ខេត្ត​សៀមរាប​គ្រោង​ធ្វើ​ពិធី​អបអរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​នៅ​ជិត​តំបន់​ផ្សារ​ចាស់ និង​ផ្សារ​រាត្រី

មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​អះ​អាង​ថា ក្នុង​រយៈពេល ១២​ខែ​ឆ្នាំ​២០១២ គឺ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​ខេត្ត​នេះ​មាន​ការ​កើន​ឡើង​ប្រមាណ ២៦,១៩% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ។
ដោយ ហង្ស សាវយុត
2012-12-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទេសចរណ៍ ៣០៥
ការ​សម្ដែង​សិល្បៈ​ចម្រុះ​ជាតិ​សាសន៍​នៅ​ពេល​យប់ ក្នុង​បរិវេណ​ប្រាសាទ​បាយ័ន​របស់​ក្រុម​បណ្ដា​ប្រទេស​ដែល​ចូល​រួម​កិច្ច​ប្រជុំ​វេទិកា​ទេសចរណ៍​អន្តរ​តំបន់​អាស៊ី​បូព៌ា នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Hang Savyouth

ដោយ​សារ​តែ​កំណើន​ភ្ញៀវ​ទេសចរ​ជា​សក្ដានុពល​ដ៏​សំខាន់​សម្រាប់​ខេត្ត និង​សម្រាប់​ប្រទេស​កម្ពុជា ទាំង​មូល​នោះ អាជ្ញាធរ​ខេត្ត​សៀមរាប មាន​គម្រោង​នឹង​ធ្វើ​យុទ្ធនា​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ថែម​ទៀត នៅ​ក្នុង​ពេល​ឆ្លង​ឆ្នាំ​សកល ២០១៣ នេះ។

មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ​មួយ​ចំនួន រួម​និង​អាជ្ញាធរ​ខេត្ត​សៀមរាប មាន​គម្រោង​នឹង​រៀបចំ​ធ្វើ​ពិធី​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល នៅ​កណ្ដាល​ផ្លូវ​សាធារណៈ​មួយ​ជិត​តំបន់​ផ្សារ​ចាស់ និង​ផ្សារ​រាត្រី ដែល​ជា​កន្លែង​ប្រមូល​ផ្តុំ​ភ្ញៀវ​ទេសចរ​បរទេស នៅ​យប់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ខាង​មុខ​នេះ។

គម្រោង​នៃ​ការ​រៀបចំ​ធ្វើ​ពិធី​ឆ្លង​ឆ្នាំ​សកល​នោះ ក្នុង​បំណង​លើក​ទឹក​ចិត្ត​អ្នក​ទេសចរ​បរទេស​ទាំង​ឡាយ​ដែល​បាន​មក​ទស្សនា​នៅ​ក្នុង​ខេត្ត​នេះ និង​ក៏​ជា​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ។

លោក ង៉ូវ សេងកាក់ ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី២៩ ខែ​ធ្នូ ថា ការ​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល​នេះ​នឹង​ធ្វើ​ឡើង​នៅ​លើ​ដង​ផ្លូវ (ផប​ស្ទ្រីត = Pup Street) ជិត​ផ្សារ​ចាស់ និង​ផ្សារ​រាត្រី នៃ​ទី​រួម​ខេត្ត​សៀមរាប។ មន្ត្រី​ដដែល​បាន​រំពឹង​ថា ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​នោះ អាច​នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ២​ម៉ឺន​នាក់​ចូល​រួម​សប្បាយ​ជាមួយ​គ្នា៖ «នេះ​គ្រាន់​តែ​ជា​ការ​លើក​ទឹក​ចិត្ត​ផង ហើយ​ក៏​ជា​ការ​រួម​ចំណែក​ជាមួយ​ភ្ញៀវ​ទេសចរ​ផង​ទាំង​ជាតិ អន្តរជាតិ ហើយ​និង​រៀបចំ​កែលំអ​សោភ័ណភាព​នៅ​តាម​ស្ទឹង​បន្តិច។ ខ្ញុំ​កំពុង​តែ​រៀបចំ​បាញ់​ទឹក​បាញ់​អី»

ជា​រៀង​រាល់​ឆ្នាំ​នៅ​ខេត្ត​សៀមរាប តែង​តែ​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ពេល​យប់ ដោយ​គ្រាន់​តែ​មាន​ការ​បាញ់​កាំជ្រួច​បន្តិច​បន្តួច។

លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ការ​រៀបចំ​ធ្វើ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៣ នេះ គឺ​សាលា​ខេត្ត​នឹង​រៀបចំ​ឱ្យ​សណ្ឋាគារ​នានា​ដាក់​ផ្កាភ្ញី និង​លើ​ដង​ផ្លូវ​សាធារណៈ​ជិត​ផ្សារ​ចាស់ មាន​រៀបចំ​ប្រគំ​តន្ត្រី និង​សម្ដែង​របាំ ដោយ​បើក​ឱ្យ​អ្នក​ទេសចរ​បរទេស និង​ប្រជាពលរដ្ឋ​បាន​ចូល​រួម​កម្សាន្ត​ផង៖ «យើង​ធ្វើ​ខុស​ប្លែក​ជាង​ឆ្នាំ​កន្លង​មក​បន្តិច គឺ​មាន​បញ្ចាំង​ភ្លើង​តាម​ដើម​ឈើ មាន​បាញ់​ទឹក​បាញ់​អី​ជាក់ស្ដែង។ ផ្លូវ​នៅ​ទីក្រុង​មួយ​ចំនួន​ហ្នឹង គឺ​កុំ​ឱ្យ​យក​ម៉ូតូ យក​ឡាន​ចូល​ពេក ដូច​នៅ​ជុំវិញ​ផ្សារ​ចាស់​អីចឹង យើង​ឈប់​នៅ​មន្ទីរពេទ្យ​ខេត្ត​អីចឹង។ អីចឹង​ហើយ​យើង​ដើរ​ទាំង​អស់​គ្នា ដី​ប្រហែល ១គីឡូ​អីចឹង​ទៅ»

ការ​រៀបចំ​ធ្វើ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ដែល​ខុស​ប្លែក​ជាង​ឆ្នាំ​មុនៗ​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​សៀមរាប បញ្ជាក់​ពី​បំណង​ថា គឺ​ជា​ការ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចាប់​អារម្មណ៍ ដែល​នឹង​អាច​ឈាន​ទៅ​រក​ការ​ទាក់​ទាញ​អ្នក​ទេសចរ​បន្ថែម​ទៀត។

តួលេខ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ១២​ខែ​ឆ្នាំ​២០១២ គឺ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ២លាន និង​៣០​ម៉ឺន​នាក់ បាន​ចូល​មក​ទស្សនា​ខេត្ត​នេះ។ តួលេខ​នេះ គឺ​មាន​ការ​កើន​ឡើង ២៦,១៩% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១១ កន្លង​ទៅ ដែល​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ១លាន ៦សែន​នាក់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Nick

Where is the money?

Dec 29, 2012 08:45 PM