មត្តេយ្យសាលា​និង​បឋម​សិក្សា​ឈប់​វិស្សមកាល​មុន​កំណត់

មត្តេយ្យសាលា និង​បឋមសិក្សា​ភាគ​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ​បាន​បិទ​ទ្វារ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ចំណែក​សិស្ស​សាលា​ក៏​ត្រូវ​ប្រាប់​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាមៗ បន្ទាប់​ពី​បាន​ចូល​រៀន​មិន​បាន​២​ម៉ោង​ផង។
ដោយ សុ ជីវី
2012-07-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សាលា​រៀន​បិទ​ទ្វារ​មុន​កំណត់ ៣០៥
កុមារា​ទាញ​ទ្វារ​បិទ នា​សាលា​បឋម​សិក្សា​អ្នក​ឧកញ៉ា​មហា​ភក្ដី ហ៊ុន នាង ទួល​ទំពូង​ទី​២ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Uon Chhin

កុមារា​វ័យ ១០​ឆ្នាំ​ម្នាក់ ជា​សិស្ស​នៅ​សាលា​បឋម​សិក្សា បឹង​ត្របែក​ខាង​ត្បូង បាន​និយាយ​ដោយ​ខ្លី​នៅ​ពេល​គេ​កំពុង​រង់ចាំ​ឪពុក​មក​ទទួល​ទៅ​ផ្ទះ​វិញ​ថា គ្រូ​បាន​ប្រាប់​អោយ​សិស្ស​ឈប់​ទៅ​រៀន​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា តទៅ។

ការ​ឈប់​សម្រាប់​វិស្សមកាល​នៅ​ពេល​នេះ គឺ​ធ្វើ​មុន​ពេល​កំណត់ ត្បិត​បើ​យោង​តាម​សេចក្ដី​ណែនាំ​លេខ​២១ ចុះ​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១២ ស្ដីពី​ដំណើរការ​គ្រឹះស្ថាន​បឋម​សិក្សា និង​មត្តេយ្យសាលា ការ​ឈប់​សម្រាក​វិស្សមកាល​ដំណាច់​ឆ្នាំ​សិក្សា នឹង​ត្រូវ​ឈប់​ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា តទៅ។

អ្នកស្រី ខាត់ អូន ដែល​មាន​ចៅ​ស្រី​កំពុង​រៀន​ថ្នាក់​ទី២ នៅ​សាលា​បឋម​សិក្សា ទួល​ទំពូង​ទី២ និង​កំពុង​ចាំ​ទទួល​ព័ត៌មាន​នៅ​ខាង​មុខ​សាលា មាន​ប្រសាសន៍​ថា អ្នកស្រី ពុំ​បាន​គិតគូរ​អ្វី​ច្រើន​ទេ គឺ​អនុវត្ត​តែ​តាម​ការ​ណែនាំ​របស់​សាលា​ប៉ុណ្ណោះ។

ចំណែក​តាម​មត្តេយ្យ​សាលា និង​បឋម​សិក្សា​ឯកជន​មួយ​ចំនួន គេ​បាន​ជូន​ដំណឹង​ពី​ការ​ផ្អាក​ការ​សិក្សា​បណ្ដោះ​អាសន្ន ក្នុង​រយៈ​ពេល​២សប្តាហ៍ ដោយ​គិត​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា។

អាណាព្យាបាល​សិស្ស​ថ្នាក់​មត្តេយ្យ​ម្នាក់​ទៀត ដែល​មាន​កូន​ស្រី​កំពុង​រៀន​នៅ​មត្តេយ្យ​សាលា​ឯកជន​មួយ ក្នុង​ខណ្ឌ​ទួលគោក មាន​ប្រសាសន៍​ថា មន្ត្រី​នៅ​សាលា​បាន​ប្រាប់​លោក​តាម​ទូរស័ព្ទ​ថា មូលហេតុ​នៃ​ការ​ឈប់​សម្រាក​មុន​ពេល​កំណត់​នេះ គឺ​ដោយ​សារ​តែ​ការ​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​ថ្មី​មួយ។ លោក កាម៉ៅ បន្ត​ថា ប្រសិន​បើ​ការ​ឈប់​វិស្សមកាល​នេះ ពិត​ជា​មាន​បំណង​ការពារ​មេរោគ​ឆ្លង​នោះ​មែន គឺ​លោក​សប្បាយ​ចិត្ត ព្រោះ​លោក និង​ក្រុម​គ្រួសារ ក៏​កំពុង​ព្រួយ​បារម្ភ​ពី​រឿង​នេះ​ដែរ។

សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​ដោយ​ប្រញាប់​ប្រញាល់​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១២ ស្ដីពី​ការ​បញ្ឈប់​ដំណើរ​ការ​សិក្សា​ដំណាច់​ឆ្នាំ​សិក្សា ២០១១-២០១២ បាន​ឲ្យ​ដឹង​ថា សិស្ស​ចាប់​ពី​មត្តេយ្យ​សាលា​រហូត​ដល់​បឋម​សិក្សា នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​ក្រសួង​អប់រំ អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​វិស្សមកាល​មុន​ពេល​កំណត់។ ការ​ឈប់​សម្រាក​នេះ គឺ​ធ្វើ​ឡើង​ដោយ​យោង​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា។

តែ​ទោះ​ជា​យ៉ាង​ណា សេចក្ដី​ប្រកាស​នោះ​ពុំបាន​បញ្ជាក់​ថា អ្វី​ជា​មូល​ហេតុ​នៃ​ការ​ឈប់​សម្រាក​វិស្សមកាល​មុន​កាល​កំណត់​នេះ​ឡើយ។

ប្រធាន​នាយកដ្ឋាន​បឋម​សិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ចាន់ សុភា មាន​ប្រសាសន៍​ថា លោក​ក៏​ពុំ​អាច​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ឈប់​សម្រាក​មុន​ការ​កំណត់​នេះ​បាន​ឡើយ។ លោក​បាន​បង្វែរ​សំនួរ​ទៅ​លោក​អគ្គ​នាយក​អប់រំ​វិញ។

សាលា​រៀន​បិទ​ទ្វារ​មុន​កំណត់ ៣០៥
សាលា​បឋម​សិក្សា​អ្នក​ឧកញ៉ា​មហា​ភក្ដី ហ៊ុន នាង ទួល​ទំពូង​ទី​២ បន្ទាប់​ពី​អនុញ្ញាតិ​ឲ្យ​សិស្ស​ឈប់​សម្រាក​វិស្សមកាល​មុន​កំណត់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១២។ RFA/Uon Chhin

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​លោក សម មុនីរ័ត្ន អគ្គនាយក​អប់រំ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កក្កដា។

មន្ត្រី​ក្រសួង​អប់រំ ដែល​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ការ​សម្រេច​អោយ​ឈប់​សម្រាក​មុន​ការ​កំណត់​សម្រាប់​សិស្ស​មត្តេយ្យ​សាលា និង​បឋម​សិក្សា គឺ​ទាក់​ទង​នឹង​ការ​ភ័យ​ខ្លាច​ការ​ឆ្លង​មេរោគ​ថ្មី ដែល​មាន​គ្រោះ​ថ្នាក់​សម្រាប់​ក្មេងៗ​នៅ​កម្ពុជា។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១២ រហូត​មក​ដល់​ខែ​កក្កដា កុមារ​កម្ពុជា​ជាង​៥០នាក់​ត្រូវ​រាយការណ៍​ថា បាន​ស្លាប់​ដោយ​មេរោគEV-71។ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បង្ហាញ​ថា ជំងឺ​ពង​បែក​នៅ​បាតដៃ ជើង និង​ក្នុង​មាត់ ដែល​បង្ក​ដោយ Enterovirus 71 (EV-71) មួយ​ចំនួន អាច​បង្ក​ឲ្យ​មាន​ជា​ផល​វិបាក​ធ្ងន់ធ្ងរ និង​អាច​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន។

ជំងឺ​នេះ​កើត​លើ​កុមារ​ដែល​មាន​អាយុ​តិច​ជាង ១០ឆ្នាំ និង​ភាគ​ច្រើន​អាយុ​តិច​ជាង ៥ឆ្នាំ ហើយ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​កុមារ​ចំពោះ​កុមារ​មាន​អាយុ​កាន់​តែ​តិច។ ជំងឺ​នេះ​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​នឹង​សំបោរ កំហាក ទឹកមាត់ ទឹក​រងៃ​ដែល​ចេញ​ពី​ពង​បែក ឬ​លាមក​អ្នក​ជំងឺ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ហៅ​ការ​អោយ​ឈប់​សម្រាក​វិស្សមកាល​មុន​កំណត់​នេះ​ថា ជា​វិធានការ​ដែល​មិន​សមស្រប និង​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នេះ ប្រធាន​នាយកដ្ឋាន​បឋម​សិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ចាន់ សុភា មាន​ប្រសាសន៍​ថា ភាគ​ច្រើន​នៅ​តាម​សាលា​បឋម​សិក្សា គ្រូ​បង្រៀន​បាន​បញ្ចប់​ទៅ​តាម​កម្មវិធី​សិក្សា​រួចរាល់​អស់​ហើយ គឺ​ពុំ​មាន​ផល​ប៉ះពាល់​ទេ។

របាយការណ៍​ស្ដីពី​សមិទ្ធផល អប់រំ យុវជន និង​កីឡា ចេញ​ផ្សាយ​ក្នុង​ខែ​មីនា ឆ្នាំ​២០១២ បាន​អោយ​ដឹង​ថា ឆ្នាំ​សិក្សា ២០១១-២០១២ នេះ នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​មត្តេយ្យ​សាលា​ចំនួន ៥.១២៥​កន្លែង ស្មើ​នឹង ៧.៣៨៩​ថ្នាក់ មាន​កុមារ​ចូល​រៀន​ចំនួន ២៧៥.៨៤៤​នាក់។ ចំណែក​ថ្នាក់​បឋម​សិក្សា​មាន ៦.៨៤៩​សាលា មាន​សិស្ស​សរុប​ជាង​២លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Quang Tran

ពី Saigon

It is not a logical excuse to close the school earlier to prevent such rapidly contagious of Evil Virus-71. Because it can happen ANYTIMES, even before or after. Could the presiding government please identify who and what is behind such Evil Virus? for what purpose are they driven to do such Evil things as to ELIMINATE Cambodian ignorance and innocence children. it's only from the Devil one____RACISM ELIMINATION. Many times when i read about Cambodia i learn that they have been hated, hurt, mistreated, oppressed and killed.

Jul 21, 2012 06:31 AM

(

យល់​ស្រប​ចំពោះ​ការ​បិទ​ទ្វារ​មុន​កាល​កំណត់ តែ​ទន្ទឹម​នេះ​ក៏​ត្រូវ​មាន​វិធានការ​ទប់​ទល់​នឹង​ជម្ងឺ​នេះ​ដែរ ដូច​ជា​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​ថ្នាក់​ជាដើម។

Jul 20, 2012 03:00 AM

សុភារុន

ពី ភ្នំពេញ

សូមគាំទ្រមតិយោបល់នេះ

Jul 20, 2012 06:10 AM

piseth

ពី Phnom Penh

Close the school earlier To prevent EV71 Desease spread more faster and kill more Cambodian children. This solution is reasonable. Why Mr rongchhun Said not the right Choice. Mr Rong Chhun Have any good idea please advise. Please do not always criticise.

Jul 19, 2012 08:39 AM

អ្នក​អាន​អនាមិក

តាមរយៈការបកអនុវត្តរបស់រាជរដ្ឋាភិបាលពិចជាត្រឹមត្រូវព្រោះកុមារអាច នឹងប្រឈមមុខ នឹងជំងឺកាចសាហាវផងដែរ។តាមរយះគោលនយោបាយរបស់រាជរដ្ឋាភិបាលខ្ញុំពិតជាមានការគាំទ្រ។

Jul 18, 2012 11:17 PM

អ្នក​អាន​អនាមិក

ខ្ញុំគិតថានេះគឺជាវិធានការមួយដ៍សមស្របរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលបានចាត់វិធានការនេះសមស្របជា មួយនិងជំងឺនេះដែលកំពុងរីករាលដាលនៅទូទាំងប្រទេស ទន្ទឹមនឹងនោះក៍សាលាភាគច្រើនបានបញ្ចប់នៅកម្មវិធីអស់ មួយចំនួនធំហើយដែរ ដើម្បីការពារនៅរាល់ក្មេងៗជាច្រើន ម៊ឺននាក់ទៀតដែលកំពុងនឹងសិក្សានៅក្នុងសាលា។

Jul 18, 2012 09:21 PM

មើល​មតិ​ទាំង​អស់.