ព្រៃ​ឈើ​ក្បែរ​ប្រាសាទ​បឹង​មាលា​នៅ​ខេត្ត​សៀមរាប​រង​ការ​កាប់​បំផ្លាញ

អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចម្ងាយ​ប្រមាណ​ជាង​៧០​គីឡូ​ម៉ែត្រ​ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា តំបន់​ព្រៃ​ធម្មជាតិ​ដែល​រក្សា​ទុក​សម្រាប់​ឧទ្យាន​ប្រាសាទ​បុរាណ​បឹង​មាលា​របស់​អាជ្ញាធរ​អប្សរា​កំពុង​ទទួល​រង​ការ​កាប់​ឈើ​ធ្ងន់​ធ្ងរ។

0:00 / 0:00

អភិបាល​រង​ស្រុក​ស្វាយ​លើ លោក សំ សៅ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០១ ខែ​សីហា​ថា ព្រៃ​ធម្មជាតិ​ជា​ច្រើន​ហិកតារ​ដែល​ជា​តំបន់​រក្សា​ទុក​សម្រាប់​ឧទ្យាន​នៅ​ភាគ​ខាង​ជើង​ឈៀង​ខាង​លិច​ចម្ងាយ​ប្រហែល ១​គីឡូ​ម៉ែត្រ​ពី​ប្រាសាទ​បុរាណ​បឹង​មាលា កំពុង​ទទួល​រង​ការ​លួច​កាប់​ឈើ​ពី​ប្រជា​ពលរដ្ឋ​ខ្លះ​និង​ពី​ក្រុម​ឈ្មួញ​ខ្លះ​ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ។

លោក សំ សៅ ថ្លែង​ដូច្នេះ​ថា ៖ «ខ្ញុំ​ចុះ​ទៅ​ឃើញ​ខូច​ខាត​រួច​បាត់​ទៅ​ហើយ ប៉ះពាល់​ដល់​តំបន់​គ្រោង​ទុក​របស់​អាជ្ញាធរ​អប្សរា...»

មន្ត្រី​ស្រុក​ដដែល បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ស៊ី​ឈ្នួល​កាប់​ព្រៃ​ជា​ច្រើន​ត្រូវ​បាន​គេ​ជួល​មក​កាប់​ព្រៃ​សម្រាប់​ឧទ្យាន​ប្រាសាទ​បុរាណ​នោះ ហើយ​អាជ្ញាធរ​ស្រុក​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​ការ​កាប់​ព្រៃ​នោះ​នៅ​ពេល​ឆាប់ៗ។

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅ​តំបន់​ជិត​អូរ​ថ្ម​ដាប់​សម្រាប់​យក​ទៅ​ជួស​ជុល​ប្រាសាទ​ដែល​ជា​តំបន់​រក្សា​ទុក​និង​ផ្លូវ​ចូល​ទៅ​ភ្នំ​បី គឺ​ដើម​ស្រឡៅ​ធំៗ​ត្រូវ​បាន​គេ​កាប់​រំលំ​ដុត​ព្រៃ​ដើម្បី​យក​ដី​រាប់​សិប​ហិកតារ។

ប៉ុន្តែ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ស្វាយ​លើ លោក យ៉ាន់ ធីវ៉ាត បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​អំពី​ការ​កាប់​ព្រៃ​នៅ​តាម​តំបន់​នោះ​ឡើយ ពីព្រោះ​ជា​តំបន់​ការពារ​របស់​អាជ្ញាធរ​អប្សរា ហើយ​លោក​មិន​ដែល​បាន​ទទួល​របាយការណ៍​ណា​មួយ​ពី​អាជ្ញាធរ​អប្សរា​ដើម្បី​ស្នើ​សុំ​ជួយ​អន្តរាគមន៍​បញ្ហា​នោះ​ទេ។

លោក យ៉ាន់ ធីវ៉ាត ថ្លែង​ដូច្នេះ​ថា ៖ «បើ​មាន​ការ​អី គាត់​ធ្វើ​របាយការណ៍​មក​ខាង​ខ្ញុំ ខ្ញុំ​ជួយ​អន្តរាគមន៍​ហើយ ប៉ុន្តែ​អត់​ទាន់​ឃើញ»

ចំណែក​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា លោក សឺន គង់ បាន​មាន​ប្រសាសន៍​ថា ពិត​ជា​មាន​ការ​លួច​កាប់​បំផ្លាញ​ព្រៃ​ដែល​រក្សា​ទុក​ជា​ឧទ្យាន​ប្រាសាទ​បុរាណ​មែន។

លោក សឺន គង់ បាន​ឲ្យ​ដឹង​ថា មាន​ដី​ខ្លះ មុន​ពេល​ដែល​អាជ្ញាធរ​អប្សរា​ទៅ​កំណត់​រក្សា​ទុក​ព្រៃ​ធម្មជាតិ​នោះ គឺ​នៅ​តាម​ចន្លោះ​ព្រៃ​ខ្លះៗ​មាន​ស្រែ ប៉ុន្តែ​ក្រោយៗ​មក អ្នក​ភូមិ​ខ្លះ​ចេះ​តែ​បន្លំ​កាប់​ពង្រីក​ដើម្បី​យក​ដី ហើយ​អាជ្ញាធរ​អប្សរា​មិន​ទាន់​មាន​ចំណាត់​ការ​ក្តៅ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​នោះ​ទេ ដោយ​គ្រាន់​តែ​ហៅ​អ្នក​ភូមិ​ខ្លះ​មក​ផ្តិត​មេដៃ​បញ្ឈប់​ការ​កាប់​រុក​រាន​ព្រៃ​ប៉ុណ្ណោះ តែ​បើ​មិន​អាច​រារាំង​បាន​ទៀត នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់។

លោក សឺន គង់ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «យើង​បាន​ទៅ​ហាម​ឃាត់ យើង​ឲ្យ​គាត់​ធ្វើ​កិច្ច​សន្យា​ជា​ហូរ​ហែ​ដែរ ហ្នឹង​ជា​ជំហាន​ទី​១។ តែ​បើ​ជំហាន​ទី​២ គាត់​មិន​ស្ដាប់​ទៀត យើង​នឹង​ធ្វើ​តាម​ផ្លូវ​ច្បាប់»

មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា តំបន់​ព្រៃ​ជុំវិញ​ប្រាសាទ​បុរាណ​បឹង​មាលា គឺ​មាន​ព្រះ​រាជ​ក្រឹត្យ​កាល​ពី​អំឡុង​ឆ្នាំ​២០០០ ឲ្យ​កំណត់​រក្សា​ទុក​សម្រាប់​ឧទ្យាន​ប្រាសាទ​បុរាណ​ដែល​មិន​ឲ្យ​មាន​ការ​កាប់​ព្រៃ​ទេ ហើយ​តំបន់​អូរ​ថ្ម​ដាប់​ដែល​នៅ​ជាប់​នឹង​ប្រាសាទ​បឹង​មាលា​នោះ ត្រូវ​បាន​ចេញ​អនុក្រឹត្យ​ការពារ​ទុក​សម្រាប់​យក​ថ្ម​ទៅ​ជួស​ជុល​ប្រាសាទ​បុរាណ​នានា ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​ដាប់​យក​ថ្ម​និង​កាប់​ព្រៃ​ទី​នោះ​ជា​ប្រយោជន៍​ឯកជន​បាន​ឡើយ៕