណើរ​ជីវិត​របស់​ពួក​គាត់​ជាប់​ដោយ​សេចក្ដី​ទុក្ខ​ថែម​ទៀត ហេតុ​នេះ​បើ​ពួក​គាត់​យល់​ឃើញ​ថា ជីវិត​ជា​ទុក្ខ ពួក​គាត់​អាច​បំពេញ​សេចក្ដី​ល្អ​ទុក​ជា​កំណប់​ទ្រព្យ​ទៅ​អនាគត ដើម្បី​ឲ្យ​ជីវិត​របស់​គាត់​រួច​ផុត​ចាក​ទុក្ខ​នោះ។

លើស​ពី​នេះ សំពៅ​ត្រៃលក្ខណ៍​នេះ ចង់​ប្រាប់​ដល់​បរិស័ទ​ទាំង​ឡាយ​ឲ្យ​យល់​ថា ជីវិត​របស់​គាត់​មិន​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​គាត់​នោះ​ទេ នៅ​ពេល​សម​ស្រប​ណា​មួយ ជីវិត​នេះ​នឹង​ត្រូវ​គេ​យក​ទៅ​វិញ​ជា​មិន​ខាន។ ហេតុ​នេះ​ក្នុង​ដំណើរ​របស់​បុគ្គល​ម្នាក់ៗ​គួរ​ស្វែង​រក​ទី​ពឹង​ឲ្យ​ជីវិត​កុំ​សប្បាយ​ភ្លេច​ខ្លួន ហើយ​ទី​ពឹង​ដែល​ពួក​គាត់​អាច​ពឹង​ពាក់​បាន​នោះ​មាន​តែ​អំពើ​ល្អ​ប៉ុណ្ណោះ។

លោក ញាណ ភឿន៖ «ពាក្យ​ថា សំពៅ​ត្រៃលក្ខណ៍​នៅ​ក្នុង​ហ្នឹង វា​មាន​អនិច្ចំ ទុក្ខំ អនត្តា ក្នុង​ខ្លួន​របស់​យើង​ថា មិន​ទៀង។ អ៊ីចឹង​អ្វីៗ​ដែល​យើង​បាន​ដាក់​ទៅ គឺ​ជា​កំណប់​បុណ្យ​ដែល​យើង​ឃើញ​គេ​ធ្វើ ហើយ​ចេះ​តែ​ធ្វើ​តាម​នោះ ដើម្បី​លះ​អា​ហ្នឹង គឺ​បុរាណាចារ្យ​របស់​យើង​ដែល​លោក​លើក​ឡើង​មក​សម្រាប់​តែ​ការ​ធ្វើ​ហ្នឹង ដើម្បី​ញ៉ាំង​សទ្ធា​របស់​យើង​ហ្នឹង​ឲ្យ​វា​មាន​ការ​ផូរផង់​ឡើង បើ​ធ្វើ​កន្លែង​មួយ​ទៅ​វា​មិន​អស់​ចិត្ត​មក​កន្លែង​មួយ​ទៀត​អ៊ីចឹង​ទៅ អា​សទ្ធា​របស់​បង​ប្អូន​វា​ចេះ​តែ​កើត​មាន​ក្នុង​ចិត្ត​ជា​កុសល​ក្នុង​ការ​ចំណាយ​ក្នុង​ការ​លះ​បង់​ហ្នឹង»

ទាក់ទង​នឹង​ពិធី​ពូន​ភ្នំ​ខ្សាច់​នេះ​ដែរ សៀវភៅ​លំអាន​ទំនៀម​ទំលាប់​ខ្មែរ​បុរាណ​រៀបរៀង​ដោយ​លោក ញាណ ភឿន និង​លោក ម៉ម ឆៃ ដែល​បោះ​ផ្សាយ​ដោយ​គណៈកម្មការ​អចិន្ត្រៃយ៍​រៀបចំ​បុណ្យ​ជាតិ-​​អន្តរជាតិ ឆ្នាំ​២០០៤ សរសេរ​រៀបរាប់​ពី​ជំនឿ​ខ្លះ​របស់​ពុទ្ធ​បរិស័ទ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ទ្រឹស្ដី​នៃ​ព្រះពុទ្ធ​សាសនា។ អាចារ្យ​ខ្លះ​បាន​យក​ពិធី​ពូន​ភ្នំ​ខ្សាច់​ទៅ​ប្រារព្ធ​ជា​ពិធី​កម្ម​ផ្សេងៗ​តាម​របៀប​ព្រហ្មញ្ញ​សាសនា​ទៅ​វិញ។

តួ​យ៉ាង​ពេល​មនុស្ស​មាន​អាយុ​គត់​ឆ្នាំ ឬ​មនុស្ស​មាន​ជំងឺ​ជា​ដើម គេ​តែង​ពូន​ភ្នំ​ខ្សាច់​ដើម្បី​រំដោះ​គ្រោះ ឬ​លើក​រាសី​ដែល​គេ​ជឿ​ថា ក្រោយ​ពី​គេ​រៀបចំ​ពិធី​នេះ​ហើយ ជំងឺ និង​គ្រោះ​ភយន្តរាយ​ផ្សេងៗ​នឹង​វិនាស​សាបសូន្យ។

ទោះ​យ៉ាង​ណា​អ្នក​ជំនាញ​ផ្នែក​ព្រះពុទ្ធ​សាសនា ព្រះ​តេជគុណ ធន ជិនជាលី មាន​ថេរដីកា​ថា អត្ថន័យ​ការ​ពូន​ភ្នំ​ខ្សាច់​មាន​ន័យ​តែ​ម្យ៉ាង គឺ​ប្រារព្ធ​ពិធី​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះសម្មាសម្ពុទ្ធ ដើម្បី​បំពេញ​បុណ្យ​កុសល​តាម​ផ្លូវ​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពូនភ្នំខ្សាច់លាងបាបមែនឬ???
បើមែននោះទ្រឹស្តីបាបនិងបុណ្យមិនអាចសងគ្នាបានទេរបស់ព្រះពុទ្ធ ពិតជា​មិនត្រូវ???

Oct 08, 2012 08:40 AM