ចៅក្រមសាលាដំបូងខេត្តសៀមរាប បានប្រកាសសាលក្រមកាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា សម្រេចដោះលែងតំណាងប្រជាពលរដ្ឋឃុំជីក្រែង៧នាក់ និង២នាក់ទៀតបានបន្តឃុំខ្លួននៅឡើយ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនក្នុងពន្ធនាគារខេត្តចំនួន៦ខែមកហើយ ក្នុងរឿងទំនាស់ដីស្រែប្រាំងជាង៩០ហិកតារ បណ្តាលឲ្យមានការបង្រ្កាបនិងបាញ់រះពីក្រុមសមត្ថកិច្ចផងនោះ។
ចៅក្រមសាលាដំបូងដែលជាអ្នកជម្រះក្តីរឿងនេះ លោក សួស ឡា បានមានប្រសាសន៍ថា តំណាងអ្នកភូមិជីក្រែង៧នាក់មិនត្រូវបានតុលាការរកឃើញកំហុសទើបសម្រេចដោះលែង ចំណែកឯ២នាក់ក្នុងចំណោមនោះ គឺមានការចោទប្រកាន់ពីបទបង្ករបួសស្នាមដល់ភាគីទំនាស់ដីធ្លីម្ខាងទៀត ទើបតុលាការសម្រេចបន្តឃុំខ្លួន ៖ «គាត់ជាប់ចោទពីបងបង្ករបួសស្នាម»។
លោក កៅ ស៊ូផា មេធាវីការពារតំណាងប្រជាពលរដ្ឋនៅឃុំជីក្រែងនោះ បានមានប្រសាសន៍ថា ការប្រកាសសាលក្រមរបស់តុលាការកាលពីព្រឹកមិញឃើញថា មានភាពយុត្តិធម៌ខ្លះដែលអាចទទួលយកបាន ប៉ុន្តែទោះយ៉ាងណាករណីដែលចៅក្រមសម្រេចឃុំខ្លួនបុរស២នាក់បន្តនោះ លោកមិនអាចទទួលយកបានទេ ហើយប្រហែលជាអាចនឹងដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍។
លោក កៅ ស៊ូផា មានប្រសាសន៍ដូច្នេះ ៖ «មានភាពយុត្តិធម៌ខ្លះ ប៉ុន្តែកន្លងមកឃើញថាឃោរឃៅពេកហើយ បាញ់គេហើយថាគេប្លន់ទៀត វាដូចជាហួសពេក។ រឿងនេះប្រហែលជាប្ដឹងឧទ្ធរណ៍សម្រាប់ពីរនាក់ទៀត ព្រោះអីការឃុំខ្លួនមួយឆ្នាំយើងមិនអាចទទួលយកបានទេ ហើយណាមួយឃើញការដែលធ្វើហ្នឹង គឺដើម្បីបិទបាំងទេ មិនមែនជាការពិត ព្រោះហេតុការណ៍ត្រូវអនុវត្តដីការបស់ខេត្តផង ទៅចាប់ជនល្មើសផង វាលាយឡំគ្នា»។
អ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ ខេត្តសៀមរាប លោក ចៅ ល័ក្ខវណ្ណា បានមានប្រសាសន៍ថា បុរស២នាក់ក្នុងចំណោមនោះ គឺឈ្មោះ ឆេង សាវឿន ហៅ ឃឹម សាវឿន និងឈ្មោះ ចាន់ ណូន ត្រូវបានតុលាការចោទប្រកាន់ពីបទបង្ករបួសស្នាមលើអ្នកដទៃ ដោយបន្តឃុំខ្លួនក្នុងពន្ធនាគាររយៈពេល១ឆ្នាំទៀត និងធ្វើការពិន័យជាប្រាក់លើបុរសទាំង២នាក់ចំនួន៣លានរៀលផង។
លោក ចៅ ល័ក្ខវណ្ណា មានប្រសាសន៍ដូច្នេះ ៖ «ប្រកាសសាលក្រមលឿនដូចរន្ទៈអ៊ីចឹង មួយភ្លែត ប្រហែល៥នាទីចប់។ នៅជាប់ពីរនាក់ ឆេង សាវឿន និង ចាន់ ណូន លើកលែងបទប្លន់ តែជាប់បទបង្ករបួសស្នាមលើភាគីម្ខាង»។
តំណាងប្រជាពលរដ្ឋឃុំជីក្រែង នៃស្រុកជីក្រែង ខេត្តសៀមរាប ចំនួន៩នាក់នោះ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនតាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៩ កន្លងមក បន្ទាប់ពីអ្នកភូមិជីក្រែងរាប់រយនាក់បានលើកគ្នាតវ៉ាបញ្ហាទំនាស់ដីស្រែប្រាំង៩២ហិកតារ នៅទំនប់៧៨សួង ក្នុងរឿងជម្លោះជាមួយប្រជាពលរដ្ឋឃុំអន្លង់សំណរ ហើយត្រូវបានសមត្ថកិច្ចចម្រុះបង្រ្កាបដោយប្រើអាវុធបាញ់រះលើក្រុមអ្នកតវ៉ា បណ្តាលឲ្យរងរបួស៤នាក់ និងចាប់ខ្លួនជាង៣០នាក់ និងក្រោយមកធ្វើការដោះលែងវិញ ចំណែក៩នាក់ត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្នជាច្រើនខែក្នុងពន្ធនាគារនោះ៕
