ពលរដ្ឋអ្នកធ្វើចង្អេរលក់នៅស្រុករលាប្អៀរ ខែត្រកំពង់ឆ្នាំង បានត្អូញត្អែរអំពីបញ្ហាទំនិញចេះតែឡើងថ្លៃមិនឈប់ រីឯផលិតផលរបស់ពួកគាត់នៅតែលក់បានថោកដដែល ។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីសម្ភាសស្ត្រីធ្វើចង្អេរនៅភូមិក្រួស ស្រុករលៀប្អៀរ ខែត្រកំពង់ឆ្នាំង។
«យើងដឹកចេញពីនេះអស់សោហ៊ុយឡាន ដាក់ពីព្រៃក្មាយទៅ មួយដុំមួយម៉ឺន ពីដើមយកមួយដុំ ៨ពាន់រៀលទេ ។ ចង្អេរ១តែ ២២០០ វាអត់គួបនឹងទំនិញ ។ ប៉ះពាល់ដល់យើងអ្នកស្រែ ឆ្ងល់ថាហេតុអីបានជាទំនិញវាចេះតែឡើងថ្លៃអ៊ីចឹង ? រដ្ឋាភិបាលមិនដឹងគាត់គិតយ៉ាងម៉េច?» ។
នេះគឺជាការត្អូញត្អែររបស់ពលរដ្ឋខ្មែរ អ្នកប្រកបមុខរបរធ្វើចង្អេរលក់នៅភូមិក្រួសឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អំពីបញ្ហាផលិតផលរបស់ពួកគាត់លក់បានតម្លៃថោកពេក ដែលមិនអាចទប់ទល់ជីវភាពរស់នៅបាន ពីព្រោះសព្វថ្ងៃ ទំនិញនៅទីផ្សារសព្វសារពើកំពុងតែឡើងថ្លៃខ្ពស់ពន់ប្រមាណ ដែលក្នុងនោះរួមមានទាំងសម្ភារៈសម្រាប់ធ្វើចង្អេរផងដែរ ដូចជា ខ្សែជ័រនីឡុងរុំកណ្ដាប់ចង្អេរជាដើម ។
ក្នុងសកម្មភាពកំពុងរុំកណ្ដាប់ចង្អេរនៅក្រោមផ្ទះរបស់គាត់នាភូមិក្រួស ស្ដ្រីកសិករខ្មែរមួយរូបឈ្មោះ បានបញ្ជាក់ប្រាប់បន្ថែមអំពីបញ្ហានេះដូច្នេះថា ៖ «ទំនិញឡើងថ្លៃ ឡើងជាងពាក់កណ្ដាលឥឡូវ ពីដើមទិញតែ ៦-៧ពាន់រៀល ឥឡូវឡើងដល់ ១៣០០០រៀលហើយ ។ ចង្អេរលក់ទៅវិញតែ ១០ បាន៣ម៉ឺនរៀល ។ សព្វថ្ងៃរកអត់សូវបាន ឡើងថ្លៃអត់រួច បើឈ្មួញគេនៅទិញហ្នឹងគេឲ្យតែប៉ុណ្ណឹង ។ បើអង្ករសាច់អត់សូវឡើងរកបានដែរ តែឥឡូវរកអត់សូវបានទេ ។ ប៉ះពាល់ជីវមែន បើអត់បានឡើង ឡើងតែរបស់គេផ្សារ របស់យើងនៅហ្នឹងអត់បានឡើង» ។
ប្រជាពលរដ្ឋអ្នកធ្វើចង្អេរដដែលនេះ ដែលមើលទៅគេម្នាក់ៗក្នុងគ្រួសារនីមួយៗនៃគ្រប់ខ្នងផ្ទះក្នុងភូមិក្រួស កំពុងតែមមាញឹកក្នុងការផលិតចង្អេរលក់នោះ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីដែលបានចុះផ្ទាល់ដល់មូលដ្ឋាននោះ យ៉ាងដូច្នេះថា ក្រៅពីបញ្ហាទំនិញឡើងថ្លៃ ដែលជាហេតុមិនអាចឲ្យពួកគាត់បានផលចំណេញច្រើននោះ សម្រាប់ផ្គត់ផ្គង់ជីវភាពបានបន្ថែមលើសនេះទៀត គឺការនាំចេញយកទៅលក់នៅតាមច្រកព្រំដែនថៃ ក៏ត្រូវបានគេដំឡើងតម្លៃបង់ពន្ធយ៉ាងខ្ពស់ជាងពីពេលមុនដែរ ។
បុរសកសិករមួយរូបទៀតឈ្មោះ ទេព ឆាន ជាអ្នកធ្វើចង្អេរលក់ នៅភូមិក្រួសដែរនោះ បានបញ្ជាក់ប្រាប់ផងដែរថា ផលិតផលចង្អេររបស់គាត់ ក៏ដូចជាអ្នកឯទៀតនៅទីនេះ គឺកាលពីរបស់របរទីផ្សារមិនទាន់ឡើងថ្លៃនោះ គឺមុខរបរធ្វើចង្អេរលក់បានកាក់កប ដែលអាចជួយចិញ្ចឹមជីវិតរបស់គ្រួសារនីមួយៗបានសមរម្យគ្រាន់បើដែរ ប៉ុន្តែ មកដល់ប៉ុន្មានខែកន្លងទៅនេះ អ្នកធ្វើចង្អេរលក់ នៅភូមិក្រួសទាំងអស់គ្នា មានការធ្លាក់ទឹកចិត្តខ្លាំងណាស់ ពីព្រោះតែការលក់ផលិតផលរបស់គាត់ដើរទាន់គ្នានឹងតម្លៃទំនិញនានាក្នុងទីផ្សារ ។
លោក ទេព ឆាន រៀបរាប់ដូច្នេះថា ៖ «ដូចខ្ញុំទៅព្រឹកមិញទៅផ្សារទិញខ្សែអ៊ិនហ្នឹង ឡើង១ដុល្លារបាត់ទៀតហើយ ឡើងដល់ ១៣០០០រៀល ដូចខ្ញុំទៅបោះនៅផ្សារថៃ យើងឆ្លងទៅលុយកាក់សព្វបែបសព្វយ៉ាង សោហ៊ុយដឹកទៅ ។ ទៅដល់ហ្នុងទៀតយើងបង់តម្លៃស្តង់ឲ្យគេទៀតបានចូលបាន ។ តម្លៃស្តង់បើយើងគិតជា ១ដុំចង្អេរ តម្លៃ ៦០បាត មួយដុំយើងចងជាចង្អេរបានតែ ១៥០ទេ» ។
ក្រៅពីការត្អូញត្អែររបស់អ្នកផលិតចង្អេរផ្ទាល់ថា មិនបានប្រាក់ចំណេញច្រើនសម្រាប់ជួយផ្គត់ផ្គង់ការរស់នៅនោះ ចំណែកឯឈ្មួញកណ្ដាលដែលដើរប្រមូលទិញចង្អេរពីអ្នកភូមិក្រួស យកទៅលក់បន្តនៅឯប្រទេសថៃនោះ គេក៏បានត្អូញត្អែរដែរថា ប៉ុន្មានខែមកនេះ គឺមានការពិបាកក្នុងការរកស៊ីមុខរបរនេះយ៉ាងខ្លាំងដោយហេតុថាសាំងកាន់តែឡើងថ្លៃគ្មានចុះ បានធ្វើឲ្យគេដំឡើងថ្លៃខ្ពស់ក្នុងការដឹកជញ្ជូន ផងដែរ រីឯទំនិញរបស់អ្នកផលិតចង្អេរវិញ គឺលក់ក្នុងតម្លៃដដែល ។
ក្នុងចំណោមឈ្មួញអ្នកទិញចង្អេរ បុរសឈ្មួញកណ្ដាលមួយរូប ឈ្មោះ សោម ថុល បានត្អូញត្អែរប្រាប់បន្ថែមយ៉ាងដូច្នេះ ៖ «អ្នកធ្វើនៅហ្នឹងគេរបស់ឡើងថ្លៃអស់ហើយ គេចង់ឲ្យសុំឡើងដែរ ទាក់ទងទៅខាងម៉ូយប៉ុន្តែមិនដឺងថាយ៉ាងម៉េចនៅឡើយ» ។
សូមបញ្ជាក់ដែរថា ការប្រកបមុខរបរធ្វើចង្អេរលក់របស់ប្រជាពលរដ្ឋខ្មែរ នៅភូមិក្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនេះ គេឃើញមានច្រើនផ្នែកទៅតាមការយល់ឃើញ និងធនធានរបស់គេម្នាក់ៗ ដោយអ្នកខ្លះ បើគេមានថវិកាធ្វើជាដើមទុនគ្រាន់បើ គឺគេផលិតជាចង្អេរទាំងមូលតែម្ដង ប៉ុន្តែបើអ្នកដែលមានដើមទុនល្មមនោះ គឺគេគ្រាន់តែទៅទទួលយកសាច់ចង្អេរពីអ្នកត្បាញផ្សេងទៀត ហើយយកមកវេញកណ្ដាប់មាត់ចង្អេរជាមួយនឹងខ្សែនីឡុង ។
ក្រៅពីនេះទៀត បើចំពោះអ្នកដែលមិនមានថវិកាធ្វើជាដើមទុនទាល់តែសោះនោះ គឺគេបានស៊ីឈ្នួលរុំកណ្ដាប់ចង្អេរដោយទទួលបានប្រាក់កម្រៃចំនួន ៤០០រៀល ក្នុងចង្អេរមួយ ។
ក្នុងចំណោមអ្នកស៊ីឈ្នួលក្ដាប់ចង្អេរ បុរសមួយរូបឈ្មោះ គង់ពៅ ដារ៉ា ដែលកំពុងតែកាត់តម្រឹមកណ្ដាប់ចង្អេរនៅបៀតចំហៀងផ្ទះខ្ទមរបស់គាត់ និងមានអង្រឹងកូនខ្ចីមួយចងយោលនៅក្បែរខ្លួនគាត់ផងនោះ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើង ថា គ្រួសារគាត់ក្រីក្រខ្លាំងជាងគេ នៅក្នុងភូមិនេះ ដោយមិនមានដីធ្វើស្រែឡើយ គឺមានតែមុខរបរស៊ីឈ្នួលក្ដាប់ចង្អេរឲ្យគេតែប៉ុណ្ណោះ សព្វថ្ងៃនេះ ។
បុរសដដែលបានបន្តថា ចាប់តាំងពីព្រលឹមស្រាងៗ រហូតដល់ព្រលប់ គឺរូបគាត់និងប្រពន្ធ បាននាំគ្នាធ្វើការងារនេះដោយឈប់សម្រាក តែក្នុងចន្លោះពេលបាយរវាងពីម៉ោង ១១ថ្ងៃត្រង់ ទៅម៉ោង ១រសៀល ប៉ុណ្ណោះ ដើម្បីធ្វើឲ្យបានចង្អេរចំនួន ២០ក្នុងមួយថ្ងៃ ដោយបានប្រាក់កម្រៃចំនួន ៨០០០រៀល ប៉ុន្តែទោះជាខំយ៉ាងនេះក្ដី ក៏គ្រួសាររបស់គាត់ដែលមានកូនចំនួន៦នាក់ និងពីរនាក់ប្តីប្រពន្ធទៀត គឺស្ទើរតែចិញ្ចឹមជីវិតមិនចង់បាន ជាពិសេសគឺក្នុងអំឡុងពេលប៉ុន្មានខែកន្លងមកនេះ ដែលម្ហូបអាហារ អង្ករ បន្លែ ត្រីសាច់ បានឡើងថ្លៃខ្លាំងនោះ ៖ «ពីមុនរបស់វាថោក ត្រឹម ៣-៤ពាន់ហ្នឹង យើងអាចហូបរួច ប៉ុន្តែឥឡូវនេះហូបមិនបានទេ ព្រោះតម្លៃអ្វីក៏ឡើងថ្លៃដែរ ។ អង្ករមួយគីឡូវ ២ពាន់រៀលជាងហើយ លើកមុនទិញតែ ១ពាន់ជាង រួចរបស់ឯងនៅ ដដែល» ។
មានប្រសាសន៍ប្រាប់ពីបញ្ហានេះដែរ ប្រធានភូមិក្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក មាស ហុង បានឲ្យដឹងថា ក្នុងភូមិនេះមានប្រជាពលរដ្ឋជាង ៦០០គ្រួសារ គិតជាមនុស្សចំនួន ៣០០០នាក់ដែលគេទាំងអស់គ្នាក្រៅពីមានមុខរបរធ្វើស្រែ គឺគេបានរករបររួមផ្សំដោយធ្វើចង្អេរលក់ ។
លោកមេភូមិរូបនេះបានបន្ថែមទៀតថា បើតាមការសង្កេតរបស់លោក គឺមុខរបរធ្វើចង្អេរ បានធ្វើឲ្យអ្នកភូមិក្រួសមានមុខមាត់គ្រាន់បើដែរ គួបផ្សំនឹងការធ្វើស្រែនោះក៏ប៉ុន្តែ ស្រាប់តែមកដល់ឥឡូវ បន្ទាប់ពីមានបញ្ហាទំនិញឡើងថ្លៃកប់ពពកបាននាំឲ្យជីវភាពអ្នកភូមិគ្រោះធ្លាក់ចុះ ។
លោកមេភូមិ ក៏ដូចជា ប្រជាពលរដ្ឋអ្នកធ្វើចង្អេរលក់នៅភូមិក្រួសឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ទៀតដែរថា ប្រសិនបើទំនិញ ក៏ដូចជាប្រេងសាំងនៅតែបន្តការឡើងថ្លៃឥតឈប់ ហើយផលិតផលចង្អេររបស់គេនៅតែងាប់តម្លៃនោះ គឺតទៅមុខទៀតដ៏ខ្លី ពួកគេទាំងអស់គ្នានឹងជួបវិបត្តិនៃជីវភាពរស់នៅដ៏លំបាកជាក់ជាមិនខានឡើយ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ឆ្មាំចម្ការអំពៅរបស់លី យ៉ុងផាត់ នៅកោះកុង ចាប់រទេះគោក្របីអ្នកស្រុកឲ្យបង់លុយ
ពលរដ្ឋមួយចំនួននៅមណ្ឌលគិរីបារម្ភខ្លាចខ្វះខាតស្បៀងឆ្នាំក្រោយ
អតិផរណាកើនដល់២៥%ក្នុងឆមាសទី១ ឆ្នាំ២០០៨
ពលរដ្ឋនៅកំពង់ចាម សុំឲ្យគណបក្សឈ្នះឆ្នោតជួយធ្វើឲ្យទំនិញចុះថ្លៃ
ជនជាតិព្នងនៅមណ្ឌលគិរីអាចប្រឈមមុខនឹងភាពអត់ឃ្លាន
ពលរដ្ឋអ្នករកស៊ីរបរតូចតាចត្អូញត្អែរអំពីផលលំបាកដោយសារទំនិញឡើងថ្លៃ
ពលរដ្ឋនៅភូមិក្រាំងឃ្នង ខែត្រកំពង់ស្ពឺ ត្អូញត្អែរពីបញ្ហាសុខភាពនិងភាពក្រីក្រ
កសិករនៅតាកែវនិងកំពង់ស្ពឺរអ៊ូពីបញ្ហាជីគីមីឡើងថ្លៃ
ពលរដ្ឋនៅស្រុកអង្គរជ័យ ខែត្រកំពត ត្អូញត្អែរពីបញ្ហាភាពរាំងស្ងួត
ពលរដ្ឋនៅខេត្តក្រចេះត្អូញត្អែរអំពីបញ្ហាតម្លៃទំនិញឡើងខ្ពស់