ក្រុមអ្នកជំនាញនៃសាធារណរដ្ឋកូរ៉េ គឺជាអ្នកដែលទទួលបន្ទុកគ្រប់គ្រងលើគម្រោងទាំងនោះ បានឱ្យដឹងថា គេនឹងត្រូវប្រើរយៈពេលប្រមាណ ២ឆ្នាំ ដើម្បីស្ថាបនាប្រព័ន្ធលូមួយចំនួន និងកែលម្អដងស្ទឹងសៀមរាប ឱ្យមានបរិស្ថាន និងសោភ័ណភាពក្លាយជាកន្លែងមានការទាក់ទាញអ្នកទេសចរបាននោះ។
មនុស្សប្រមាណជាង ១ពាន់នាក់ ដែលក្នុងនោះមានអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរអប្សរា មន្ត្រីមកពីមន្ទីរនានា ព្រះសង្ឃ និងក្រុមយុវជនផង បាននាំគ្នាធ្វើយុទ្ធនាការបោសសំអាត និងប្រមូលសំរាម ចេញពីតាមមាត់ស្ទឹងសៀមរាប កាលពីព្រឹកថ្ងៃសុក្រ ទី៣០ ខែមីនា។
យុទ្ធនាការនេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋច្រើនរយគ្រួសាររស់នៅអមសងខាងដងស្ទឹងក្នុងសង្កាត់ស្លក្រាម បានរុះរើលំនៅឋានចាកចេញ ហើយអាជ្ញាធរត្រូវការសំអាតបរិស្ថាន និងកែលម្អដងស្ទឹងឱ្យមានសោភ័ណភាពឡើងវិញ។
លោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប គឺជាអ្នកដែលដឹកនាំឱ្យមានយុទ្ធនាការបោស និងរើសសំរាមនោះ។ លោកបានមានប្រសាសន៍ថា បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនរយគ្រួសារ បានរុះរើលំនៅឋានចេញពីសងខាងស្ទឹង ក្នុងសង្កាត់ស្លក្រាម អស់ហើយនេះ គឺអាជ្ញាធរបានចាប់ផ្ដើមធ្វើការសំអាតបរិស្ថាន និងអនាម័យតាមដងស្ទឹងជាបន្តបន្ទាប់ចាប់ពីពេលនេះតទៅ។
លោក ស៊ូ ភិរិន្ទ មានប្រសាសន៍ថា៖ «គឺយើងធ្វើនេះដើម្បីជាភាពរុងរឿងរបស់ប្រជាពលរដ្ឋយើង ដែលរស់នៅក្នុងក្រុងសៀមរាប ឱ្យសក្ដិសមក្រុងសៀមរាប ក្រុងទេសចរណ៍ អរិយធម៌ វប្បធម៌ បរិស្ថាន អនាម័យ និងសេដ្ឋកិច្ច។ អីចឹងអរគុណណាស់ ដែលយើងយល់ទាំងអស់គ្នាជួយរួមចំណែកការពារកសាងធ្វើយ៉ាងម៉េចឱ្យទីក្រុងយើងជាទីក្រុងស្អាតប្រឡងប្រណាំងជាមួយគេ ហើយជាទីក្រុងដែលល្អជាប្រវត្តិសាស្ត្រតែ១គត់»។
គម្រោងសំអាតស្ដារដងស្ទឹងរៀបចំបណ្ដាញរំដោះទឹកចេញពីទីក្រុង និងលូបង្ហូរទឹកយកទៅច្រោះនោះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ៣០លានដុល្លារសហរដ្ឋអាមេរិក ដែលជាកម្ចីពីធនាគារអេច ស៊ីម (Exim Bank) នៃសាធារណរដ្ឋកូរ៉េ។
អ្នកគ្រប់គ្រងគម្រោងមកពីក្រុមហ៊ុន គុយ វ៉ា (KUHWA) របស់ប្រទេសកូរ៉េខាងត្បូង បានថ្លែងបញ្ជាក់ កាលពីព្រឹកថ្ងៃសុក្រថា កម្មវិធីការងាររបស់គម្រោងនេះ នឹងចាប់ផ្ដើមដំណើរការចាប់ពីចុងខែមីនា ឆ្នាំ២០១២ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០១៤ ខាងមុខ។
អ្នកគ្រប់គ្រងគម្រោងមកពីក្រុមហ៊ុន គុយ វ៉ា បានថ្លែងបន្ថែមថា៖ «គម្រោងនេះជាអាទិភាពដំបូងគឺស្ដារស្ទឹងសៀមរាប។ ទី២គឺធ្វើប្រឡាយមេ ដោះទឹកចេញពីទីក្រុងសៀមរាប និងប្រព័ន្ធលូបង្ហូរទឹកយកទៅច្រោះ។ ក្នុងនាមទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនម៉ៅការ Kuhwa ខ្ញុំបានប្ដេជ្ញាចិត្តធ្វើយ៉ាងណាឱ្យការងារនេះសម្រេចបានទាន់ពេលវេលា និងប្រកបដោយគុណភាព»។
អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា ប្រជាពលរដ្ឋជាង ១ពាន់គ្រួសារដែលបានតាំងទីលំនៅតាមដងស្ទឹងសៀមរាប នៅក្នុងសង្កាត់ស្លក្រាម សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប នឹងត្រូវរុះរើ ចេញពីសងខាងដងស្ទឹងជាបន្តបន្ទាប់ ដើម្បីឱ្យមានការកែលំអបរិស្ថានទឹក និងសោភ័ណភាពស្ទឹង ប្រវែងប្រមាណ ១០គីឡូម៉ែត្រ នៅក្នុងទីក្រុងឡើងវិញ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
