ប៉ូលិស, ទាហាន​និង​មេការ​ក្រុមហ៊ុន​ឯកជន​រង​ការ​ប្ដឹង​ពី​បទ​ប៉ុន​ប៉ង​សម្លាប់​អ្នក​ភូមិ

2009-06-29

យ៉ាង​ហោច​ណាស់ មន្រ្តី​ប៉ូលិស​និង​ទាហាន​រួមទាំង​មេការ​នៃ​ក្រុមហ៊ុន ឌី​អឹម ហ្រ្គូប ចំនួន ៧​នាក់​កំពុង​រង​ការ​ប្តឹង​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​សម្លាប់​អ្នក​ភូមិ​«សយ៉ោះ​លើ» ឃុំ​កាឡែង ស្រុក​លំផាត់ ខេត្ត​រតនគិរី។

សឿង សំពិត អាយុ ៥៥​ឆ្នាំ ជនជាតិ​ភាគ​តិច​ទំពុន​និង​ជា​តំណាង​អ្នក​ភូមិ​សាយ៉ោះ​លើ ២៣​គ្រួសារ និង​ជា​ដើម​បណ្តឹង បាន​បញ្ជាក់​ថា អ្នក​ភូមិ​ទាមទារ​ឲ្យ​មាន​ការ​ផ្តន្ទា​ទោស​ក្រុម​អ្នក​ចូលរួម​ក្នុង​សកម្មភាព​បាញ់​ប្រហារ​អ្នក​ភូមិ ទាមទារ​ឲ្យ​បញ្ឈប់​ទន្ទ្រាន​យក​ដី​អ្នក​ភូមិ​និង​សង​ការ​ខូចខាត​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ភូមិ​រង​របួស ៖ «ទាមទារ​យក​ដី​ហ្នឹង​មក​វិញ ពីព្រោះ​អស់​ប៉ុណ្ណឹង​ហើយ។ បើ​ថា​ដោះស្រាយ​ឲ្យ​ត្រឹម​ត្រូវ​មាន​អី»

ចំណែក​អ្នក​ភូមិ​រង​របួស​ឈ្មោះ សឿង ច្រាត បាន​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​បញ្ហា​នេះ​ដូច​គ្នា ៖ «ទាមទារ​ឲ្យ​វា​សមរម្យ​នឹង​ច្បាប់ មិន​មែន​ច្បាប់​យក​កាំភ្លើង​មក យក​ប្រដាប់​ឆក់​មក មក​គំរាម​កំហែង​អ្នក​ចម្ការ ដេញ​ឆក់ ដល់​ប្រជាជន​រត់​ប្រសេច​ប្រសាច វា​បាញ់»

អ្នក​ភូមិ​សាយ៉ោះ​លើ ចំនួន​ពីរ​គ្រួសារ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​សុក្រ កន្លង​ទៅ​នេះ បន្ទាប់​ពី​អ្នក​ភូមិ​ម្នាក់​រង​របួស​បាញ់​ធ្លាយ​ភ្លៅ​និង​ជាង ១០​នាក់់​ទៀត រង​ការ​បាញ់​គំរាម​ពី​ក្រុម​កង​ប្រដាប់​អាវុធ​ដែល​គេ​ដាក់​សម្រាប់​ការពារ​ក្រុមហ៊ុន​ឈ្មោះ ឌីអ៊ឹម ហ្រ្គូប នៅ​គ្រា​ដែល​ក្រុម​នោះ បាន​ហាម​ប្រាម​មិន​ឲ្យ​អ្នក​ភូមិ​ធ្វើ​ការងារ​កសិកម្ម ដែល​ក្រុមហ៊ុន​នោះ​កំពុង​មាន​ជម្លោះ​ដី​ធ្លី ជាង ២០០​ហិកតារ​ជាមួយ​អ្នក​ភូមិ​កាល​ពី​ដើម​សប្តាហ៍​មុន​នេះ។

មនុស្ស​៧​នាក់​ដែល​ត្រូវ​អ្នក​ភូម​ប្តឹង​មាន​ឈ្មោះ ហ្វឿវី សម្បត្តិ ជា​ប៉ូលិស​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ឈ្មោះ ផល្លី, រ៉ា, ក្រូច, និង​កែវ ជា​ទាហាន​ខេត្ត និង​ឈ្មោះ មាស ម៉ុន ជា​មេការ​ក្រុមហ៊ុន ឌីអឹម ហ្រ្គូប។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក ផែន ឌីណា មាន​ប្រសាសន៍​ថា ប៉ូលិស​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ពី​ករណី​បាញ់​អ្នក​ភូមិ​នោះ​ហើយ តែ​លោក​បដិសេធ​មិន​ប្រាប់​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នោះ​ទេ ពីព្រោះ​សំណុំ​រឿង​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៩ មិថុនា​នេះ។

មេ​បញ្ជា​ជា​ការ​យោធា​ខេត្ត​លោក ម៉ុង ថែន បដិសេធ​ថា ទាហាន​លោក​មិន​ជាប់​ទាក់ទិន​ការ​បាញ់​ប្រហារ​នោះ​ទេ ៖ «បើ​គាត់​ទៅ​វិញ​ជា​សិទ្ធិ​របស់​គាត់ ខាង​ខ្ញុំ​ដឹង​តែ​ប៉ូលិស​អ្នក​បាញ់»

ដូច​គ្នា​នេះ​ដែរ តំណាង​ក្រុមហ៊ុន ឌីអ៊ឹម ហ្រ្គូប លោក សាយ ចំរើន ធ្លាប់​បាន​បដិសេធ​ដូច​គ្នា ហើយ​ចោទ​អ្នក​ភូមិ​វិញ​ថា ជា​អ្នក​ដេញ​កាប់​ពួក​គេ ទើប​មាន​ការ​ផ្ទុះ​អាវុធ​ការពារ​ខ្លួន។

មន្ត្រី​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ពី​ករណី​នេះ​យ៉ាង​ដូច្នេះ ៖ «ការ​ប្រើ​អំពើ​ហិង្សា វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹកនាំ​របស់​អង្គភាព​ទាំង​អស់​នោះ»

ព្រះ​រាជ​អាជ្ញា​រង​អម​តុលាការ​ខេត្ត​លោក រស់ សារ៉ាំ មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ពាក្យ​បណ្តឹង​អ្នក​ភូមិ​ក្នុង​រឿង​នេះ​ហើយ ចំណែក​របាយការណ៍​អង្កេត​របស់​ប៉ូលិស​លោក​មិន​ទាន់​ដឹង​នៅ​ឡើយ។

គួរ​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន ឌីអឹម ហ្រ្គូប ក៏​កំពុង​មាន​ជម្លោះ​ដី​ធ្លី​ជាង ៣០០​ហិកតារ​ជាមួយ​អ្នក​ភូមិ​ប៉ាតាង ហើយ​ក្រុមហ៊ុន​នេះ​បាន​ប្តឹង​ចាប់​អ្នក​ភូមិ ៣​នាក់ ដាក់​ពន្ធនាគារ និង ៦​នាក់​ទៀត បាន​រត់​លាក់​ខ្លួន​ក្នុង​ព្រៃ​នៅ​ឡើយ​ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន​តាម​ដីកា​តុលាការ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អ.ស.ប.​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រតនគិរី​បញ្ឈប់​ការ​យាយី​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​និង​អ្នក​សារ​ព័ត៌មាន

ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​ស៊ើប​អង្កេត​អំពើ​មិន​ត្រឹម​ត្រូវ​នៃ​អនុប្រធាន​តុលាការ​រតនគិរី

អ្នក​ភូមិ​នៅ​រតនគិរី​នាំ​គ្នា​ផ្ដិត​មេ​ដៃ​ស្នើ​សុំ​ការ​វិល​ត្រឡប់​នៃ​សកម្ម​ជន​សិទ្ធិ​មនុស្ស

សាលា​ឧទ្ធរណ៍​បង្គាប់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ជុំ​វិញ​ករណី ប៊ន សំណាង និង​សុខ សំអឿន

អ្នក​ភូមិ​នៅ​រតនគិរី​អះអាង​ថា​មេ​ភូមិ​មេ​ឃុំ​បង្ខំ​ពួក​គេ​ឲ្យ​ទម្លាក់​កំហុស​លើ​អាដហុក

សមាគម​អាដហុក​សោក​ស្ដាយ​ចំពោះ​ការ​រំខាន​ដល់​ការងារ​របស់​ប៉ែន ប៊ុណ្ណារិ៍

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បារម្ភ​អំពី​ករណី​ផ្លាស់​មន្ត្រី​អាដហុក​ចេញ​ពី​រតនគិរី

មេធាវី​ទាមទារ​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​ប៊ន សំណាង និង​សុខ សំអឿន

អាដហុក​ផ្លាស់​មន្ត្រី​ចេញ​ពី​រតនគិរី​ដើម្បី​បញ្ចប់​រឿង​ក្ដី​តុលាការ

អាជ្ញាធរ​ចាប់​ផ្ដើម​វិធានការ​ចាប់​ជន​អនាថា​តាម​ដង​ផ្លូវ