នៅក្នុងអាណត្តិទី៣ នេះ មានគណបក្សធំចំនួនពីរ ដែលត្រូវប្រកួតប្រជែងគ្នា គឺគណបក្សប្រជាជន និងគណបក្សសមរង្ស៊ី ដើម្បីដណ្ដើមយកអាសនៈចំនួន៥៧ ក្នុងចំណោមអាសនៈ ៦១ នៅក្នុងព្រឹទ្ធសភា។
ចំពោះអាសនៈចំនួន៤ ផ្សេងទៀត នឹងត្រូវបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភាចំនួន ២អាសនៈ និង២អាសនៈទៀត នឹងត្រូវតែងតាំងដោយព្រះមហាក្សត្រ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល បានទៅបោះឆ្នោតនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែន ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ថិតនៅជិតផ្ទះរបស់លោក។
នៅក្នុងអាណត្តិទី៣ នេះដែរ អ្នកនយោបាយសំខាន់ចំនួនពីររូបមិនបានចូលរួមបោះឆ្នោតទេ គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តមរណឫទ្ធិ និងលោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី ដែលលោកត្រូវគេដកហូតសិទ្ធិ ដោយសារមានជាប់បណ្ដឹងរបស់រដ្ឋាភិបាលពាក់ព័ន្ធក្នុងរឿងជម្លោះព្រំដែនកម្ពុជា-វៀតណាម។ ហើយបច្ចុប្បន្នលោកកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. នឹងប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៣ នៅរសៀលថ្ងៃអាទិត្យ ទី២៩ មករានេះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
