មន្ទីរ​ទេសចរណ៍​សៀមរាប ប្រកាស​ពី​ច្បាប់​គ្រប់គ្រង​ផ្នែក​មគ្គុទ្ទេសក៍​ទេសចរណ៍

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​អះអាង​ថា គេ​កំពុង​ចាត់​វិធានការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​លើ​វិស័យ​ទេសចរណ៍ នៅ​ក្នុង​ខេត្ត​នេះ ដើម្បី​ផ្តល់​ការ​កក់ក្តៅ​ដល់​គ្រប់​អាជីវកម្ម​ទេសចរណ៍​ទាំង​អស់ ឱ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការ​បង់​ពន្ធ​ជូន​រដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ នៅ​ស្រប​ពេល​ដែល​វិស័យ​ទេសចរណ៍​កាន់​តែ​មាន​កំណើន​ប្រសើរ​ឡើងៗ​នោះ។
ដោយ ហង្ស សាវយុត
2012-08-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អង្គរវត្ត៣០៥
ទិដ្ឋភាព​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​មក​ពី​បណ្ដា​ខេត្ត​នានា ចូល​ទៅ​មើល​ប្រាសាទ​អង្គរវត្ត ក្នុង​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី​២ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១១
RFA/Hang Savyuth

កាល​ពី​ពេល​ថ្មីៗ មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ជូន​ដំណឹង ដោយ​ប្រាប់​ឱ្យ​ដឹង​ពី​តម្លៃ​ដែល​ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ លើ​មុខ​របរ​រក​កម្រៃ​ពី​សេវាកម្ម​ទេសចរណ៍​នីមួយៗ ដូច​ជា​ការ​សុំ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ទេសចរណ៍ ការ​បើក​ស្នាក់​ការ​ទីភ្នាក់ងារ​ទេសចរណ៍ ការ​បើក​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ទទួល​អ្នក​ទេសចរ​ឱ្យ​ស្នាក់​នៅ​​ជា​ដើម តើ​ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ​ចំនួន​ប៉ុន្មាន​រៀល។

ការ​ជូន​ដំណឹង​ដែល​រួម​ទាំង​ការ​ផ្សព្វផ្សាយ​អនុក្រឹត្យ ស្ដីពី​ការ​គ្រប់គ្រង​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ការ​ប្រកាស​សារាចរ​ណែនាំ​គ្រប់គ្រង​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​របស់​ក្រសួង​ទេសចរណ៍ ផង​នោះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ថា គឺ​ជា​ការ​លើក​កម្ពស់​ការ​គ្រប់គ្រង​វិស័យ​ទេសចរណ៍​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឱ្យ​មាន​ការ​គាំទ្រ និង​ជឿ​ទុក​ចិត្ត​ថែម​ទៀត ពី​ផ្នែក​ឯកជន​នានា ដែល​កំពុង​ប្រកប​មុខ​របរ​រក​កម្រៃ​ពី​ទេសចរណ៍។

លោក ង៉ូវ សេងកាក់ ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក​បាន​មាន​ប្រសាសន៍​ថា មន្ទីរ​ទេសចរណ៍​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ទប់ស្កាត់​នូវ​រាល់​ភាព​មិន​ប្រក្រតី​នានា នៅ​ក្នុង​វិស័យ​ទេសចរណ៍ នៃ​ខេត្ត​នេះ ដើម្បី​ធ្វើ​ឱ្យ​កាន់​តែ​មាន​ការ​ទុក​ចិត្ត​ឡើង​ពី​អ្នក​ដែល​ប្រកប​អាជីវកម្ម​ទេសចរណ៍។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា មន្ទីរ​ទេសចរណ៍ ក៏​បាន​ចាប់​ផ្ដើម​អនុវត្តន៍​វិធានការ​ប្រឆាំង​អំពើ​ពុក​រលួយ ទៅ​លើ​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ណា​ដែល​តែង​តែ​ដើរ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​មួយ​ចំនួន ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ជាតិ​នោះ។

លោក ង៉ូវ សេងកាក់៖ «ថ្ងៃ​នេះ​យើង​កុំ​ឱ្យ​អាជីវករ​ទាំង​អស់​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ថា ការ​បង់​ពន្ធ​វា​មិន​ប្រក្រតី​អី គឺ​យើង​ធ្វើ​ការ​ផ្សព្វផ្សាយ​ទូលំ​ទូលាយ រួច​ហើយ​យើង​ខ្ញុំ​មាន​វេបសាយ (Website) ឱ្យ​គាត់​បាន​យល់។ អ្វី​ដែល​សំខាន់ គឺ​យើង​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​អ្វី​ដែល​មិន​ប្រក្រតី។ ក្នុង​ករណី​មាន​មន្ត្រី​ខ្ញុំ​ណា​មួយ ទៅ​ធ្វើ​អ្វី​ដែល​មិន​ប្រក្រតី គឺ​សូម​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ដោះស្រាយ​បន្ទាន់​នៅ​នឹង​កន្លែង ឬ​ក៏​រាយការណ៍​ជូន​ទៅ​ថ្នាក់​ដឹកនាំ ឬ​ក៏ ដែល​មាន​អាជ្ញាធរ​ខេត្ត មាន​ឯកឧត្តម​រដ្ឋមន្ត្រី ដើម្បី​ចាត់​ចែង​ការងារ​នេះ​ឱ្យ​បាន​បន្ទាន់ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​អាជីវកម្ម​ប្រតិបត្តិ​ការ មាន​ភាព​កក់ក្តៅ»

យុទ្ធនាការ​លុប​បំបាត់​ភាព​មិន​ប្រក្រតី​ផ្នែក​វិស័យ​ទេសចរណ៍ នៅ​ក្នុង​ខេត្ត​សៀមរាប នោះ ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​ឱ្យ​ស្គាល់​លេខ​ទូរស័ព្ទ​មួយ​ចំនួន ដើម្បី​ឱ្យ​មាន​ការ​ទាក់​ទង​ផ្តល់​ព័ត៌មាន​ភ្លាមៗ នៅ​ពេល​ណា​មាន​មន្ត្រី​របស់​រដ្ឋ​ទៅ​ធ្វើ​សកម្មភាព​ខុស​ប្រក្រតី​ណា​មួយ ហើយ​ក្រៅ​ពី​នោះ គេ​ក៏​បាន​រៀបចំ​ធ្វើ​ប្រអប់​សំបុត្រ​សម្រាប់​ទទួល​មតិ​រិះគន់ នៅ​តាម​ទី​សាធារណៈ​មួយ​ចំនួន​ផង​ដែរ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​កំពុង​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​រដ្ឋាភិបាល ដែល​ចាប់​ផ្ដើម​ចាត់​វិធានការ​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ក្នុង​វិស័យ​ទេសចរណ៍​នេះ។

លោក សន ជ័យ ជា​មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួប​រួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​វិធានការ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ទេសចរណ៍ គឺ​ជា​ការ​ប្រសើរ​មួយ ដែល​អាច​ឱ្យ​រដ្ឋ​កាន់​តែ​បាន​ចំណូល​ច្រើន​ពី​វិស័យ​នេះ ហើយ​វិស័យ​ទេសចរណ៍​ក៏​កាន់​តែ​កើន​ឡើង។

លោក សន ជ័យ៖ «យើង​ចង់​ឱ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​វិស័យ​ទេសចរណ៍​ហ្នឹង ឱ្យ​មាន​ប្រសិទ្ធភាព។ យើង​អបអរ​សាទរ​នៅ​ក្នុង​យន្តការ​នេះ ប៉ុន្តែ​សុំ​ឱ្យ​យន្តការ​នេះ​វា​ក្លាយ​ទៅ​ជា​មធ្យោបាយ​មួយ ដែល​មាន​តម្លាភាព ហើយ​និង​ប្រព្រឹត្ត​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង។ បើ​កាល​ណា​វា​មាន​អំពើ​ពុក​រលួយ វា​អាច​នាំ​ឲ្យ​រាំង​ស្ទះ​ដល់​គោល​នយោបាយ​រដ្ឋាភិបាល ក្នុង​ការ​ពង្រីក​វិស័យ​ទេសចរណ៍​នេះ​ដែរ»

ទោះ​យ៉ាង​ណា កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ មាន​ការ​រិះគន់​ទៅ​លើ​ការ​គ្រប់គ្រង​ផ្នែក​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ឡើយ ដោយ​ថា​មាន​ជន​បរទេស​ជាច្រើន​នាក់ ដែល​ពុំ​ធ្លាប់​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ទាល់​តែ​សោះ បែរ​ជា​មាន​សិទ្ធិ​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ដើរ​ទស្សនា​រមណីយដ្ឋាន​បុរាណ និង​ធ្វើ​ការ​អធិប្បាយ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ យ៉ាង​អនាធិបតេយ្យ។

លិខិត​អនាមិក​១ច្បាប់ ដែល​គេ​បាន​ដាក់​ជូន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ទើប​តែ​ទទួល​បាន​ថ្មីៗ បាន​រិះគន់​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ថា បាន​បណ្តោយ​ឱ្យ​ជន​បរទេស​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ជន​ជាតិ​កូរ៉េ រុស្ស៊ី វៀតណាម បារាំង អ៊ីតាលី និង​អាល្លឺម៉ង់ ដែល​មាន​ចំនួន​ប្រមាណ​ពី ២០០​ទៅ​៣០០​នាក់ កំពុង​ដើរ​តួ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​នាំ​ភ្ញៀវ​ដើរ​កំសាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ ដោយ​អ្នក​ទាំង​នោះ​អធិប្បាយ​ប្រវត្តិសាស្ត្រ​ខ្មែរ ក្រោម​លេស​ថា ជា​អ្នក​បក​ប្រែ​ភាសា។

លិខិត​បាន​រិះគន់​ទៀត​ថា តាម​ការ​អង្កេត គឺ​ជន​បរទេស​ទាំង​នោះ​បាន​បង់​ប្រាក់​សំណូក​ទៅ​ឱ្យ​មន្ត្រី​មន្ទីរ​ទេសចរណ៍​ប្រមាណ​១២០​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​៦ខែ ហើយ​ប្រាក់​ទាំង​នោះ គឺ​មិន​បាន​ចូល​ទៅ​ក្នុង​ថវិកា​រដ្ឋ​ឡើយ។

លោក យឹម សុវណ្ណ ជា​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​បាន​មើល​ឃើញ​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូល​មក​ទស្សនា​កម្ពុជា កំពុង​មាន​ការ​កើន​ឡើង​មែន ហើយ​ផ្នែក​ឯកជន​ដែល​កំពុង​ប្រកប​អាជីវកម្ម​ទេសចរណ៍ គេ​មិន​អល់អែក​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ជូន​រដ្ឋ​នោះ​ទេ។ ក៏ប៉ុន្តែ លោក​មើល​ឃើញ​ថា ប្រាក់​ចំណូល​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា បាន​បាត់​បង់​ជាច្រើន ដោយ​សារ​តែ​អំពើ​ពុក​រលួយ។

លោក យឹម សុវណ្ណ៖ «ខ្ញុំ​លើក​តែ​លក់​សំបុត្រ​ចូល​អង្គរវត្ត ១ឆ្នាំៗ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរវត្ត គឺ​មិន​តិច​ជាង​២លាន​នាក់​ទេ ហើយ​ប្រសិន​ជា​ម្នាក់ៗ​បង់​១ថ្ងៃ​ស្មើ​២០ដុល្លារ ២ថ្ងៃ​ស្មើ​៤០ ឬ​ក៏​៣-៤​ថ្ងៃ បង់​លើស​ពី​ហ្នឹង គឺ​ក្នុង​១ឆ្នាំៗ​រដ្ឋ​ប្រមូល​យ៉ាង​តិច​បាន​ពី ៦០​ទៅ​៧០​លាន​ដុល្លារ។ ក៏ប៉ុន្តែ បច្ចុប្បន្ន​នេះ​គឺ​រដ្ឋ​ប្រមូល​បាន​តិចតួច​ណាស់។ បើ​ប្រៀប​ធៀប​នឹង​ការ​ប្រមូល គឺ​មិន​បាន ៥​ទៅ​១០% នៃ​ចំណូល​ជាក់ស្តែង ដែល​មាន​សក្ដានុពល​គាត់​អាច​ទទួល​បាន ហើយ​៩០%​បាត់​បង់​ចូល​ទៅ​ក្នុង​ហោប៉ៅ​ឯកជន»

ក្នុង​រយៈពេល​៦ខែ ដើម​ឆ្នាំ​២០១២ មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជាង​២លាន​១សែន​នាក់ បាន​មក​ទស្សនា​កម្ពុជា ហើយ​ចំនួន​នេះ​គឺ​កើន​ឡើង​៣៥% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​៦​ខែ ដូច​គ្នា កាល​ពី​ឆ្នាំ​២០១១ ដែល​មាន​ចំនួន​ជាង​១លាន​៥សែន​នាក់​នោះ។

មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១១ កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួន​ជាង​២លាន​៨សែន​នាក់ ដោយ​បាន​ទទួល​ចំណូល​មក​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ប្រមាណ​ជាង​១ពាន់​៩រយ​លាន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្ញុំជាអ្នកសៀមរាប រកទទួលទានផ្នែកទេសចរណ៌ ។ ខ្ញុំសូមគាំទ្រគំនិតរបស់លោក យឹម សុវណ្ណ ១០០% ។ លោកប្រធានមន្ទីរ ទេសចរណ៌ខេត្តសៀមរាប សូមគោរពសម្តីលោក​ ក្នុង​នាមជាកូនប្រុស ។

Aug 05, 2012 06:50 AM