ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះថា និកហ្វិច លោក ហង្ស ពុទ្ធា បានថ្លែងជុំវិញបរិយាកាសនៃការឃោសនារកសំឡេងឆ្នោតសម្រាប់អាណត្តិទី៤នេះយ៉ាងដូច្នេះថា ៖ «ទីមួយ ការឃោសនាលើកនេះហាក់ដូចជាបានចាប់ផ្ដើមមុនកាលបរិច្ឆេទរបស់គ.ជ.ប. ទីពីរ ការឃោសនាទាំងនេះនិយាយចំៗតែម្ដង ធ្វើឲ្យប៉ះពារដល់គណបក្សផ្សេងដោយត្រង់ៗ តែម្ដង ក្នុងន័យបង្អាប់គណបក្សផ្សេង ហើយលើកតម្កើងខ្លួនឯង» ។
ទាក់ទិននឹងអំពើហិង្សា ដែលកើតមាននៅអំឡុងពេលឃោសនាបោះឆ្នោតនេះ លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា មានការថយចុះប្រមាណ៣០% បើប្រៀបធៀបទៅនឹងការបោះឆ្នោតកន្លងទៅ ៖ «ករណីមិនប្រក្រតីដែលយើងបានរកឃើញហ្នឹង មានចំនួនតិចជាងកាលពីការបោះឆ្នោតនាពេលកន្លងមក អាហ្នឹងយើងគិតពីចំនួន គឺថយចុះប្រមាណ ៣០% ។ ខ្ញុំទាញឧទាហរណ៍ករណីសម្លាប់ ពីមុន រកឃើញមាន ១៧ករណី ឥឡូវ រកឃើញតែ១២ករណីទេ» ។
ចំណែកឯប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺលោក អ៊ូ វីរៈ ដែលបានឃ្លាំមើលបរិយាកាសនយោបាយ នៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅប្រទេសកម្ពុជានេះដែរ មានប្រសាសន៍ថា បើទោះបីជាអំពើហិង្សានយោបាយ មានការថយចុះក៏ដោយ ក៏ប៉ុន្តែ រូបភាពហិង្សានេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនាថ្ងៃ២៧ កក្កដា ខាងមុខនេះ ៖ «ជាទូទៅស្ថានភាពនៅមុនការបោះឆ្នោត ចំពោះស្ថានភាពនៃការឃោសនាមានការរលូនគ្រាន់បើជាងការបោះឆ្នោតលើកមុន ដូច្នេះនេះជាចំណុចមួយវិជ្ជមាន ។ យើងឃើញមានអំពើហិង្សាមួយចំនួន ប៉ុន្តែបច្ចុប្បន្ននេះ ករណីភាគច្រើនយើងមិនអាចសន្និដ្ឋានថាទាក់ទងនឹងរឿងនយោបាយទាំងស្រុងទេ ប៉ុន្តែដោយសារមានអំពើហិង្សាច្រើន ដូច្នេះក៏វាបណ្ដាលឲ្យមានការភ័យខ្លាចចំពោះគណបក្សដែលកំពុងប្រកួតប្រជែងនោះដែរ» ។
ជាមួយគ្នានេះ លោក អ៊ូ វីរៈ បានធ្វើការកត់សម្គាល់ថា ក្រៅពីការប្រើប្រាស់គោលនយោបាយដែលបានចែងនោះ គណបក្សនីមួយៗ ក៏បានឆ្លៀតយកបញ្ហាសង្គម និងបញ្ហាសន្តិសុខរបស់ជាតិ ដើម្បីជាមូលដ្ឋាននៃការទាក់ទាញរកសំឡេងឆ្នោតផងដែរ ៖ «រឿងទាក់ទងនឹងនយោបាយ ខ្ញុំគិតថា ករណីដូចជា ព្រះវិហារ គឺគណបក្សកាន់អំណាចកំពុងតែយកចំណេញរឿងនយោបាយនេះ ។ រឿងដីធ្លី នៅតែជាជម្លោះមួយដ៏ក្ដៅ ហើយករណីរឿងដីធ្លីនេះ គណបក្សប្រឆាំងដែលប្រជែងជាមួយគណបក្សកាន់អំណាច គឺគាត់តែងតែលើកឡើងជាច្រើនដង រឿងទំនិញឡើងថ្លៃក៏គាត់តែងតែលើកឡើងដែរ» ។
ប្រទេសកម្ពុជាបានគ្រោងរៀបចំការបោះឆ្នោតជាតិអាណត្តិទី៤ នៅថ្ងៃទី២៧ កក្កដា ខាងមុខនេះ ដើម្បីជ្រើសរើសតំណាងរាស្ត្រចំនួន១២៣រូប ។
របាយការណ៍ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលចុះឈ្មោះសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០០៨នេះ គឺមានជាង ៨លាននាក់ ។
អ្នកបោះឆ្នោតម្នាក់នៅឯខេត្តព្រៃវែង គឺលោកស្រី ម៉ាទីន មានប្រសាសន៍ថា ក្រោយពីបានតាមដានការឃោសនារបស់គណបក្សនានាកន្លងមក លោកស្រីមានសំណួរចំពោះខ្លឹមសារនៃការសន្យា ដែលគណបក្សមួយចំនួនបានលើកឡើង ៖ «កន្លងមក គឺគ្រាន់តែនិយាយចោល ហើយខ្លះ ក៏និយាយហួសពីអ្វីដែលខ្លួនធ្វើបានទៅទៀត ។ ឧទាហរណ៍ ដូចជាថា បើគណបក្សខ្ញុំឈ្នះឆ្នោត គេនឹងឲ្យគោម្នាក់១៣ក្បាល ឲ្យប្រាក់និស្សិតខ្ចីម្នាក់បាន ១០០០ដុល្លារ ដូច្នេះវាហួសនឹងអ្វីដែលយើងធ្វើបាន» ។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី ម៉ាទីន បានអះអាងថា ការឃោសនាកន្លងមកនេះ បានជួយឲ្យលោកស្រីកាន់តែមានភាពប្រាកដក្នុងចិត្ត ក្នុងការជ្រើសរើសយកគណបក្សដែលលោកស្រីនឹងត្រូវបោះឆ្នោតឲ្យ បើទោះបីជាលោកស្រី មិនបញ្ជាក់ឲ្យដឹងពីឈ្មោះគណបក្សនោះក៏ដោយ ៖ «ផ្លាស់ប្ដូរ ព្រោះកន្លងមក ដូចជានៅដដែលៗ ។ យោងទៅលើខ្លឹមសារនៃការឃោសនារបស់គេ គឺខ្ញុំយល់ច្បាស់អំពីអ្វីដែលត្រូវ និងអ្វីដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋ» ។
ខណៈដែលមេបក្សមួយចំនួនចូលរួមជាបន្តបន្ទាប់ ជាមួយសមាជិកបក្សរបស់ខ្លួន នៅក្នុងក្បួនឃោសនារកសំឡេងឆ្នោត នៅតាមទីក្រុងនិងទីជនបទនោះ គេសង្កេតឃើញយ៉ាងហោច មានមេបក្សចំនួន ៣គណបក្ស ដែលមិនបានចេញធ្វើយុទ្ធនាការរកសំឡេងឆ្នោតនិងចុះជួយម្ចាស់ឆ្នោតដោយផ្ទាល់នោះឡើយ ។
តំណាងគណបក្សគណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ បានថ្លែងថា លោក ហង្ស ដារ៉ា ជាប្រធានគណបក្ស ដែលមិនបានចូលរួមឃោសនានោះ គឺដោយសារលោកកំពុងនៅសាងភ្នួស ។
ចំណែកឯសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តម រណឫទ្ធិ ក៏មិនបានចូលរួមឃោសនាបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារសម្តេចក្រុមព្រះ កំពុងភៀសព្រះកាយនៅក្រៅប្រទេស ដោយសារតែមានរឿងក្តីក្តាំជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ។
ចំណែកឯប្រធានគណបក្សប្រជាជនកម្ពុជា និងបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន សែន ក៏បានប្រកាសនៅមុនការឃោសនាបោះឆ្នោតនោះថា លោកមិនចេញឃោសនានោះឡើយ ។
ពលរដ្ឋមួយរូបនៅឯខេត្តមណ្ឌលគិរី គឺលោក សុខ ខេង មានប្រសាសន៍ថា បើទោះជាយ៉ាងណាក៏ដោយ លោកបានកំណត់ក្នុងចិត្តជាមុនរួចហើយ ចំពោះគណបក្សដែលលោកនឹងបោះឆ្នោតឲ្យនោះ ៖ «សំខាន់ណាស់ក្នុងសន្លឹកឆ្នោតរបស់យើងមួយសន្លឹក ដូច្នេះការសម្រេចរបស់ខ្ញុំ គឺខ្ញុំបានគិតគូររួចទៅហើយថា ខ្ញុំនឹងបោះឲ្យគណបក្សណា» ។
សូមជម្រាបថា នៅទូទាំងប្រទេសមានការិយាល័យបោះឆ្នោតសរុបជាង ១ម៉ឺន ៥ពាន់ការិយាល័យ ។ ស្ថានទូតសហរដ្ឋអាមេរិកគ្រោងបញ្ជូនមន្ត្រីស្ថានទូតចំនួន ៨០នាក់ចូលរួមជាអ្នកសង្កេតការណ៍ ។ សហគមន៍អឺរ៉ុបគ្រោងបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន ចំនួន ១៣០នាក់ ។
ចំណែកឯប្រទេសជប៉ុន ដែលបានផ្តល់ថវិកាជិត ៣លានដុល្លារ ជួយដល់ការរៀបចំដំណើរការបោះឆ្នោតជាតិអាណត្តិទី៤នេះ ក៏បានដាក់អ្នកអង្កេតការណ៍របស់ខ្លួនចំនួន២៣នាក់ផងដែរ ។
ជាមួយគ្នានេះ អង្គការនិកហ្វិច នឹងមានអ្នកសង្កេតការណ៍ជាតិទូទៅចំនួន ៧ពាន់នាក់ និងអ្នកសង្កេតការណ៍ជាជនបរទេសចំនួន ៨០នាក់ ។ ចំណែកឯអង្គការ ខុមហ្វ្រែល នឹងមានអ្នកសង្កេតការណ៍ជាតិ ជាង១ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាជនបរទេសចំនួនជាង ១០០នាក់ ៕
