ការពូនភ្នំខ្សាច់ ជាពិធីមួយ ដែលគេសំគាល់ឃើញរៀបចំនៅពេលបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំជាដើម។
តើពិធីនេះជាប់ពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាដែរឬទេ? តើពិធីនេះមានអត្ថន័យយ៉ាងណា?
ទំនៀមទម្លាប់នៃការពូនភ្នំខ្សាច់ត្រូវអ្នកសិក្សាផ្នែកទំនៀមមួយចំនួនចាត់ទុកថា ពិធីនេះមិនទាក់ទងនឹងព្រះពុទ្ធសាសនានោះឡើយ។ តែអ្នកសិក្សាផ្នែកព្រះពុទ្ធសាសនា លោកលើកឡើងថា ពិធីនេះក៏លាយឡំដោយជំនឿនៃព្រះពុទ្ធសាសនាដែរ។
សមណនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រះតេជគុណ សាន ភារ៉េត មានថេរដីកាថា ខ្លឹមសារនៃពិធីពូនភ្នំខ្សាច់ពាក់ព័ន្ធនឹងរឿងរ៉ាវនៃព្រះពុទ្ធសាសនា។
ព្រះតេជគុណមានថេរដីកាបន្តថា អត្ថន័យនៃការពូនភ្នំខ្សាច់ គឺគេធ្វើឡើងដើម្បីរំលឹកដល់ព្រះចូឡាមណីចេតិយ ដែលគេតម្កល់ព្រះកេសធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅឋានតាវត្តិង្ស៖ «កាលពីព្រះអង្គកាត់ព្រះកេសាទៅហ្នឹង ព្រះឥន្ទហ្នឹងក៏បានយកព្រះកេសហ្នឹងយកទៅតម្កល់នៅនោះ គឺសក់ហ្នឹង ហើយម្យ៉ាងទៀត ចង្កូមកែវរបស់ព្រះអង្គមួយក៏តម្កល់នៅនោះដែរ អ៊ីចឹងហើយយើងគោរពចូឡាមណីចេតិយហ្នឹង ហើយមានអ្នកខ្លះទៀតនោះ ក៏គេពូនភ្នំខ្សាច់ទៅ គេតាំងប្រាថ្នាថា សូមឲ្យគេរកស៊ីមានបាន ចេះតែកើតកាលដូចភ្នំអ៊ីចឹង»។
ម្យ៉ាងទៀត ព្រះតេជគុណបញ្ជាក់ថា គេធ្វើពិធីពូនភ្នំខ្សាច់នេះឡើង ដើម្បីរំដោះកម្មពៀរដែលបរិស័ទទាំងឡាយបានប្រព្រឹត្តកន្លងមក៖ «គេនិយាយពីជំនឿទេ ដើម្បីរំដោះរំលោះរំលាងកម្មពៀរ ដែលយើងបានធ្វើអាក្រក់អីលើសត្វធាតុ បៀតបៀនដល់ជីវិតដល់អីគេ ក្រែងលោគេដាក់ទំនាយ ជេរបញ្ចោរ ដាក់ទំនាយ បណ្ដាសាមកលើយើង យើងរំដោះកម្មពៀរនោះ»។
បន្ថែមលើនេះ ព្រះតេជគុណបញ្ជាក់ថា ពិធីនៃការពូនភ្នំខ្សាច់ គឺមានទំនៀមទំលាប់ផ្សេងៗគ្នាទៅតាមតំបន់ ដោយតំបន់ខ្លះគេពូនភ្នំខ្សាច់ប្រាំពំនូក។ ក្នុងនោះ ពំនូកកណ្ដាលធំ និងខ្ពស់ជាងគេ តំណាងឲ្យភ្នំព្រះសុមេរុ រីឯពំនូកបួនដែលព័ទ្ធជុំវិញពំនូកកណ្ដាលនោះ តំណាងឲ្យទ្វីបទាំង ៤ គឺឧត្តរកុរុទ្វីប អាមរគោយានទ្វីប បុព្វវិទេហទ្វីប និងជម្ពូទ្វីប។ ចំណែកតំបន់ខ្លះទៀតគេពូនរាប់រយពំនូកសម្រាប់ឧទ្ទិសថ្វាយដល់ព្រះសម្មាសម្ពុទ្ធជាដើម។
ជាងនេះទៅទៀត ព្រះតេជគុណ សាន ភារ៉េត មានថេរដីកាថា ការពូនភ្នំខ្សាច់នេះ ត្រូវគេកែប្រែពិធីនេះទៅជារបៀបផ្សេងៗនៅតាមតំបន់ខ្លះ ដោយគេឈប់យកដីខ្សាច់មកពូនធ្វើជាភ្នំខ្សាច់ទៀតហើយ គឺគេយកស្រូវ ឬអង្ករមកពូនជាភ្នំខ្សាច់ជំនួសវិញ៖ «ពូនភ្នំគេយកស្រូវ ខែចូលឆ្នាំអីហ្នឹងគេយកស្រូវ គេលែងយកខ្សាច់ហើយ ព្រោះគេថា វាខាតជាងស្រូវ យកស្រូវវិញ។ ពេលដែលយើងពូនបានបុណ្យហើយ ចប់ពីបុណ្យហ្នឹង យើងអាចយកស្រូវទៅលក់ដោះដូរយកមកកសាងវត្តអីបាន អ៊ីចឹងគេដូរភ្នំខ្សាច់ទៅជាភ្នំស្រូវ ហើយស្រុកខ្លះទៀតគេដូរជាភ្នំអង្ករ អាហ្នឹងវាចេះតែក្លាយកែច្នៃទៅទៀតនោះ»។
ប្រហាក់ប្រហែលគ្នានេះដែរ ទីប្រឹក្សានៃក្រសួងធម្មការនិងសាសនា លោក ញាន ភឿន មានប្រសាសន៍ថា លោកអាចារ្យតាមវត្តនីមួយៗ រៀបចំពិធីពូនភ្នំខ្សាច់នេះមិនដូចគ្នានោះទេ។
អាចារ្យតាមវត្តខ្លះគាត់រៀបចំឲ្យមានសំពៅ ដែលគេធ្វើពីដើមចេក ឬវត្ថុផ្សេងៗជាដើម ដាក់នៅក្បែរភ្នំខ្សាច់នោះ ហើយសរសេរអក្សរដាក់ថាត្រៃលក្ខណ៍ ដែលមានន័យថា ក្រឹត្យក្រមនៃជីវិតបីយ៉ាង ឬហៅម្យ៉ាងទៀតថា សាមញ្ញលក្ខណៈដែលមានន័យថា ធម៌ធម្មជាតិបីយ៉ាងសម្រាប់មនុស្សទូទៅ។
លោក ញាណ ភឿន លើកឡើងបន្តថា ការដាក់សំពៅនៅក្បែរភ្នំខ្សាច់នោះ ក្នុងបំណងឲ្យបរិស័ទដែលចូលទៅពូនភ្នំខ្សាច់យកធម៌បីនេះ មកពិចារណាថា ជីវិតរបស់ខ្លួនម្នាក់ៗហ្នឹងមិនស្ថិតស្ថេរជាប់ជាអចិន្ត្រៃយ៍នោះទេ មិនយូរប៉ុន្មានជីវិតរបស់ពួកគាត់នឹងដល់ទីបំផុត ដូច្នេះពួកគាត់មិនត្រូវប្រព្រឹត្តអាក្រក់នោះឡើយ។ មួយវិញទៀត ចង់ឲ្យបរិស័ទយល់ថា ស្របពេលនឹងជីវិតរបស់ពួកគាត់មិនជាអចិន្ត្រៃយ៍ហើយនោះ ក្នុងដំណើរជីវិតរបស់ពួកគាត់ជាប់ដោយសេចក្ដីទុក្ខថែមទៀត ហេតុនេះបើពួកគាត់យល់ឃើញថា ជីវិតជាទុក្ខ ពួកគាត់អាចបំពេញសេចក្ដីល្អទុកជាកំណប់ទ្រព្យទៅអនាគត ដើម្បីឲ្យជីវិតរបស់គាត់រួចផុតចាកទុក្ខនោះ។
លើសពីនេះ សំពៅត្រៃលក្ខណ៍នេះ ចង់ប្រាប់ដល់បរិស័ទទាំងឡាយឲ្យយល់ថា ជីវិតរបស់គាត់មិនស្ថិតក្នុងកណ្ដាប់ដៃរបស់គាត់នោះទេ នៅពេលសមស្របណាមួយ ជីវិតនេះនឹងត្រូវគេយកទៅវិញជាមិនខាន។ ហេតុនេះក្នុងដំណើររបស់បុគ្គលម្នាក់ៗគួរស្វែងរកទីពឹងឲ្យជីវិតកុំសប្បាយភ្លេចខ្លួន ហើយទីពឹងដែលពួកគាត់អាចពឹងពាក់បាននោះមានតែអំពើល្អប៉ុណ្ណោះ។
លោក ញាណ ភឿន៖ «ពាក្យថា សំពៅត្រៃលក្ខណ៍នៅក្នុងហ្នឹង វាមានអនិច្ចំ ទុក្ខំ អនត្តា ក្នុងខ្លួនរបស់យើងថា មិនទៀង។ អ៊ីចឹងអ្វីៗដែលយើងបានដាក់ទៅ គឺជាកំណប់បុណ្យដែលយើងឃើញគេធ្វើ ហើយចេះតែធ្វើតាមនោះ ដើម្បីលះអាហ្នឹង គឺបុរាណាចារ្យរបស់យើងដែលលោកលើកឡើងមកសម្រាប់តែការធ្វើហ្នឹង ដើម្បីញ៉ាំងសទ្ធារបស់យើងហ្នឹងឲ្យវាមានការផូរផង់ឡើង បើធ្វើកន្លែងមួយទៅវាមិនអស់ចិត្តមកកន្លែងមួយទៀតអ៊ីចឹងទៅ អាសទ្ធារបស់បងប្អូនវាចេះតែកើតមានក្នុងចិត្តជាកុសលក្នុងការចំណាយក្នុងការលះបង់ហ្នឹង»។
ទាក់ទងនឹងពិធីពូនភ្នំខ្សាច់នេះដែរ សៀវភៅលំអានទំនៀមទំលាប់ខ្មែរបុរាណរៀបរៀងដោយលោក ញាណ ភឿន និងលោក ម៉ម ឆៃ ដែលបោះផ្សាយដោយគណៈកម្មការអចិន្ត្រៃយ៍រៀបចំបុណ្យជាតិ-អន្តរជាតិ ឆ្នាំ២០០៤ សរសេររៀបរាប់ពីជំនឿខ្លះរបស់ពុទ្ធបរិស័ទដែលមិនពាក់ព័ន្ធនឹងទ្រឹស្ដីនៃព្រះពុទ្ធសាសនា។ អាចារ្យខ្លះបានយកពិធីពូនភ្នំខ្សាច់ទៅប្រារព្ធជាពិធីកម្មផ្សេងៗតាមរបៀបព្រហ្មញ្ញសាសនាទៅវិញ។
តួយ៉ាងពេលមនុស្សមានអាយុគត់ឆ្នាំ ឬមនុស្សមានជំងឺជាដើម គេតែងពូនភ្នំខ្សាច់ដើម្បីរំដោះគ្រោះ ឬលើករាសីដែលគេជឿថា ក្រោយពីគេរៀបចំពិធីនេះហើយ ជំងឺ និងគ្រោះភយន្តរាយផ្សេងៗនឹងវិនាសសាបសូន្យ។
ទោះយ៉ាងណាអ្នកជំនាញផ្នែកព្រះពុទ្ធសាសនា ព្រះតេជគុណ ធន ជិនជាលី មានថេរដីកាថា អត្ថន័យការពូនភ្នំខ្សាច់មានន័យតែម្យ៉ាង គឺប្រារព្ធពិធីឡើងដើម្បីឧទ្ទិសដល់ព្រះសម្មាសម្ពុទ្ធ ដើម្បីបំពេញបុណ្យកុសលតាមផ្លូវចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
