ប្រជាពលរដ្ឋមួយគ្រួសារដែលរស់នៅជិតព្រំដែនខ្មែរ-ថៃ មានគំរោងនឹងចាកចេញពីភូមិធ្លាប់រស់នៅ ដោយសារតែភ័យខ្លាចចំពោះរឿងអសន្តិសុខផ្ទាល់ខ្លួន បន្ទាប់ពីពួកគេបានទទួលការគំរាមពីមន្ត្រីយោធាម្នាក់ដែលមានបន្ទាយនៅក្បែរនោះ។
បុរសឈ្មោះ សើ ប្រុស ជាអ្នកភូមិអូរស្វាយ នៃឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ លោកបានអះអាងកាលពីរសៀលថ្ងៃអាទិត្យ ទី២ ខែកញ្ញា ថា មន្ត្រីយោធាម្នាក់បានព្យាយាមហាមឃាត់រូបលោកមិនឱ្យឆ្លងដែនចេញទៅស៊ីឈ្នួលជញ្ជូនឈើគ្រញូងក្នុងទឹកដីថៃ ទេ នៅពេលដែលអ្នកភូមិជាច្រើនទៀតអាចចេញចូលឆ្លងដែនដោយសេរី។
បុរសដដែលបានមានប្រសាសន៍ថា មន្ត្រីយោធានោះបានចោទប្រកាន់រូបគាត់ថា គឺជាភ្នាក់ងារដែលតែងផ្តល់ព័ត៌មានទៅឱ្យក្រុមអ្នកកាសែតអំពីការរកស៊ីឈើខុសច្បាប់នៅតាមតំបន់ព្រំដែន ហើយទាហានបានព្យាយាមរារាំងរូបគាត់មិនឱ្យចេញទៅរកស៊ីឆ្លងដែនដូចអ្នកដទៃបានទេ៖ «ឈ្មោះគាត់ ណោះ ទាហាន មិនឱ្យខ្ញុំឡើង។ ឈ្មោះខ្ញុំហ្នឹងឡើងច្រកណាក៏មិនបានដែរ ៣ច្រក ឱ្យតែដឹងថាខ្ញុំឡើង ខ្ញុំទៅគាត់កាក់រហូត ហើយចុះបើគេក្រៅពីហ្នឹងម៉េចក៏គាត់អត់កាក់? ប្រពន្ធខ្ញុំក៏គេអត់ឱ្យទៅ គេថាទៅដឹងតែបាត់ខ្លួនហើយ វាយចោលនៅឯលើ (ភ្នំ)។ អត់មានទំនាស់អីផង ខ្ញុំឆ្ងល់ដែរ ម៉េចបានទៅបិទសិទ្ធិអ៊ីចឹងពេកដូចជាគ្មានឱ្យគ្នាមានសិទ្ធិសេរីភាពអីសោះ ដូចចងជើងគ្នាទាំងរស់ហើយហ្នឹង ហើយជីវិតយើងមួយៗអ្នកណាយកមកគំរាម ដើរថាប៉ាតណាប៉ាតណី»។
ទោះយ៉ាងណាលោក ណោះ ដែលជាមន្ត្រីយោធាកំពុងទទួលរងការចោទប្រកាន់នោះបានគេចវេះចេញពីការបំភ្លឺជុំវិញរឿងនេះ។
វិទ្យុអាស៊ីសេរីបានទូរស័ព្ទដើម្បីសុំការពន្យល់ ក៏ប៉ុន្តែត្រូវលោកឆ្លើយបដិសេធថា លោកមិនមែនឈ្មោះ ណោះ ទេ៖ «នរណាគេនេះ? … មិនមែនទេ ខ្ញុំមិនមែនឈ្មោះ ណោះ ផង។ អត់ដែលដឹងដែរ មិនស្គាល់លេខទូរស័ព្ទអីផង»។
ទោះយ៉ាងណា អ្នកស្រី នេន ហ៊ីង ជាភរិយារបស់លោក សើ ប្រុស បានអះអាងថា បន្ទាប់ពីវិទ្យុអាស៊ីសេរីបានទូរស័ព្ទសាកសួររួចមក គឺមន្ត្រីយោធាឈ្មោះ ណោះ បានទូរស័ព្ទទៅគំរាមរូបគាត់ជាថ្មីទៀត ដោយថាហេតុអ្វីបានជាផ្តល់លេខទូរស័ព្ទរបស់គាត់ទៅឱ្យអ្នកកាសែត? តើចង់ឡើងទៅប៉ុស្តិ៍ប៉ូលិសដើម្បីឱ្យកើតរឿងធំ ឬយ៉ាងណា?
លោក ស្រី ណារ៉េន ជាអ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា លោកទើបតែបានសាកសួរតាមទូរស័ព្ទជាជំហានដំបូង ទៅកាន់ប្រជាពលរដ្ឋមួយគ្រួសារនោះ ហើយបុរសជាប្តីបានអះអាងថា មន្ត្រីយោធាម្នាក់នោះពិតជាបានបំបិទសិទ្ធិសេរីភាពមិនឱ្យគាត់ចេញទៅរកស៊ីឆ្លងដែនដូចប្រជាពលរដ្ឋដទៃទៀត ព្រមទាំងមានការគំរាមកំហែងមែន។
លោក ស្រី ណារ៉េន បានបញ្ជាក់ថា ប្រសិនបើលោកធ្វើការស៊ើបអង្កេតរកឃើញការពិតដូចអ្វីដែលប្រជាពលរដ្ឋអះអាងមែននោះ វាគឺជាការបំបិទសិទ្ធិសេរីភាពខុសច្បាប់ ព្រមទាំងបានរំលោភទៅលើសិទ្ធិមនុស្សផង។ លោក ស្រី ណារ៉េន បានមានប្រសាសន៍ថា ប្រសិនបើមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋជុំវិញបញ្ហានេះ អង្គការរបស់លោកនឹងជួយរៀបចំឯកសារនានា ដើម្បីដាក់ជូនទៅតុលាការពិនិត្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។