អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ

អាជ្ញាធរ​ស្រុក​ក្រឡាញ់ បាន​ឱ្យ​ដឹង​ថា គេ​បាន​ស្នើ​សុំ​ទៅ​មេបញ្ជាការ​កង​យោធពល​ខេមរៈ​ភូមិន្ទ ប្រចាំ​ខេត្ត​សៀមរាប ឱ្យ​ជួយ​ណែនាំ​ដល់​មេបញ្ជាការ​យោធា​ស្រុក​ម្នាក់ ដែល​បាន​យក​អាវុធ​ទៅ​បាញ់​អនាធិបតេយ្យ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច​នោះ។
ដោយ ហង្ស សាវយុត
2012-10-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក អ៊ាន ឃុន ជា​អភិបាល​ស្រុក​ក្រឡាញ់។ លោក​បាន​មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែ​តុលា លោក​បាន​​​កោះ​ប្រជុំ​គណៈ​បញ្ជា​ការ​ឯកភាព​ស្រុក ដើម្បី​សួរ​ដេញ​ដោល​ទៅ​លើ​មេបញ្ជាការ​យោធា​ម្នាក់​ប្រចាំ​ស្រុក​នោះ ជុំវិញ​ករណី​យក​អាវុធ​​ទៅ​បាញ់​បោះ​ខុស​ច្បាប់។

លោក​អភិបាល​ស្រុក​ដដែល​ បាន​មាន​ប្រសាសន៍​ថា គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ បាន​រក​ឃើញ​ថា មេ​បញ្ជា​ការ​យោធា​ស្រុក​ឈ្មោះ គង់ ហ៊ត់ ពិត​ជា​បាន​​យក​អាវុធ​ទៅ​បាញ់​អនាធិបតេយ្យ​មែន​ ហើយ​ករណី​នេះ គឺ​អាជ្ញាធរ​ស្រុក​បាន​ជម្រាប​​​​ជូន​ទៅ​មេបញ្ជាការ​យោធា​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​ធ្វើការ​ណែ​នាំ៖ «បាន​បាញ់ ក៏ប៉ុន្តែ​​មិន​មាន​ការ​ឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ណា​ទេ ដោយ​សារ​គាត់​ស្រវឹង​ស្រា​ខ្លាំង។ គាត់​ពិសា​​ស្រា​អស់ ២​កែវ​ដៃ សាមីខ្លួន​មិន​បាន​ដឹង​ខ្លួន​ផង​ ចេះ​តែ​បើក​ឡាន​ទៅ។ យើងខ្ញុំ​បាន​​រាយការណ៍​ជូន​ទៅ​លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​រួច​ហើយ»

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា កន្លង​ទៅ គឺ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​នៅ​ក្នុង​ឃុំ​សំបួរ បាន​លើក​គ្នា​ទៅ​កាប់​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ​នៅ​ក្នុង​បឹង​ទន្លេ​សាប ហើយ​នៅ​វេលា​ល្ងាច​គេ​បាន​ឃើញ​អភិបាល​រង​ស្រុក​ក្រឡាញ់ ម្នាក់ និង​មេ​បញ្ជាការ​យោធា​ស្រុក គឺ​លោក គង់ ហ៊ត់ បាន​ទៅ​ប្រមូល​ប្រជាពលរដ្ឋ​ប្រជុំ​ និង​សាកសួរ​ពី​ការ​លើក​គ្នា​ទៅ​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​របស់​ពួក​​ឈ្មួញ​ទាំង​នោះ។

លុះ​ដល់​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល​គេ​ដឹង​ថា មេបញ្ជាការ​​យោធា​ស្រុក គឺ​លោក គង់ ហ៊ត់ បាន​ផឹក​ស្រា​ស្រវឹង​ហើយ​បាន​យក​អាវុធ​ទៅ​បាញ់​នៅ​ក្នុង​ភូមិ​គោក​ក្រូច។

លោក​ឧត្ដមសេនីយ៍ ឃឹម ប៊ុនសុង ជា​មេបញ្ជាការ​កង​យោធពល​ខេមរៈ​ភូមិន្ទ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា លោក​ទើបតែ​បាន​ទទួល​​ព័ត៌មាន​​នេះ ដោយសារ​​តែ​លោក​ទើប​ត្រឡប់​មក​ពី​បរទេស។ មេបញ្ជាការ​ដដែល​បាន​បញ្ជាក់​ថា លោក​បាន​បញ្ជូន​មេ​បញ្ជាការ​រង​ម្នាក់ និង​នាយក​សេនាធិការ​យោធា​ម្នាក់​ទៅ​កាន់​ស្រុក​ក្រឡាញ់​ហើយ ដើម្បី​ស្រាវជ្រាវ​ជុំវិញ​​​​ករណី​នោះ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា មេ​បញ្ជាការ​យោធា​ស្រុក​ក្រឡាញ់ បាន​ប្រើ​អាវុធ​បាញ់​បោះ​សេរី​មែន នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​វិន័យ​កងទ័ព។

លោក ឃឹម ប៊ុនសុង៖ «បើ​ថា​មាន​បាញ់ គំរាម​កំហែង សម្លុត​​ប្រជាពលរដ្ឋ​អី​ អា​ហ្នឹង​មាន​របៀប​វា​ផ្សេង​មួយ​ទៀត ហើយ​ការ​បាញ់​លេង ត្រូវ​វិន័យ​របៀប​ម៉េច​ទៀត អា​ហ្នឹង​មាន​បន្តៗ​គ្នា​អ៊ីចឹង។ ទី​១​ព្រមាន​​ហើយ​ធ្វើ​ជា​លាយលក្ខណ៍អក្សរ ដើម្បី​ធ្វើ​លិខិត​​ប្ដេជ្ញា​ត្រឹមត្រូវ​ចំពោះ​មុខ​មេបញ្ជាការ ហើយ​ក្នុង​សៀវភៅ​សិក្ខាគារិក​របស់​កងទ័ព គេ​សរសេរ​លើក​ទី​១ ទី​២ អ៊ីចឹង​ដែរ។ អា​ហ្នឹង​ចំណាំ​ដែរ កិត្តិយស​អ្នក​ឯង​ធ្វើ​យូរ​ហើយ​ក៏​ដោយ តែ​អ្នក​ឯង​មាន​កំហុស គេ​វាយ​ក្រហម​ទុក​មួយ​អ៊ីចឹង​ដែរ»

មេ​បញ្ជា​ការ​យោធា​នៃ​តំបន់​ប្រតិបត្តិការសឹក​ខេត្ត​សៀមរាប បាន​ឱ្យ​​ដឹង​ថា នេះ​​ជា​ករណី​លើក​ដំបូង​ដែល​មាន​មន្ត្រី​យោធា​ស្រុក បាន​យក​អាវុធ​ទៅ​បាញ់​អនាធិបតេយ្យ ដោយ​​ជា​​ច្រើន​ឆ្នាំ​មក​ហើយ​មិន​ដែល​មាន​ករណី​បែប​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ជា​ សែន

ពី សៀមរាប

លោក ឡុង រដ្ឋារក្ស និង​លោក គង់​ ហ៊ត់ ជាអ្នកកាងអោយមានការនេសាទខុសច្បាប់។​ បើចង់ដឹងសួរអ្នកភូមិ ឬអ្នកយាមតំបន់អភិរក្សទៅដឹងហើយ។

Oct 08, 2012 09:24 AM