យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​៧ មករា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​​​​​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១២ ខាង​មុខ​នេះ។ រី​ឯ​ការ​បិទ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ​បិទ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១​នេះ។
ដោយ ដែន អយុធ្យា
2011.12.29
គជប ២៨-ធ្នូ-២០១១៖ កិច្ច​ប្រជុំ​រវាង​មន្ត្រី គ.ជ.ប. និង​តំណាង​គណបក្ស​នយោបាយ ព្រម​ទាំង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្តី​ពី​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ នា​ទីស្ដីការ គ.ជ.ប.។
RFA/Den Ayuthyea

លោក មាន សទិ ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ ខែ​​ធ្នូ នា​ទីស្ដីការ គ.ជ.ប. ថា ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ មាន​រយៈ​ពេល ២១​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​មករា ដល់​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១២។

ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ មាន​គណបក្ស​នយោបាយ​ចំនួន​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី បាន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង។ ហើយ​ថា ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​របស់​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នីតិកាល​ទី​៣ នឹង​បិទ​ផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១។

លោក មាន សទិ បន្ថែម៖ «ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១២ ជា​ថ្ងៃ​ស ដែល​គ្រប់​គណបក្ស​ទាំង​អស់​ត្រូវ​ផ្អាក​គ្រប់​សកម្មភាព​ទាំង​អស់ ហើយ​ថ្ងៃ​ទី​២៩ ខែ​មករា ជា​ថ្ងៃ​បោះ​ឆ្នោត។ រយៈ​ពេល​នៃ​ការ​ឃោសនា​តាម​នីតិវិធី និង​គណបក្ស​បាន​ចូល​រួម​ផ្ដល់​យោបល់ និង​​បាន​ឯកភាព​គ្នា គឺ​ចាប់​ផ្ដើម​ឃោសនា​ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ១០​យប់ ហើយ​គ្រឿង​បំពង​សំឡេង​ឲ្យ​ផ្អាក​ចាប់​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់ ដល់​ម៉ោង ២​រសៀល»

ការ​បោះ​ឆ្នោត​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ គណបក្ស​ប្រជាជន​កម្ពុជា មាន​​បេក្ខជន​ពេញ​សិទ្ធិ​​ចំនួន ៥៧​នាក់ និង​បេក្ខជន​បំរុង​​ចំនួន ៥៧​នាក់។ គណបក្ស សម រង្ស៊ី មាន​​បេក្ខជន​ពេញ​សិទ្ធិ​​ចំនួន ៥៧​នាក់ និង​បេក្ខជន​បំរុង​ចំនួន ៥៧​នាក់ បាន​ឈរ​ឈ្មោះ​​​តាម​មណ្ឌល​​ភូមិ​ភាគ​ទាំង​៨ ក្នុង​ប្រទេស​កម្ពុជា។

មន្ត្រី គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ដើម្បី​ធានា​ឲ្យ​ការ​ឃោសនា និង​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ ប្រព្រឹត្ត​ទៅ​​បាន​ត្រឹមត្រូវ និង​យុត្តិធម៌ ទាមទារ​ឲ្យ​​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​គោរព និង​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​ការ​​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ។

យ៉ាង​នេះ​ក្តី លោក គួយ ប៊ុនរឿន ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី បាន​រិះគន់​ចំពោះ​នីតិវិធី​ឃោសនា​របស់ គ.ជ.ប. ថា មិន​បាន​បង្កើត​ឲ្យ​មាន​តំណាង​គណបក្ស​នយោបាយ​ជួប​​​​ជជែក​លើក​ពី​បញ្ហា​ជាតិ​ត​ទល់​មុខ​គ្នា​បាន​ដល់​ពលរដ្ឋ​ពិចារណា ដើម្បី​​​សំរេច​ចិត្ត​​​​នោះ​ទេ។

បន្ថែម​លើ​នេះ ថវិកា​សំរាប់​ធ្វើ​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​នីមួយៗ ក៏​ គ.ជ.ប. មិន​បាន​កំណត់​ឲ្យ​បាន​ច្បាស់​ថា សំរាប់​​បេក្ខជន​ម្នាក់​ត្រូវ​ចំណាយ​អស់​ថវិកា​​ប៉ុន្មាន​​ដែរ។

លោក គួយ ប៊ុនរឿន ឲ្យ​ដឹង​បន្ថែម៖ «តំណាង​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​នយោបាយ​នីមួយៗ ឲ្យ​មក​ត​ទល់​គ្នា ដើម្បី​​បង្ហាញ​ពី​គោលដៅ និង​យន្តការ​ដោះស្រាយ​អភិវឌ្ឍន៍​ប្រទេស​លើក​តម្កើង​ជីវភាព​រស់​នៅ​ប្រជាពលរដ្ឋ។ ក្នុង​នោះ ក៏​ចង់​ឲ្យ​កំណត់​អំពី​ថវិកា​ជាក់​ស្តែង​ណា​មួយ​ទៅ​តាម​មណ្ឌល​ទៅ​តាម​បេក្ខជន ឬ​ទៅ​តាម​គណបក្ស​នយោបាយ ដើម្បី​ឲ្យ​ដឹង​ថា តើ​គណបក្ស​នយោបាយ​ណា​ដែល​ប្រើប្រាស់ ហើយ​រំលោភ​លើ​ច្បាប់​ណា​ខ្លះ? តើ​ប្រភព​ថវិកា​ដែល​គណបក្ស​នយោបាយ​បាន​មក​ពី​ណា​ខ្លះ?»

មិន​ខុស​គ្នា​ទេ ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​ការងារ​បោះ​ឆ្នោត លោក​បាន​គាំទ្រ​ចំពោះ​ការ​លើក​​ឡើង​របស់​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​ចង់​ឲ្យ​មាន​កម្មវិធី​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា មាន​ការ​ជជែក​ដេញដោល​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នោះ។

ទោះ​យ៉ាង​ណា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច បាន​គាំទ្រ​នីតិវិធី​របស់ គ.ជ.ប. ថា មាន​ភាព​រលូន និង​ជំរុញ​ឲ្យ​ការងារ​បោះ​ឆ្នោត​ដំណើរការ​បាន​ត្រឹមត្រូវ​នៅ​កម្ពុជា។

គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២ ​និង​មាន​​អាសនៈ​​សរុប​ចំនួន ៦១​អាសនៈ។ ការ​បោះ​ឆ្នោត​នេះ​មាន​លក្ខណៈ​ជា​អសកល ហើយ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ គឺ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​តំណែង មាន​ចំនួន​សរុប ១១.៣៥៣​រូប និង​សមាជិក​រដ្ឋ​សភា​ក្នុង​តំណែង​មាន​ចំនួន ១១៩ ទើប​មាន​សិទ្ធិ​បោះ​ឆ្នោត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Dec 28, 2011 03:48 PM

people people this is the time to chose great leader donot except a little food or 5000 real for vote i donot cpp have power any more please we need to change

Anonymous
Dec 29, 2011 01:11 PM

ខ្ញុំគាំទ្រមតិលោក គួយ​ ប៊ុនរឿន 100% ព្រោះបើគណបក្សCPP ជាមាសសុទ្ធមែន គឺមិនខ្លាចភើ្លងទេ។