សង្គម​ស៊ីវិល​រិះគន់​ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​និយាយ​ថា ការ​ចាប់​ខ្លួន និង​កាត់​ទោស​លោក ម៉ម សូណង់ដូ ដាក់​ពន្ធនាគារ ២០​ឆ្នាំ ដោយ​តុលាការ​រាជធានី​ភ្នំពេញ ជា​ការ​ភ្ញាក់​ផ្អើល និង​ជា​មេរៀន​មួយ​ទាមទារ​ឲ្យ​អ្នក​ធ្វើ​ការងារ​សិទ្ធិ​មនុស្ស​កាន់តែ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ថែម​ទៀត។

0:00 / 0:00

លោក ចាន់ សុវ៉េត អនុ​ប្រធាន​ក្រុម​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស និង​ជា​ជន​ម្នាក់​ដែល​តុលាការ​កោះ​ហៅ​ដែរ​នោះ និយាយ​នៅ​ថ្ងៃ​ទី​២ ខែ​តុលា ថា ចំនួន​រយៈពេល​ផ្ដន្ទាទោស​នេះ ច្រើន​ហួស​ការ​ស្មាន និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​មាន​ការ​ញញើត​ក្នុង​ការ​បញ្ចេញ​មតិ។

លោក ចាន់ សុវ៉េត និយាយ​ថា ការ​កាត់​ទោស​នេះ​បង្ហាញ​ថា តុលាការ​មិន​ឯករាជ្យ និង​ជា​គំរូ​មិន​ល្អ​ក្នុង​ការ​ប្រើ​ស្ថាប័ន​តុលាការ ដើម្បី​ផ្ដន្ទាទោស​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា មាន​យោបល់​ថា ការ​កាត់​ទោស​នេះ​ជា​ការ​គំរាមកំហែង​មួយ​ទាក់ទង​ជាមួយ​ការ​ការពារ​សិទ្ធិ​មនុស្ស និង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា។

ប្រធាន​មជ្ឈមណ្ឌល​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ថា ការ​កាត់​ទោស​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​កម្ពុជា លើ​ឆាក​អន្តរជាតិ ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា មិន​ល្អ​ទៅ​វិញ​ទេ។

ចំណែក​លោក អំ សំអាត ជា​អ្នក​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) មាន​យោបល់​ថា ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ នេះ វា​ជា​សំឡេង​ជួង​មួយ​ឲ្យ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បំពេញ​ការងារ។

លោក អំ សំអាត បន្ថែម​ថា ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ នេះ ប្រហែល​ជា​មិន​បាន​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ចំណេញ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​រើស​សមាជិក​សភា ក្នុង​ឆ្នាំ​២០១៣ ខាង​មុខ​នេះ​ឡើយ។

ចំណែក​លោក នី ចរិយា ប្រធាន​ក្រុម​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មាន​យោបល់​ថា ការ​កាត់​ទោស​នេះ​ធ្វើ​ឲ្យ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​មាន​ភាព​ញញើត​ក្នុង​ការ​បំពេញ​ការងារ​ជួយ​ប្រជាពលរដ្ឋ។

លោក ប៊ុន ឆន ដែល​មាន​ឈ្មោះ​ត្រូវ​ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល​ដែរ​នោះ ធ្លាប់​បាន​និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ចោទ​ប្រកាន់​ថា ក្រុម​លោក​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី នោះ ជា​ការ​មិន​ពិត។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​ថា ការ​ចាប់​ខ្លួន រួច​កាត់​ទោស​លោក ម៉ម សូណង់ដូ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ​នេះ ជា​សញ្ញា​មិន​ល្អ​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​នោះ លោក កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២ តុលា មាន​ប្រសាសន៍​ថា វា​ជា​រឿង​ធម្មតា មិន​មែន​ជា​ការ​គំរាមកំហែង​អី​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​នោះ​ទេ។

ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ បាន​ចោទ​លោក ម៉ម សូណង់ដូ ៤​ចំណុច។ បទ​ចោទ​ទាំង​នោះ​រួម​មាន ទី​១ បទ​ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ទី​២ ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ ទី​៣ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ខុស​ច្បាប់ និង​ទី​៤ ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ក្រមព្រហ្មទណ្ឌ។

លោក ជា បំរុង អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ មាន​ប្រសាសន៍​ថា ការ​កាត់​លោក ម៉ម សូណង់ដូ ឲ្យ​ជាប់​ពន្ធនាគារ​នេះ នឹង​ធ្វើ​ឲ្យ​សមាគម​អ្នក​ប្រជាធិបតេយ្យ​ជួប​ឧបសគ្គ​ជា​មិន​ខាន ពីព្រោះ​លោក ម៉ម សូណង់ដូ ជា​ប្រធាន និង​ជា​ប្រភព​ផ្ដល់​ថាមពល​ឲ្យ​សមាគម​នេះ​មាន​សកម្មភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។