ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ នៅប្រមាណ ៤គីឡូម៉ែត្រពីសាលាស្រុកត្រាំកក់។ មេឃុំតាភេម គឺលោក ស្រី កឿន ថ្លែងថា ក្នុងឃុំនេះមាន២៣ភូមិ។ ភូមិខ្លះ ពលរដ្ឋកំពុងធ្វើអាជីវកម្មខ្នាតតូចតាមគ្រួសារ ដូចជាម៉ៅការ កាត់ដេរ ជួសជុលវិទ្យុ ទូរទស្សន៍ និងត្បាញក្រមា។ លោកថា ថ្វីត្បិតតែការងារនោះមើលទៅហាក់ដូចតូចតាច ប៉ុន្តែកំពុងជួយមនុស្សឲ្យមានការងារធ្វើ ហើយរកប្រាក់ចំណូលមកក្នុងគ្រួសារ និងបន្ថយការដើរចេញពីភូមិស្រុក ទៅលក់ពលកម្មនៅបរទេស៖ «កាត់បន្ថយបងប្អូនយើងចំណាកស្រុក។ ហើយទី២ គឺចំណេញទៅលើចំណូលថវិការបស់គ្រួសារគាត់ ធ្វើឲ្យគាត់មានភាពនឹងនរ រស់នៅក្នុងផ្ទះបានស្រួល មិនចង់ធ្វើចំណាកស្រុក។ ហើយទី៣ គឺកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ គឺគាត់អត់មានដើរទៅណាមកណាទេ គិតតែពីរឿងរកចំណូលដាក់គ្រួសារ»។
សំឡេងម៉ាស៊ីនដេរបន្លឺទាំងព្រលឹមពីក្នុងផ្ទះអ្នកស្រី ឈឹម សុគុណ នៅភូមិមហាសេនា ឃុំតាភេម។ អ្នកស្រី ឈឹម សុគុណ អះអាងថា គាត់ចាប់ផ្ដើមមុខរបរដេរសំបកទូក្រណាត់សម្រាប់ដាក់ខោអាវ ហើយបោះទៅទីផ្សារស្ទើររាល់ថ្ងៃ។ គាត់ទទួលប្រាក់ចំណូលគ្រួសារកើនឡើង និងជួយឲ្យគ្រួសារដែលគ្មានមុខរបរមួយចំនួន មានការងារធ្វើ ហើយបានប្រាក់ចំណូលគ្រួសារ បន្ថយការដើរលេងផ្ទះគេ បន្ថយអ្នកធ្វើចំណាកស្រុក ពិសេសជួយទប់ស្កាត់ការនាំចូលផលិតផលសម្រេចពីបរទេស។
អ្នកស្រី ឈឹម សុគុណ៖ «ខ្ញុំចង់ឲ្យស្រុកខ្មែរយើងហ្នឹង ឲ្យមានថា របស់ខ្មែរយើងផលិត កុំថាស្អីក៏របស់ថៃ ស្អីក៏របស់ជប៉ុន ស្អីក៏របស់កូរ៉េ ស្អីក៏របស់ចិនចូលមកអ៊ីចឹង។ ហើយខ្ញុំចង់ឲ្យមានការងារធ្វើ កុំស្អីឡើងរត់ទៅតែស្រុកគេ ស្អីឡើងក៏ប្រទេសគេ ខ្មែរយើងមានការងារម៉ាគគោកមិនគិតរកដាក់ខ្លួន គិតតែទៅធ្វើតែខ្ញុំគេ។ អញ្ចឹង ខ្ញុំខំបង្ហាត់បង្រៀនអ្នកណាដែលគេស្ម័គ្រចិត្តថាចង់រៀន ចង់ចេះហ្នឹង គឺខ្ញុំបង្ហាត់គេហើយ»។
អ្នកស្រី ឈឹម សុគុណ ឲ្យដឹងថា ក្រៅពីដេរសំបកទូក្រណាត់ គាត់ដេរខ្នើយ និងពូកសម្រាប់កុមារ។ គាត់បោះឲ្យម៉ូយ នៅតាមផ្សារជនបទ និងទីក្រុង ក្នុងមួយសម្រាប់ ថ្លៃ១ម៉ឺនរៀល។ អ្នកស្រីបន្ថែមថា គាត់បានបោះដុំឲ្យស្ត្រីក្នុងភូមិចំនួន៥នាក់ ដើម្បីជួយដេរសំបកទូនេះ ហើយគាត់ក៏ទទួលបង្រៀនដល់ស្ត្រី និងនារីសិស្សសាលាឲ្យចេះដេរដូចគាត់ ដើម្បីរកប្រាក់បានផង ជួយបន្ថយការដើរលេងផ្ដេសផ្ដាសផង៖ «អាកូនខ្នើយហ្នឹង តែខ្ញុំមិនមែនច្រក គ យើងទេ គឺយកសំឡីឡែនរោងចក្រ យើងច្រកអាហ្នឹង ពេលណាដែលកូនក្មេងវាដេក ពេលប្រឡាក់ទឹកដោះ ពេលហ្នឹងយើងយកទៅគក់ គឺវាអត់ចេះអើបដូចគផ្លែយើងនោះទេ។ វាសើមតែក្រៅៗ អ៊ីចឹងយើងយកទៅហាលទៅ ស្ងួតវិញវាធម្មតា។ គក់ទាំងអាសំឡីហ្នឹងក៏បានដែរ ទាំងខ្នើយទាំងអស់ហ្នឹង ហើយឆាប់ស្ងួតជាងគផ្លែយើង។ បើពូក យើងចក្រវាហើយអស់ យើងចុកវាស្អាតតាមម៉ូតតាមអី ច្រកថង់វាហើយ បិតតែមរួច យកទៅឲ្យគេលក់»។
អ្នកស្រី សុភា នៅភូមិមហាសេនា ដែរ ថ្លែងថា ដើម្បីបានជាសំបកទូក្រណាត់នោះ គាត់ត្រូវទិញក្រណាត់ណា ដែលកំពុងពេញនិយម ហើយមានរូបរាង និងពណ៌ដូចទំនិញនាំចូល ទើបគាត់លក់ដាច់បានច្រើន ហើយអាចប្រកួតប្រជែងទំនិញនាំចូលពីបរទេសបាន។ អ្នកស្រីបន្ថែមថា ក្នុងមួយថ្ងៃគាត់កាត់និងដេរ បានផលិតផលសម្រេចជាសំបកទូក្រណាត់ ៣០ទៅ៥០។ ប៉ុន្តែ បើម៉ូយទិញច្រើន (កុម្ម៉ង់) គាត់ត្រូវដេរដល់ម៉ោង១១យប់ ហើយបោះឲ្យអ្នកទទួលដេរបន្តក្នុងភូមិ ដូចជាឆិត ឬដេរភ្ជិតមុខជាដើម ក្នុងតម្លៃឈ្នួលមួយ គឺ៣០០រៀល៖ «ខ្ញុំធ្វើហើយអស់ បានគេយកទៅភ្ជាប់ ដេរបញ្ជាន់ រាប់ដេរបានប៉ុន្មាន ខ្ញុំគិតឲ្យប៉ុណ្ណឹង។ បើយើងមានការងារឲ្យគេធ្វើច្រើនបានលក់ច្រើន។ ៣០ធ្វើតែ២ថ្ងៃទេ។ ២ថ្ងៃ គេមានពេលដើរដឹកគោ ដើរដាំបាយអី រែកទឹក ឲ្យកូនគេហូបចុកអីចឹងដែរ»។
អ្នកស្រី កុយ មុំ នៅឃុំតាភេម ថ្លែងថា គាត់ទទួលដេរសម្រេចសំបកទូក្រណាត់ពីអ្នកម៉ៅការក្នុងភូមិមហាសេនា បោះឲ្យដេររាល់ថ្ងៃ ចំនួន ៥០ទៅ១០០សំបកទូ។ អ្នកស្រីថា ក្នុង១ថ្ងៃគាត់ដេរបាន៣០សំបកទូក្រណាត់។ សំបកទូនោះ គេដេរជិតរួច ទើបបោះមកឲ្យគាត់ដេរជាន់មុខបន្ថែមប៉ុណ្ណោះ។ ការងារនេះ ងាយរកប្រាក់ចំណូល ហើយមិនដើរឆ្ងាយពីផ្ទះទេ គាត់អាចមើលថែទាំកូនចៅ អាចចិញ្ចឹមជ្រូក មាន់ និងធ្វើស្រែបានជាធម្មតា៖ «មួយខែបានខ្ទង់ បួន ដប់ម៉ឺនអី បើគេបង្ខំដេរព្រោះអីនៅផ្ទះមានពិបាកអី អង្គុយដេរនៅតែផ្ទះមានចេញទៅណានឿយហត់អីផង។ ដេរស្រេចយើងដេរបានប៉ុន្មាន គ្មាននរណាស្តីលើក្បាលយើងទេ»។
ភូមិតាសូរ និងភូមិតាភេម មានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ពីសាលាឃុំតាភេម។ ដីលំនៅឋានក្នុងភូមិទាំងនោះ ធំទូលាយ និងចាក់ដីភូមិរាបស្មើ គ្រប់ផ្ទះមានដើមឈើកំពុងផ្លែពាសពេញដើម។ នៅក្រោមផ្ទះ មានកីត្បាញ និងមានរថយន្តទេសចរណ៍ស្ទើរគ្រប់ផ្ទះ។ ស្ថានភាពរស់នៅរបស់អ្នកភូមិ ស៊ីវិល័យដូចនៅទីប្រជុំជន។ ប៉ុន្តែពួកគេ មិនទាន់មានអគ្គិសនីប្រើទេ គេប្រើអាគុយក្នុងការស្តាប់វិទ្យុ និងទស្សនាភាពយន្តនៅក្នុងទូរទស្សន៍។
អ្នកស្រី ប៉ាក់ នៅភូមិតាសូរ កំពុងត្បាញក្រមាក្រោមផ្ទះ បានឲ្យដឹងថា ក្រមាមួយគាត់លក់តម្លៃ៥ពាន់រៀល ជាប្រភេទក្រមាបង់ក ទំហំទទឹង ៦០សង់ទីម៉ែត្រ បណ្តោយ ១,៨០ម៉ែត្រ។ ក្រមាប្រភេទនេះ កំពុងពេញនិយមក្នុងទីផ្សារ សម្រាប់អ្នកទេសចរ៖ «អានេះមិនចំណេញប៉ុន្មានទេ ប៉ុន្តែជាមុខរបរនៅផ្ទះ។ បើយើងទៅក្រៅ វាទៅអត់រួច យើងធ្វើការនៅផ្ទះទៅ។ ហើយបើគេធ្វើឲ្យជាប់តែម្តង នោះគេចំណេញដែរហ្នឹង។ មួយថ្ងៃបាន២ អាហ្នឹងបើធ្វើជាប់លាប់ទៅ ពីព្រឹកទល់ថ្ងៃត្រង់អីចឹង យើងបានមួយ ហើយទាល់ល្ងាចទៅ យើងត្បាញបានមួយទៀត អាចចូលទៅ៣អីទៅ បើគេអ្នកធ្វើខំ»។
យុវជនវ័យ ៣៣ឆ្នាំ នៅភូមិតាភេម ឃុំតាភេម ឈ្មោះ គ ចំរើន ហៅជាង ងូក កំពុងអង្គុយជួសជុលគំនរទូរទស្សន៍ចាស់ៗ អះអាងថា គាត់ចេះធ្វើជាងជួសជុលទូរទស្សន៍ ម៉ាញេ និងវិទ្យុ ពីអង្គការមួយ។ គាត់បានបើករបរជួសជុលនៅភ្នំពេញ ប៉ុន្តែមិនអាចទប់ទល់តម្លៃទំនិញ គាត់ក៏ត្រឡប់មករកស៊ីជួសជុលនៅក្នុងភូមិ។ ព្រោះនៅផ្ទះ គាត់ចំណាយតិច ហើយបានធ្វើការងារស្រែចម្ការក្នុងភូមិ និងបានមើលថែប្អូនៗ ដែលកំព្រាផង៖ «ដូចថាជួសជុលមួយហើយអ៊ីចឹង យើងយក ដូចជា ពណ៌សខ្មៅមួយអីចឹង គឺចាប់ពី ៧ពាន់ ៨ពាន់។ បើអាណាខូចច្រើន យើងអាចបាន១ម៉ឺនពីរ ឬ១ម៉ឺន៥អីទៅ តាមរបស់គេខូចតិច ខូចច្រើន យើងមិនហ៊ានថា បើរបស់គេខូចតិច យើងមិនហ៊ានទារថ្លៃទេ បើយកថ្លៃគេថាយើងកោរគេ»។
មេឃុំតាភេម លោក ស្រី កឿន ឲ្យដឹងថា ក្នុងឃុំនេះនៅឆ្ងាយពីប្រព័ន្ធធារាសាស្ត្រ អ្នកស្រុកធ្វើបានតែស្រែវស្សាម្តងគត់។ ហេតុនេះ ជីវភាពអ្នកភូមិកាលពីមុនលំបាក ព្រោះគ្មានផ្លូវខ្វាត់ខ្វែង និងគ្មានមុខរបរផ្សេង។ ក្រោយពីអ្នកភូមិរៀនចេះតគ្នាពីរបរដេរ ត្បាញ និងជួសជុលមក មុខរបរនោះបានរីកតាមគ្រួសារ ចំនួន ១៣ភូមិ។
លោកថា កាលពីឆ្នាំមុនៗ ក្នុងឃុំមានយុវជន និងយុវនារីចេញទៅធ្វើការនៅបរទេស ដូចជានៅប្រទេសកូរ៉េខាងត្បូង (South Korea) ថៃ (Thailand) និងប្រទេសម៉ាឡេស៊ី (Malaysia) ជាង៣០០នាក់។ លោកថា ដោយសារតែមានការងារធ្វើនៅក្នុងភូមិ មានយុវជនខ្លះបានវិលមកភូមិស្រុកវិញ ព្រោះពួកគេចាញ់បោកមេខ្យល់ និងរកការងារនៅក្រៅស្រុកកំណើតមិនបានធ្វើ ឬមិនបានកម្រៃមកផ្ទះ ក៏វិលមកស្រុកកំណើតវិញ។
លោកថា អាជ្ញាធរឃុំជាប់ឆ្នោតក្នុងអាណត្តិទី៣ គ្រោងបង្កើតកូនផ្សារមួយក្នុងឃុំ ដើម្បីឲ្យអ្នកភូមិបានលក់ដូរកសិផល ដែលផលិតបាន។ ព្រោះឃុំនេះនៅឆ្ងាយពីផ្សារ ធ្វើឲ្យពលរដ្ឋចំណាយប្រាក់ច្រើនក្នុងការឡើងទៅទិញឥវ៉ាន់ និងម្ហូបអាហារ។
ម្យ៉ាងទៀត បង្កើតការងារឲ្យយុវជនក្នុងឃុំនាំគ្នាដាំដំណាំចិញ្ចឹមជីវិត ប្រសើរជាងនាំគ្នាធ្វើដំណើរចោលស្រុក ដោយគ្មានបានកម្រៃចិញ្ចឹមគ្រួសារ។
លោកមេឃុំបន្តថា កាលពីរសៀលថ្ងៃអង្គារ ទី១៧ ខែកក្កដា ក្នុងពេលមេឃកំពុងភ្លៀង មានខ្យល់បក់ខ្លាំង នាំឲ្យផ្ទះពលរដ្ឋមួយចំនួនខូចខាត ខ្លះតិច ខ្លះច្រើន ប៉ុន្តែមិនមានអ្នករបួស ឬស្លាប់ទេ។ ក្នុងឃុំនេះ ក៏មានដីកសិកម្មជាង ១ម៉ឺន២ពាន់ហិកតារ។ កាលពីភ្លៀងធ្លាក់ដើមឆ្នាំ ខែឧសភា កន្លងទៅ ប្រជាកសិករដែលមានដីនៅជាប់ប្រឡាយ នាំគ្នាធ្វើស្រូវប្រាំង បានជាង ២០ហិកតារ។ បច្ចុប្បន្ន ភ្លៀងទើបធ្លាក់ ២ថ្ងៃមកនេះ កសិករក្នុងឃុំខំភ្ជួរស្រែ ប្រែដី ឬដាស់ដី និងសាបស្រូវវស្សាបណ្ដើរៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។