មន្ត្រី​ស្នងការ​ខេត្ត​ព្រះវិហារ​ប្រើ​អាវុធ​បាញ់​ជា​ច្រើន​គ្រាប់​នៅ​ក្រុង​សៀមរាប

មន្ត្រី​​ប៉ូលិស​ខេត្ត​សៀមរាប បាន​អះអាង​ថា លោក​ឧត្ដមសេនីយ៍ ម៉ៅ ពៅ ដែល​ជា​ស្នងការ​នគរបាល​ ខេត្ត​ព្រះវិហារ បាន​ប្រើ​អាវុធ​ម៉ាក​អាកា (AK 47) បាញ់​ជា​ច្រើន​គ្រាប់​បង្ក​​​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​មួយ​ចំនួន នៅ​​កណ្ដាល​​​ទីក្រុង​សៀមរាប កាល​ពី​រាត្រី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា កន្លង​ទៅ។
ដោយ ហង្ស សាវយុត
2012-10-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

កម្លាំង​ការិយាល័យ​​ព្រហ្មទណ្ឌ​​កម្រិត​​​ស្រាល​របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​នាំ​ខ្លួន​​លោក​ឧត្ដមសេនីយ៍ត្រី ម៉ៅ ពៅ ដែល​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ ទៅ​សាកសួរ និង​ធ្វើ​កំណត់​​ហេតុ​កាល​ពី​រាត្រី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា បន្ទាប់​ពី​ឧត្ដមសេនីយ៍​រូប​នោះ បាន​បាញ់​កាំភ្លើង​ដៃ​ជា​ច្រើន​គ្រាប់​នៅ​​​កណ្ដាល​​ទីក្រុង​មក។

ប្រភព​ពី​មន្ត្រី​ប៉ូលិស​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា ១១ និង ៣០​នាទី​យប់ លោក​ឧត្ដមសេនីយ៍​ត្រី ម៉ៅ ពៅ ដែល​មាន​អាការៈ​ស្រវឹង​ផង បាន​កាន់​អាវុធ​ម៉ាក AK 47បាញ់​ជា​ច្រើន​គ្រាប់​នៅ​មុខ​សណ្ឋាគារ ឡុក យិញ ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

លោក ភឹង ចិន្តារ៉េត ជា​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១ ខែ​តុលា ថា បន្ទាប់​ពី​ការ​បាញ់​បោះ​បន្តិច កម្លាំង​របស់​លោក​ក៏​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​​បាន​នាំ​ខ្លួន​លោក​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ រូប​នោះ ទៅ​សាកសួរ​រយៈ​ពេល​ខ្លី ដើម្បី​ធ្វើ​កំណត់​ហេតុ។

លោក ភឹង ចិន្តារ៉េត៖ «រឿង​ហ្នឹង​ប៉ះ​សំដី​គ្នា​តិចតួច ដោយសារ​ការ​បាន​​ហូប​ចុក​ផង​ទៅ ក៏​បង្ក​ឱ្យ​បញ្ហា​​​ប្រើ​អាវុធ AK បាញ់ ៣-​៤​គ្រាប់​ឡើង​លើ​ទេ បាញ់​ឡើង​លើ​ហើយ​យើង​បាន​ដាក់​សំណុំ​រឿង​ទៅ​តុលាការ​ ប៉ុន្តែ​​​មនុស្ស​គឺ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជា​មក​ខ្ញុំ ឱ្យ​បញ្ជូន​មនុស្ស​ទៅ​គាត់​ហើយ»

ចំណែក​លោក​ឧត្ដមសេនីយ៍ ម៉ៅ ពៅ ដែល​ជា​​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បាន​ឆ្លើយ​បំភ្លឺ​ថា ពិត​ជា​មាន​​បញ្ហា​កើត​ឡើង​ដូច្នោះ​មែន ក៏​ប៉ុន្តែ​លោក​បាន​បង្ខំ​ចិត្ត​ផ្ទុះ​អាវុធ​ដើម្បី​ការពារ​ខ្លួន​នៅ​ពេល​ដែល​មាន​គេ​គំរាម​កំហែង​មក​លើ​រូប​លោក៖ «យើង​បាន​ជម្រាប​​​​​​គាត់​មែន ទាំង​លោក​ព្រះ​រាជអាជ្ញា​ទាំង​អី​ហ្នឹង គឺ​ពាក់​ព័ន្ធ​ដល់​រឿង​មាន​គេ​គំរាម​កំហែង​មក​លើ​យើង មាន​អ៊ីចឹង​មែន»

ទោះ​យ៉ាង​ណា ទាំង​លោក ម៉ៅ ពៅ និង​សមត្ថកិច្ច​​​​ប៉ូលិស​ខេត្ត​សៀមរាប មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ ជន​ណា​មួយ​ដែល​ជា​ភាគី​​មាន​ទំនាស់​ក្នុង​រឿង​នោះ​ទេ។

លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​មាន​​ផ្ទុះ​អាវុធ​រួច​មក រូប​លោក​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​​នោះ ហើយ​បាន​ឱ្យ​សមត្ថកិច្ច​ប៉ូលិស​​ធ្វើ​សំណុំ​រឿង​ប្រគល់​មក​លោក ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជា​ឱ្យ​ឃាត់​ខ្លួន​លោក​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ នោះ​ទេ។

ទោះ​យ៉ាងណា​លោក ទី សុវិនថាល់ បាន​បញ្ជាក់​ថា តាម​ផ្លូវ​ច្បាប់​បាន​រក​ឃើញ​ថា លោក ម៉ៅ ពៅ ដែល​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​​នោះ មាន​កំហុស៖ «កំហុស​គាត់​វា​ពីរ​បទ​ហើយ ដោយសារ​ស្រវឹង​ហ្នឹង គឺ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ធ្វើ​ឱ្យ​ខូច​ខាត។ ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​​អត់​ប្ដឹង​ផ្ដល់​ទេ។ ខាង​រងគ្រោះ​ក៏​ជា​ប៉ូលិស​​មហាផ្ទៃ​ដែរ។ ដោយ​មើល​ឃើញ​ថា បញ្ហា​វា​អត់​មាន​ធ្វើ​ឱ្យ​រងគ្រោះ​ដល់​មនុស្ស​ អ៊ីចឹង​ខ្ញុំ​​មិន​ឱ្យ​ឃាត់​ខ្លួន​ទេ គ្រាន់​តែ​ធ្វើ​សំណុំ​រឿង ហើយ​បញ្ជូន​សំណុំ​រឿង​មក​ខ្ញុំ​តាម​ច្បាប់​ទៅ»

​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១២ កន្លង​ទៅ លោក​ឧត្ដមសេនីយ៍ ម៉ៅ ពៅ ដែល​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ ដដែល​នោះ ធ្លាប់​បាន​ស្ត្រី​ម្នាក់​ឈ្មោះ ហេង ឆេងហ៊ាង ​​​​ប្ដឹង​​ម្ដង​​មក​ហើយ​ពី​បទ​ថា បាន​ប្រើ​​ហិង្សា ដោយ​ជេរ និង​វាយ​ដំ​ទៅ​លើ​រូប​កាយ​របស់​អ្នកស្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី Hongkong

ប្រើប្រាស់អាវុធខុសច្បាប់ ហើយហានឆ្លើយថា ប្រើប្រាស់ដោយគ្មានខ្លាច សម្ដេច ហ៊ុន សែន មួយម៉ាត់សោះ មើលទៅប្រហែលជាត្រូវដំឡើងស័កិ្ដឲ្យមកកាន់ ប្រធាននាយយកដ្ឋាន​ក្រសួងមហាផ្ទៃហើយ មើលទៅ។

Oct 02, 2012 08:34 AM

អ្នក​អាន​អនាមិក

យើងជាអ្នកមានអំណាចនិងមានកិត្តិយសមិនគួរប្រើអាវុធខុសច្បាប់ដុចនេះ

Oct 02, 2012 05:20 AM

អ្នក​អាន​អនាមិក

ប្រហែលជាម៉ៅ ពៅនឹងត្រូវតំលើងបុណ្យសក្កិហើយ ដោយព្រោះចេះឈ្លើយគួរសម។

Oct 01, 2012 06:36 PM

ហុងណាំហោ

ពី ភព

នេះហើយកូនចៅហ៊ុន សែន,ចៅហ្វាយនាយហ៊ុន សែន
ប្រកាសមិនឱ្យបាញ់បោះកាំភ្លើងក្នុងទីសាធារណៈតែកូនចៅ
បែជាយកគគូ...ស្ដាប់វិញ។អស្ចារ្យ!ៗ។

Oct 01, 2012 05:45 PM

អ្នក​អាន​អនាមិក

ម៉ៅ ពៅ នឹងត្រូវដំឡើងស័ក្ដិ ក្នុងពេលឆាប់ៗព្រោះហ៊ាន ប្រឆាំងនឹងប្រសាសន៍របស់សម្ដេច ហ៊ុន សែន ដោយប្រើប្រាស់អាវុធខុសច្បាប់ក្នុងទីសាធារណៈ យ៉ាងអើងហឺយ។

Oct 02, 2012 08:38 AM