កសិករ​ក្រីក្រ​ភាគ​ខាង​ត្បូង​ប្រទេស​ស្រូប​យក​ប្រាក់​៨០%​ពី​ទីផ្សារ

មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (សេដាក់) បង្ហាញ​ថា​កសិករ​ក្រីក្រ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា បាន​ស្រូប​យក​ប្រាក់ ៨០% ក្នុង​១​ឆ្នាំ​ៗ​ពី​ទីផ្សារ ។

បទ​បង្ហាញ​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​បូក​សរុប​លទ្ធផល​បញ្ចប់​គម្រោង​កែលម្អ​ជីវភាព​កសិករ​ក្រីក្រ​ជនបទ ក្រោម​ជំនួយ​ថវិកា​របស់​មូលនិធិ​ជប៉ុន JFPR 9027-CAM កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​មិថុនា ឆ្នាំ​២០០៨ ។

នាយក​អង្គការ​សេដាក់ លោក​បណ្ឌិត យ៉ង សាំងកុមារ ឲ្យ​ដឹង​ថា​កសិករ​១៩២​ភូមិ ក្នុង​៥​ខែត្រ​ភាគ​ខាង​ត្បូង មាន​ខេត្ត​ព្រៃវែង កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង និង​តាកែវ បាន​ប្តូរ​ទម្លាប់​ពី​ធ្វើ​ស្រែ​តែ​១​មុខ ឬ​ដាំ​បន្លែ​តែ​១​មុខ មក​ធ្វើ​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​តាម​បច្ចេកទេស​ថ្មី ។

លោក​ថា​មន្រី្ត​សេដាក់​និង​មន្រ្តី​ក្រសួង​កសិកម្ម ចុះ​អប់រំ​៥​ឆ្នាំ​និង​ចងក្រង​កសិករ​ក្រីក្រ​ខ្លាំង​ក្រោម​ប្រាក់​ជំនួយ​ពី​មូលនិធិ​ជប៉ុន ធ្វើ​ឲ្យ​កសិករ​១៤.២០០​គ្រួសារ​លះបង់​ភាព​ទំនេរ​ងាក​មក​បង្កើន​ផល​កសិកម្ម​ខុសពី​ទម្លាប់​មុន ដែល​ក្រោយ​ការស្ទូង ដក ច្រូតកាត់ កសិករ​ខ្លះ​ទំនេរ ខ្លះ​ធ្វើ​ចំណាក​ស្រុក​ទៅ​ស៊ីឈ្នួល​ក្រៅ​ភូមិ ។

លោក​បណ្ឌិត យ៉ង សាំងកុមារ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ឃើញ​ប្រាក់​ចំណូល​មាន​ការកើន​ឡើង​ពី​ចំនួន ១,៤​លាន​រៀល​ក្នុង​មួយ​គ្រួសារ​ទៅ ២,៦​លាន​រៀល​ក្នុង​មួយ​គ្រួសារ គឺ​ជា​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការងារ​កសិកម្ម ។ អ៊ីចឹង​ជា​មធ្យម​គឺ​កំណើន​ប្រាក់ចំណូល​មាន​ការកើនឡើង​ចំនួន​៨០%»

កសិករ​ភូមិ​តាពយ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម លោក សោម សារូ ឲ្យ​ដឹង​ថា​គាត់​ទទួល​ការអបរំ​ធ្វើ​ស្រែ​មិន​ប្រើ​ជី​គីមី​និង​ថ្នាំ​គីមី​ពុល និង​មិន​ប្រើ​គ្រាប់​ពូជ​ស្រូវ​ច្រើន​ក្នុង​ការដាំដុះ នាំ​ឲ្យ​គាត់​ចំណេញ​ប្រាក់​ច្រើន​ជាង​១​លាន​រៀល​ក្នុង​១​ឆ្នាំៗ ។

លោក សោម សារូ បាន​ឲ្យ​ដឹង​ថា ៖ «ពូជ​ក្នុង​ដី​៦០​អា ធ្លាប់​ប្រើ​ពី ៨​តៅ ទៅ ៩​តៅ​អី​អ៊ីចឹង ផល​បាន​តែ ៩០​ថាំង​អី​ទេ តែ​ដល់​ខ្ញុំ​មក​ប្រើ​ពូជ​២០​គីឡូ សំណាប​ខ្ញុំ​ស្ទូង​អត់​អស់​ផង ហើយ​ផល​ខ្ញុំ​កើន​ទៀត»

ប្រធាន​ក្រុម​ដាំ​បន្លែ​នៅ​ភូមិ​ថ្មរាប ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង អ្នកស្រី ទីវ ឆាត អះអាង​ថា​គាត់​ចេះ​ដាំ​បន្លែ ចេះ​ផលិត​ថ្នាំ​ពុល​ផ្សំ​ពី​ធម្មជាតិ ហើយ​លក់​បន្លែ​ធម្មជាតិ​ចំណេញ​ជាង​១​លាន​ក្នុង​មួយ​ឆ្នាំ ៖ «គ្រួសារ​ខ្ញុំ​ផ្ទាល់​តែម្ដង​មួយ​ឆ្នាំ​នេះ​បាន​១​លាន​៥០​ម៉ឺន»

រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក អ៊ិត ណូឌី មាន​ប្រសាសន៍​ថា​គម្រោង JFPR 9027-CAM មាន​បំណង​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ជនបទ​កម្ពុជា ។ គម្រោង​នោះ​ជួយ​កែ​ទម្លាប់​កសិករ​ក្រីក្រ​បំផុត ១៩២​ភូមិ យក​ពេល​ទំនេរ​មក​ដាំដុះ មាន​ជំនាញ ទាញ​យក​ផល​ច្រើន​ពី​ដី បង្កើន​ការងារ​និង​ចំណូល​ក្នុង​សហគមន៍ ហើយ​បាន​បន្ថយ​ចំណាក​ស្រុក ។

ចំណែក​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក តា ឌេអូ មាន​ប្រសាសន៍​ថា គម្រោង JFPR 9027-CAM បាន​អនុវត្ត​ជោគជ័យ​ធ្វើ​ឲ្យ​ថយចុះ​ភាព​ក្រីក្រ​ជនបទ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា ។ លោក​ថា​គម្រោង​នោះ​ជា​មូលនិធិ​ជប៉ុន​បាន​ផ្តល់​មក​កម្ពុជា តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ឲ្យ​ក្រសួង​កសិកម្ម និង​អង្គការ​សេដាក់ យក​ទៅ​អនុវត្ត​ពី​ខែ​មិថុនា ឆ្នាំ​២០០៣​មក និង​អស់​ទឹក​ប្រាក់​ក្នុង​ខែ​មិថុនា ឆ្នាំ​២០០៨​នេះ ៕