មនុស្សចំនួន ៦០គ្រួសារ នៅភូមិត្រពាំងស្អុយ២ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី១៤ ខែវិច្ឆិកា នាំគ្នារារាំងគ្រឿងចក្រចូលឈូសដីដំណាំនៅក្បែរជើងភ្នំឈ្មោះថាថ្មអង្គុយ។
តំណាងអ្នកភូមិត្រពាំងស្អុយ២ ឃុំអណ្ដូងថ្ម លោក ហ៊ុល រ៉ា ថ្លែងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ថា ក្រុមយុវជនស្ម័គ្រចិត្តរៀបចំចុះវាស់ដីនៅក្នុងឃុំនេះ ស្រាប់តែនៅព្រឹកថ្ងៃពុធ មានគ្រឿងចក្រចូលឈូសដំណាំពួកគាត់ មានដំឡូងមី ស្វាយ ខ្នុរ ជាដើម។ ប្រជាពលរដ្ឋលើកគ្នាទប់ស្កាត់គ្រឿងចក្រ ស្រាប់តែលេចដំណឹងថា ដីពួកគាត់ដាំដុះនេះ ជាកម្មសិទ្ធិរបស់លោក អ៊ុក សីហា ទៅវិញ៖ «អ៊ុក សីហា ហ្នឹង គាត់ថាដីគាត់ ធ្វើប្លង់ហើយៗ ប្រគល់ដោយអាជ្ញាធរភូមិ ហើយនិងឃុំនេះលក់ឲ្យគាត់ នេះតាមពួកបើកអាត្រាក់កាយដីនេះគេមកថា អ៊ុក សីហា ហ្នឹង គេមកធ្វើប្លង់ហើយអស់ហើយ។ អីចឹង ប្រជាពលរដ្ឋ ៦០គ្រួសារ គ្មានសិទ្ធិតវ៉ាទេ ពីព្រោះដល់ថ្នាក់ឯកឧត្តមផ្កាយ១ ផ្កាយ២ គេទាមទារយកហើយ»។
ប្រជាពលរដ្ឋឲ្យដឹងថា ពួកគាត់កាន់កាប់ដីនេះតាំងពីនៅក្នុងរបបខ្មែរក្រហម ហើយចេះតែបន្តកាន់កាប់រហូតមក។ ពួកគាត់អះអាងថា ដីក្នុង ៦០គ្រួសារដែលពាក់ព័ន្ធប្លង់លោក អ៊ុក សីហា គឺមានទំហំ ២៥០ហិកតារ។
លោកស្រី នាក់ រិន អះអាងថា បានរស់នៅក្នុងភូមិត្រពាំស្អុយ២ ទាំងពីក្នុងសម័យសង្គ្រាមស៊ីវិលជាមួយខ្មែរក្រហម។ ពួកគាត់កាន់កាប់ដីទំហំ ៤ហិកតារមួយគ្រួសារ ដើម្បីដាំដំណាំ។ ដំណាំដាំបានលក់១ឆ្នាំៗបានប្រាក់ ៣ទៅ ៤លានរៀល ស្រាប់តែនៅថ្ងៃពុធ គ្រឿងចក្រ លោក អ៊ុក សីហា មកឈូសដើមអាកាស្យាគាត់ចោល និងដំណាំហូបផ្លែផ្សេងទៀត ដោយអះអាងថា គេមានប្លង់កម្មសិទ្ធិ៖ «ដាំបានចេក បានដំឡូងអីគ្រប់សព្វដែរ។ លក់ឆ្នាំហ្នឹងបាន ៣ទៅ៤លានរៀលដែរ»។
បុរសម្នាក់ទៀតឈ្មោះ ហែម ចាន់ណា ថ្លែងដូចគ្នាថា ពួកគាត់មិនយល់ទេ ដីកំពុងកាន់កាប់សុខៗ នៅតែក្រុមយុវជនស្ម័គ្រចិត្តចូលវាស់ដីឲ្យពួកគាត់ដើម្បីបានទទួលកម្មសិទ្ធិដីស្របច្បាប់ បែរជាមានអ្នកផ្សេងមកអះអាងថាជាដីគេមានប្លង់ទៅវិញ៖ «មិនដឹងគេវាស់វែងថ្ងៃណា ប៉ុន្តែ អ៊ុក សីហា គេថាគេធ្វើប្លង់ហើយ។ ម្ចាស់អាត្រាក់គេថា បើឃាត់ឃាំងត្រូវទៅសាលាស្រុក ហើយទៅសាលាស្រុក ខាងស្រុកគេថាឲ្យសម្រួល បើសម្រួលអីចឹង ដីប្រជាពលរដ្ឋហ្នឹង គេកាយតាមចិត្ត។ អីចឹង ប្រជាពលរដ្ឋ ៦០គ្រួសារនេះ គ្រាន់ជា ដើម្បីសម្រាប់គេប្លង់ជាន់ដីទៅអនាគតទេឬអី»។
មេភូមិត្រពាំងស្អុយ២ លោក ណុប ម៉េង ថ្លែងថា ពិតជាមានជម្លោះដីនៅក្បែរភ្នំកើតឡើងមែន។ ប៉ុន្តែជម្លោះនៅចំនៀរភ្នំនោះ ជាដីបរិស្ថានគ្រប់គ្រងចំនួន ៣ភូមិ មិនមែនដីលោក អ៊ុក សីហា មានប្លង់នោះទេ។ លោកបញ្ជាក់ថា ដីលោក អ៊ុក សីហា មានប្លង់នេះ គឺមិនបានរំលោភយកពីអ្នកណាទេ គឺបានទិញពីប្រជាពលរដ្ឋក្នុងភូមិនេះ តាំងពីអំឡុងឆ្នាំ១៩៩៦ មកនោះ៖ «ប្រជាជនលក់ដោយស្វ័យប្រវត្តិទេ លក់ឲ្យឯកឧត្តម សួស កាណាន ពីដំបូង ហើយឯកឧត្តម សួស កាណាន គាត់ចែកឲ្យលោក អ៊ុក សីហា មួយចំហៀង។ យើងលក់ត្រឹមត្រូវ ប្រជាជនមានទាំង ដោយទាំងខ្ញុំ កាលមុនលក់ដែរ»។
មេឃុំអណ្ដូងថ្ម លោក វាន់ ណូ ថ្លែងថា ដីនៅក្នុងភ្នំថ្មអង្គុយ ផ្នែកវាលរាបនោះ ពលរដ្ឋបានលក់ឲ្យគេរួចហើយ ម្ចាស់ដីបានការពារសិទ្ធកាន់កាប់ បានធ្វើប្លង់ដីត្រឹមត្រូវ ឥឡូវគេមកវាតយកព្រំដីគេ ដើម្បីឲ្យយុវជនស្ម័គ្រចិត្តជួយវាស់ដីឲ្យ មិនគួរប្រជាពលរដ្ឋមកតវ៉ាសុំយកដីវិញ ហើយទាមទារឲ្យយុវជនស្ម័គ្រចិត្តចូលវាស់ដីឲ្យអ្នកទាំងនោះវិញទេ។ លោក វាន់ ណូ បញ្ជាក់ថា ដីដែលពលរដ្ឋកំពុងតែតវ៉ានេះ បានប្ដឹងតទល់រវាងពលរដ្ឋ និងលោក អ៊ុក សីហា នៅសាលាស្រុកព្រៃនប់ កាត់ក្តីតាំងពីឆ្នាំ២០០៨ មក មានការកាត់សេចក្តីច្បាស់លាស់អស់ហើយ មិនគួរពលរដ្ឋមកទាមទារឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក អ៊ុក សីហា ជំរាបសួរព័ត៌មានតបទៅនឹងការចោទរបស់ប្រជាពលរដ្ឋភូមិត្រពាំងស្អុយ២ បានទេ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។