ក្រុមគ្រូបង្រៀនមួយចំនួននៅសាលាបឋមសិក្សា ច័នគិរី ក្នុងឃុំល្វាក្រាំង បានទាមទារឱ្យមន្ទីរអប់រំយុវជន និងកីឡា ខេត្តសៀមរាប និងការិយាល័យអប់រំស្រុកវ៉ារិន ផ្លាស់ប្ដូរនាយកសាលា១រូបចេញ។ ប្រសិនបើពុំមានដំណោះស្រាយឆ្លើយតបសមរម្យណាមួយទេ ពួកគេទាំងអស់នឹងគ្មានទឹកចិត្តទៅបង្រៀនសិស្សទៀតទេ នៅពេលបវេសនកាលថ្មីចូលមកដល់។
ក្រុមគ្រូបង្រៀនមួយចំនួនបានសំដែងការមិនពេញចិត្តចំពោះការគ្រប់គ្រងរបស់នាយកសាលាពេលបច្ចុប្បន្ននេះ។
គ្រូបង្រៀនម្នាក់នៅក្នុងចំណោមគ្រូមួយចំនួនទៀត ដែលប្រឆាំងនឹងនាយកសាលាច័នគិរី បានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ថា នាយកសាលាបឋមសិក្សានោះ មានកំហុស ជាច្រើនដែលធ្វើឱ្យពួកគាត់មិនសប្បាយ និងមិនចង់ធ្វើការជាមួយទៀតទេ៖ «គាត់តែងតែរករឿងឈ្លោះគ្រប់គ្រូ គឺគាត់តែងតែមានជម្លោះ ហើយម្យ៉ាងទៀតឭថា លុយ ភីប៊ី (ថវិកាអាទិភាព របស់ក្រសួងអប់រំ) មក គ្រូស្នើសុំក៏មិនដែលបានឃើញលទ្ធផល។ គាត់តែងតែលាក់លៀមលុយ ភីប៊ី ហ្នឹង មិនដែលគ្រូណាម្នាក់ដឹងសោះ។ គាត់តែងតែកុហកបោកប្រាស់គ្រូ ដូចខ្ញុំនេះ គាត់ឱ្យបង្រៀនជំនួស ដោយគាត់សន្យាថា ឱ្យលុយ ប៉ុន្តែលទ្ធផលឃើញថា គាត់មិនឱ្យលុយគ្រប់ទេ ហើយគាត់កុហកថា រឿងបង្រៀនជំនួសគេអ៊ីចឹង គាត់បាននិយាយជាមួយការិយាល័យអស់ហើយ ប៉ុន្តែការិយាល័យអត់ដឹងរឿង»។
ចំណែកលោក ហាក់ សំណាង ជានាយករងរបស់សាលាបឋមសិក្សាច័នគិរី ក៏បានបង្ហាញការគាំទ្រ ដល់ក្រុមគ្រូបង្រៀនទាំងអស់ ដោយលោកមានប្រសាសន៍ថា នាយកសាលានោះ គឺមិនមានតម្លាភាពក្នុងការចាយថវិកា ភីប៊ី ការចែកចាយជំនួយរបស់អង្គការក្រៅរដ្ឋាភិបាលទៅឱ្យគ្រូមិនត្រឹមត្រូវជាដើម។
កាលពីអំឡុងខែសីហា កន្លងទៅ គ្រូបង្រៀនមួយក្រុមធ្លាប់បានដាក់លិខិតទៅការិយាល័យអប់រំយុវជន និងកីឡា ស្រុកវ៉ារិន និងមន្ទីរអប់រំខេត្តសៀមរាប ម្ដងមកហើយ ដើម្បីស្នើសុំឱ្យជួយដោះស្រាយបញ្ហាទាំងនេះ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ពួកគេមិនទាន់ឃើញមានការដោះស្រាយយ៉ាងណានៅឡើយ។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងជាមួយលោក សាប់ ណារ៉ា ដែលជានាយកសាលាបឋមសិក្សា ច័នគិរី ដើម្បីបកស្រាយជុំវិញការចោទប្រកាន់ទាំងនោះបានទេ។ ក៏ប៉ុន្តែលោក កែវ សាង៉ាត់ ជាប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកវ៉ារិន បានហៅទំនាស់រវាងក្រុមគ្រូបង្រៀន និងនាយកសាលា ច័នគិរី នោះ ថាគឺជារឿងតូចតាចមួយ។
លោក កែវ សាង៉ាត់ បានមានប្រសាសន៍ថា តាមការស្រាវជ្រាវរបស់លោកជាមួយអាជ្ញាធរឃុំទីនោះឃើញថា ការចោទប្រកាន់ខ្លះ ដូចជាថា មាននាំស្រីញីចូលសាលា និងការកេងប្រវ័ញ្ចថវិកា ភីប៊ី ជាដើមនោះ ហាក់ដូចជាមិនមែនជាការពិតទេ។ មន្ត្រីដដែលបានមានប្រសាសន៍ថា ការចោទប្រកាន់ទាំងនោះ គឺគ្រាន់តែជាភាពលំអៀងនៅពេលដែលមានការស្អប់គ្នាប៉ុណ្ណោះ ក៏ប៉ុន្តែទោះយ៉ាងណា លោកនឹងប្រឹងប្រែងដោះស្រាយបញ្ហានេះ។
លោក កែវ សាង៉ាត់៖ «ខ្ញុំបានឱ្យមន្ត្រីរបស់ខ្ញុំចុះទៅធ្វើកំណត់ហេតុម្ដងមកហើយ តែដល់ខ្ញុំរវល់ច្រើនពេកទៅ គឺណាត់ពេលចុះជួបដែរថ្ងៃមុន ដល់ប្រពន្ធខ្ញុំឈឺខ្លាំង ក៏យកទៅពេទ្យទៅ អត់បាន។ ចាំមើលថ្ងៃប្រមូលកុមារចូលរៀនច្រើន ចាំខ្ញុំសម្របសម្រួលជាមួយគ្នាទៀត»។
ទោះយ៉ាងណាក្រុមគ្រូបង្រៀនមួយចំនួនដែលតវ៉ា គឺចង់ឱ្យមានការផ្លាស់ប្ដូរនាយកសាលាបឋមសិក្សា ច័នគិរី នោះចេញ ប្រសិនបើពុំមានដំណោះស្រាយសមរម្យសម្រាប់ពួកគេទេ គឺពួកគេមានគំរោងនឹងផ្អាកការបង្រៀនសិស្ស ហើយនឹងធ្វើការតវ៉ាជាចំហមួយនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។