ក្រុម​កម្មករ​រោងចក្រ Sky High បញ្ឈប់​គម្រោង​មក​តវ៉ា​នៅ​ក្រសួង​សង្គមកិច្ច

ប្រភព​ពី​កម្មករ​រោងចក្រ ស្កាយហាយហ៍ (Sky High) បាន​ឲ្យ​ដឹង​ថា ក្រុម​កម្មករ​បាន​បញ្ឈប់​ការ​ធ្វើ​ដំណើរ​មក​តវ៉ា​ទាមទារ​នៅ​ក្រសួង​សង្គមកិច្ច​ហើយ ក្រោយ​ពី​ការ​តវ៉ា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប។

តំណាង​កម្មករ លោក ញឹម ចំរើន បាន​ថ្លែង​ថា ពួក​គេ​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​សម្រាប់​ការ​ដោះស្រាយ​ការ​ទាមទារ​នោះ ៖ «អត់​ទាន់​បាន​ដោះស្រាយ​បាន​ចំណុច​ណា​ផង ឥឡូវ​គេ​បោះបង់​ពួក​ខ្ញុំ​ចោល តែ​ពួក​ខ្ញុំ​នៅ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​បង់​ប្រាក់​បំណាច់​ផ្សេងៗ​ដែល​ពួក​ខ្ញុំ​ធ្វើ​បាន​រយៈពេល ខ្លះ​៥​ឆ្នាំ ខ្លះ​៧​ឆ្នាំ​អ៊ីចឹង។ គេ​អត់​ទាន់​ដោះស្រាយ គេ​ប្រាប់​ថា រង់ចាំ​តុលាការ​កាត់​ក្ដី​ថ្ងៃ​៣០»

គួរ​ជម្រាប​ជូន​ថា កម្មករ​នៅ​ក្នុង​រោងចក្រ ស្កាយហាយហ៍ មាន​ចំនួន​សរុប​ប្រហែល​៣.០០០​នាក់។

ប្រភព​ពី​កម្មករ​បាន​អះអាង​ថា ពួក​គេ​ចំនួន​១.៥០០​នាក់​ក្នុង​ចំណោម​កម្មករ​សរុប​បាន​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ប្រយោជន៍​ឲ្យ​រោងចក្រ​គោរព​ច្បាប់​ការងារ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះដូរ​តំណែង​កម្មករ បង្កើត​កន្លែង​មើល​ក្មេង ធានា​សុវត្ថិភាព​យានយន្ត​របស់​កម្មករ​ពេល​មក​ធ្វើការ​ជា​ដើម។

ការ​ទាមទារ​ទាំង​នោះ​ត្រូវ​បាន​ភាគី​ថៅកែ​ច្រាន​ចោល។ ប្រភព​ពី​ភាគី​រោងចក្រ​ដែល​យើង​ធ្លាប់​បាន​សម្ភាសន៍​បាន​និយាយ​ថា ទំនាស់​នៅ​ក្នុង​រោងចក្រ ស្កាយហ៍ហាយហ៍ កើត​ឡើង​ដោយសារ​តែ​សហជីព​ពីរ​ក្នុង​រោងចក្រ​មិន​ត្រូវ​គ្នា ហើយ​បាន​ញុះញង់​កម្មករ​ឲ្យ​មាន​បាតុកម្ម។

តំណាង​ខាង​រោងចក្រ​ដដែល​បញ្ជាក់​ថា កម្មករ​ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​មាន​ភាគ​តិច​ក្នុង​ចំណោម​កម្មករ​ទាំង​អស់។ អ្នក​ទាំង​នោះ​បាន​លះបង់​ការងារ​ចោល បើ​ទោះ​បី​ជា​តុលាការ​បាន​បញ្ជា​ឲ្យ​ចូល​ធ្វើការ​វិញ​ក៏​ដោយ។

ប្រធាន​បក្ស​សមរង្ស៊ី​នឹង​បន្ត​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​សម្រាប់​កម្មករ​រោងចក្រ​តាក់ហ្វាត

ទាក់ទង​ទៅ​នឹង​កូដកម្ម​របស់​កម្មករ​នៃ​រោងចក្រ​កាត់ដេរ​មួយ​ទៀត​ឈ្មោះ​ថា តាក់ហ្វាត មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ ទី​១៦ តុលា​នេះ ថា លោក​នឹង​បន្ត​ឃ្លាំ​មើល​និង​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​សម្រាប់​កម្មករ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ៖ «រោងចក្រ​តាក់ហ្វាត​ហ្នឹង​ប៉ុន្មាន​ឆ្នាំ​មក​មិន​សូវ​គោរព​ច្បាប់​ការងារ​ទេ ដោយ​សារ​ថា​មាន​វិបត្តិ​សេដ្ឋកិច្ច​ថែម​ទៀត​នោះ ឥឡូវ​ហ្នឹង​គេ​មាន​ចាត់​វិធានការ​បណ្ដេញ​កម្មករ ព្យួរ​កម្មករ ធ្វើ​អ្វី​ដែល​មិន​ត្រឹមត្រូវ មិន​គោរព​ច្បាប់​ការងារ មិន​គោរព​សិទ្ធិ​កម្មករ។ យើង​នឹង​តាមដាន​ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ពិសេស​ក្រសួង​ការងារ ឲ្យ​បង្ខំ​ឲ្យ​ថៅកែ​រោងចក្រ​ហ្នឹង​គោរព​ច្បាប់​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ គោរព​សិទ្ធិ​កម្មករ​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​បាន​ពេញ​លេញ»

លោក​ថ្លែង​ដូច្នេះ​នៅ​ក្រោយ​ពេល​ដែល​លោក​ទើប​នឹង​វិល​ត្រឡប់​មក​ពី​ប្រទេស​បារាំង​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​និង​មាន​បំណង​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​របស់​កម្មករ​ផងដែរ។

ប្រភព​ពី​សហជីព​សេរី​កម្មករ​បាន​អះអាង​ថា កម្មករ​រោងចក្រ​កាត់​ដេរ​តាក់ហ្វាត​ជិត​២​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​ប្រហែល​មួយ​សប្តាហ៍​មក​នេះ ក្រោយ​ពី​រោងចក្រ​បាន​ប្រកាស​បិទ​ទ្វារ​ដោយសារ​តែ​គ្មាន​ការ​បញ្ជា​ទិញ។ កម្មករ​ទាំង​នោះ​បាន​ទាមទារ​ឲ្យ​មាន​ការ​បើក​ប្រាក់​បៀវត្សរ៍​ចំនួន​៥០%​នៃ​ប្រាក់​ខែ​របស់​ខ្លួន​ចំពោះ​ការ​បិទ​ទ្វារ​រោងចក្រ​នេះ។

នៅ​ថ្ងៃ​ដដែល​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ភាគី​រោងចក្រ​បាន​នៅ​ឡើយ​ទេ៕