ព្រឹក​នេះ ចាប់​ផ្ដើម​បោះឆ្នោត​ព្រឹទ្ធសភា

ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ មាន​រយៈ​ពេល​មួយ​ថ្ងៃ។ គឺ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ មករា ឆ្នាំ​២០១២ ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង ៧​ព្រឹក រហូត​ដល់ ម៉ោង​៣​រសៀល។

នៅ​ក្នុង​អាណត្តិ​ទី​៣ នេះ មាន​គណ​បក្ស​ធំ​ចំនួន​ពីរ ដែល​ត្រូវ​ប្រកួត​ប្រជែង​គ្នា គឺ​គណ​បក្ស​ប្រជា​ជន និង​គណ​បក្ស​សម​រង្ស៊ី ដើម្បី​ដណ្ដើម​យក​អាសនៈ​ចំនួន​៥៧ ក្នុង​ចំណោម​អាសនៈ ៦១ នៅ​ក្នុង​ព្រឹទ្ធសភា។

ចំពោះ​អាសនៈ​ចំនួន​៤ ផ្សេង​ទៀត នឹង​ត្រូវ​បោះឆ្នោត​ជ្រើស​តាំង​ដោយ​រដ្ឋសភា​ចំនួន ២​អាសនៈ និង​២​អាសនៈ​ទៀត នឹង​ត្រូវ​តែងតាំង​ដោយ​ព្រះ​មហា​ក្សត្រ។

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល បាន​ទៅ​បោះឆ្នោត​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ហ៊ុន​សែន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ស្ថិត​នៅ​ជិត​ផ្ទះ​របស់​លោក។

នៅ​ក្នុង​អាណត្តិ​ទី​៣ នេះ​ដែរ អ្នក​នយោបាយ​សំខាន់​ចំនួន​ពីរ​រូប​មិន​បាន​ចូល​រួម​បោះឆ្នោត​ទេ គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម​រណឫទ្ធិ និង​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សម​រង្ស៊ី ដែល​លោក​ត្រូវ​គេ​ដក​ហូត​សិទ្ធិ ដោយសារ​មាន​ជាប់​បណ្ដឹង​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​ក្នុង​រឿង​ជម្លោះ​ព្រំដែន​កម្ពុជា-វៀតណាម។ ហើយ​បច្ចុប្បន្ន​លោក​កំពុង​និរទេស​ខ្លួន​រស់​នៅ​ក្រៅ​ប្រទេស។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប. នឹង​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៣ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​២៩ មករា​នេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។