ផ្ទះ​អ្នកភូមិ​ជ័យសេនា​ក្នុង​ស្រុក​ឈូក​ខេត្ត​កំពត​ត្រូវ​ទាហាន​រុះរើ

អ្នកភូមិ​ដែល​កំពុងតែ​មាន​ទំនាស់​ដី​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត បាន​ចោទ​ថា ក្រុម​ទាហាន​កងពល​តូច​លេខ​៣១ បាន​ធ្វើការ​រុះរើ​ផ្ទះ​នៅឯ​ភូមិ​ជ័យសេនា ឃុំ​តាកែន ទៀត​ហើយ នៅ​ថ្ងៃ​ទី ១ កក្កដា នេះ ។

0:00 / 0:00

អ្នកភូមិ​ថ្លែង​ថា ការរុះរើ​គឺ​នៅ​មួយ​ថ្ងៃ បន្ទាប់​ពី​ក្រុម​ទាហាន​អនុញ្ញាត​ឲ្យ​ក្រុម​សិទ្ធិ​មនុស្ស​បាន​ចូល​ទៅ​ពិនិត្យ​ស្ថានការណ៍​នៅ​ទីនោះ ។

អ្នកស្រុក​អះអាង​ថា កម្លាំង​ទាហាន​ជាច្រើន​នៃ​កងពល​តូច​លេខ​៣១ ខ្លះ​កាន់​កាំភ្លើង ខ្លះ​កាន់​កាំបិត ខ្លះ​កាន់​ពូថៅ បាន​នាំ​គ្នា​ធ្វើការ​រុះរើ​បំផ្លាញ​ផ្ទះ​អ្នកស្រុក បង្ខំ​ឲ្យ​ពួកគេ​ចាកចេញ​ពី​ដី​ដែល​គេ​ត្រូវការ ។

អ្នកស្រុក​ម្នាក់​បាន​លួច​និយាយ​តាម​ទូរស័ព្ទ​ប្រាប់​ហេតុការណ៍​ដែល​កើតឡើង​ពី​ភូមិ​ជ័យសេនា កាលពី​ព្រឹក​ថ្ងៃ ១ កក្កដា យ៉ាង​ដូច្នេះ​ថា ៖ «ព្រឹកមិញ​នេះ រុះ​នៅ​ខ្សែ​ទី​៥ និង​ទី៤ ដែល​ខ្លាំង​ជាង​គេ គឺ​ខ្សែ​ទី​៤​តែ​ម្ដង ហើយ​គំរាម​ទៀត​ថា អ្នក​ដែល​នៅ​សុទ្ធតែ​អ្នក​ដែល​ប្រឆាំង ព្រោះ​ប្រជាជន​បាន​ប្រាប់​ហើយ​ថា អត់​មាន​ទៅ​ណា​ទេ»

ការរុះរើ​ផ្ទះ​អ្នកស្រុក​កាលពី​ព្រឹក​មិញ បាន​ធ្វើ​ឡើង​ដោយ​មិន​ឲ្យ​មាន​ក្រុម​សិទ្ធិ​មនុស្ស ចូល​ទៅ​ពិនិត្យ​ហេតុការណ៍​នោះ​ផង​ទេ ។

មន្ត្រី​អង្គការ​អាដហុក អ្នកស្រី ទ្រី ឈូន ដែល​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់​ភូមិ​ជ័យសេនា កាល​ពី​ថ្ងៃ ៣០ មិថុនា បាន​ឲ្យ​ដឹង​ថា ស្ថានភាព​អ្នកស្រុក​នៅ​ទីនោះ មាន​ភាព​យ៉ាប់យ៉ឺន ហើយ​ក៏​មាន​អ្នកស្រុក​ខ្លះ ជួប​ប្រទះ​នឹង​ការខ្វះ​ស្បៀង​ផង​នោះ​ដែរ ៖ «យើង​ទៅ យើង​ឃើញ​ទិដ្ឋភាព​ហ្នឹង​ហើយ ហើយ​យើង​ជំរុញ​ឲ្យ​ខាង អាដហុក ភ្នំពេញ ធ្វើការ​ជាមួយ UN [អង្គការ​សហប្រជាជាតិ] ដើម្បី​ចាត់ចែង​ការងារ​ហ្នឹង​ថា តើ​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រង​គ្រោះ​ដាច់​ស្បៀង ខាង អាដហុក និង UN មាន​នីតិ​វិធី​បែប​ណា​ដើម្បី​ចរចា​ជាមួយ​រដ្ឋាភិបាល រក​ដំណោះស្រាយ​សា​ជា​ថ្មី»

លោកស្រី ទ្រី ឈូន បាន​ថ្លែង​ថា ប្រជាជន​ប្រមាណ ៤០០​គ្រួសារ​ដែល​កំពុង​ប្រឈម​នឹង​ការបណ្តេញ​ចេញ​ពី​ដី​កំពុង​រស់នៅ ក្រោម​ស្ថានភាព​ហ៊ុមព័ទ្ធ​មួយ​ដោយ​ក្រុម​ទាហាន ។

ការហ៊ុមព័ទ្ធ​នោះ បាន​ធ្វើ​ឲ្យ​អ្នកស្រុក​ខ្វះ​លទ្ធភាព​ទាក់ទង ដោយសារ​តែ​ការចេញ​ចូល​នៅ​ទី​នោះ គឺ​ត្រូវ​ឆ្លងកាត់​ទាហាន​ដែល​ដាក់​ប៉ុស្តិ៍​យាម ។

កាលពី​ថ្ងៃ​ទី​២៨ មិថុនា ក្រុម​ទាហាន​បាន​រារាំង​សប្បុរសជន​ដែល​បាន​ដឹកនាំ​សម្ភារៈ​និង​ស្បៀង​ដូចជា អង្ករ មុង ភួយ និង​ត្រី​ខ​កំប៉ុង ក្នុង​បំណង​ទៅ​ជួយ​អ្នកភូមិ​នៅ​ទីនោះ​ផង​ដែរ ។

មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​យល់​ថា ទង្វើ​របស់​កម្លាំង​ប្រដាប់​អាវុធ ក៏​ដូចជា អាជ្ញាធរ​ខេត្ត​ដែល​រៀបចំ​អនុ​គណៈកម្មការ​ចម្រុះ​នៅ​ទីនោះ ធ្វើ​នេះ​គឺ​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ អត់​គិត​ពី​ប្រជាពលរដ្ឋ​ដែល​ត្រូវ​តែ​មាន​ជម្រក មាន​ចំណី​អាហារ​ទេ ។ គាត់​មិន​បាន​គិត ក្នុង​នាម​គាត់​ជា​អ្នក​ដឹកនាំ ជា​ម៉ែ​ជា​ឪ​របស់​ប្រជាជន​នៅ​ទី​ហ្នឹង​ទេ»

អ្នកស្រុក​ក្នុង​ភូមិ​ជ័យសេនា បាន​អំពាវនាវ​រក​ការជួយ​អន្តរាគមន៍​ពី​សាធារណ​មតិ ក្នុង​និង​ក្រៅ​ស្រុក ដើម្បី​ជួយ​ពួកគេ ។ ពួក​គេ​ថ្លែង​ថា នៅថ្ងៃ​ស្អែក​នេះ នឹង​មាន​ការប្រើ​កម្លាំង​ចុះ​មក​រុះរើ ទៀត​ហើយ ៕