អាជីវករ​ផ្សារ​សុវណ្ណា​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​ក្នុង​ការបញ្ចុះ​ថ្លៃ​ជួល​តូប

2009-07-02

អាជីវករ​ផ្សារ​សុវណ្ណា​ជាង​១០០​នាក់​នាំ​គ្នា​ទៅ​សុំ​កិច្ច​ជួយ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដល់​គេហដ្ឋាន​ឯ​ខេត្ត​កណ្តាល ខណៈ​ការតវ៉ា​អំពី​ការសុំ​បញ្ចុះ​តម្លៃ​ជួល​តូប​ជាមួយ​អ្នក​គ្រប់គ្រង​ផ្សារ​មិន​បាន​សម្រេច។

ក្រុម​អាជីវករ​ផ្សារ​សុវណ្ណា​មាន​អ្នក​លក់​ខោ​អាវ ស្បែក​ជើង កាបូប គ្រឿង​អេឡិចត្រូនិក គ្រឿង​ក្រអូប ជាដើម បាន​ទាមទារ​ឲ្យ​មាន​ការបញ្ចុះ​តម្លៃ​ជួល​តូប​៣០%  ប៉ុន្តែ​ម្ចាស់​ផ្សារ​យល់ព្រម​ចុះ​ថ្លៃ​ឲ្យ​តែ​១៣%​ប៉ុណ្ណោះ។

តំណាង​អាជីវករ​ឲ្យ​ដឹង​ថា ពួក​គាត់​១៣៨​នាក់​នេះ​គ្រាន់តែ​ជួល​តូប​ក្នុង​ផ្សារ​សុវណ្ណា​នោះ​លក់​របស់​របរ​ប្រើប្រាស់ មុខរបរ​នោះ​តាំង​ពី​បើក​ផ្សារ​លក់​មិន​ដាច់​សោះ ទន្ទឹម​នឹង​នោះ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ មនុស្ស​កាន់តែ​គ្មាន​ប្រាក់​ទិញ​យក​ទៅ​ប្រើប្រាស់ ទើប​ពួក​គាត់​តវ៉ា​សុំ​ឲ្យ​ម្ចាស់​ផ្សារ​បញ្ចុះ​តម្លៃ​ជួល​តូប​ដល់​៣០%​នោះ បើ​ពុំ​ដូច្នោះ​ទេ​ពួក​គាត់​មិន​អាច​រក​ប្រាក់​បង់​ថ្លៃ​ជួល​ក្នុង​មួយ​ខែៗ​រួច​ទេ ដូច្នេះ​ហើយ​បាន​ជា​គាត់​នាំ​គ្នា​រត់​មក​រក លោក ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ។

តំណាង​អាជីវករ​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «អ៊ីចឹង​យើង​ចង់​ឲ្យ​គេ​ជួយ​សម្រួល​ចុះ​៣០%​ហ្នឹង មិន​មែន​បាន​ន័យ​ថា យើង​អាជីវករ​ហ្នឹង​អត់​ខាត​ទេ យើង​ខាត​ដែរ​តែ​យើង​ខាត​មួយ​ចំណែក​ហើយ​ឲ្យ​ផ្សារ​ជួយ​ខាត​យើង​មួយ​ចំណែក»។

អាជីវករ​ម្នាក់​ទៀត​បន្ថែម​ថា ប្រាក់​ជួល​ទីតាំង​ក្នុង​ផ្សារ​សុវណ្ណា ១​ម៉ែត្រ​ការ៉េ ៣០​ដុល្លារ អាជីវករ​យល់​ព្រម​ជួល​ក្នុង​តម្លៃ​នោះ​ពេល​មិន​ទាន់​ចូល​លក់​ក្នុង​ផ្សារ។ នៅ​ពេល​ផ្សារ​ដំណើរការ​មិន​ដល់​មួយ​ឆ្នាំ​សេដ្ឋកិច្ច​ទូទៅ​ធ្លាក់​ចុះ អ្នក​ទិញ​ជា​ច្រើន​គ្រាន់តែ​នាំ​គ្នា​មក​មើល​ផ្សារ​ទំនើប​ទើប​បង្កើត​ថ្មី ពួក​គេ​មិន​សំបូរ​លុយ​ជួយ​ទិញ​របស់​របរ​យក​ទៅ​ប្រើប្រាស់​ទេ នាំ​ឲ្យ​អ្នក​លក់​ដូរ​លក់​ចេះតែ​មិន​ដាច់ ហើយ​ខាត​ប្រាក់​ឈ្នួល​តូប​រាល់​ខែ​ហើយ​ខាត​ដើម​កប់​របស់​របរ​ទៀត បាន​សុំ​ឲ្យ​ម្ចាស់​គ្រប់គ្រង​ផ្សារ​បន្ថយ​តម្លៃ​ជួល។

អាជីវករ​នោះ​បន្ត​ថា កាលពី​ដើម​ឆ្នាំ​២០០៩ ម្ចាស់​ផ្សារ​បាន​ចុះ​ឲ្យ​១០%​សម្រាប់​ឆមាស​ទី​១។ ឥឡូវ​ចូល​ដល់​ឆមាស​ទី​២ ម្ចាស់​ផ្សារ​ចុះ​ឲ្យ​១៣% ប៉ុន្តែ​ខាង​អាជីវករ​សុំ​ចុះ​៣០​ដោយសារ​ការលក់​ដូរ​កាន់តែ​មិន​ដាច់ ៖ «គេ​គំរាម​យើង​ថា បើ​សិន​ជា​យើង​អត់​ព្រម​ទៅ​ផ្ដិត​មេ​ដៃ​ទទួល​យក​១៣%​ថ្ងៃ​ហ្នឹង​ទេ គឺ​គេ​ឈប់​ចុះ​ឲ្យ​ហើយ។ ជំនុំ​គ្នា​ថា យើង​សុខ​ចិត្ត​មិន​បើក​តូប​តែម្ដង រហូត​ដល់​មាន​ដំណោះស្រាយ យើង​ផ្អាក​ធ្វើ​អាជីវកម្ម​រហូត​ដល់​មាន​ដំណោះស្រាយ»

វិទ្យុ​អាស៊ីសេរី​បាន​ទៅ​ដល់​ផ្សារ​និង​សុំ​ការបំភ្លឺ​ពី​អគ្គ​នាយក​ផ្សារ​សុវណ្ណា​នោះ ប៉ុន្តែ​ក្រុម​សន្តិសុខ​ក្នុង​ផ្សារ​បាន​ឲ្យ​ដឹង​ថា លោក​អគ្គ​នាយក​និង​នាយក​រង​ជាប់​រវល់​មិន​អាច​ជួប​បាន។

តាម​ការសង្កេត​ក្នុង​ផ្សារ​សុវណ្ណា​នោះ​ក៏​នៅ​មាន​តូប​លក់​ខោ​អាវ កាបូប មួយចំនួន នៅ​បន្ត​បើក​លក់ និង​កន្លែង​លក់​ដូរ​ផ្សេងៗ​របស់​ក្រុមហ៊ុន​នានា​កំពុង​លក់​ដូរ​ផងដែរ ក្រោម​ការជួយ​ការពារ​ពី​មន្រ្តី​នគរបាល អាវុធ​ហត្ថ រួម​ទាំង​សន្តិសុខ​ផ្សារ​ជា​ច្រើន​នាក់ នៅ​ខាង​ក្នុង​និង​ជុំវិញ​ផ្សារ​សុវណ្ណា​នោះ។

បន្ទាប់​ពី​ក្រុម​អាជីវករ​ធ្វើការ​តវ៉ា​នៅ​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្រ្តី​នោះ ពួក​គាត់​បាន​ឲ្យ​ដឹង​ថា ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​បាន​ទទួល​យក​លិខិត​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដើម្បី​បញ្ចុះ​តម្លៃ​ជួល​តូប​ផ្សារ​សុវណ្ណា​នោះ​ហើយ ប៉ុន្តែ​ការជួយ​បាន​ឬ​អត់​យ៉ាង​ណា​នោះ ពួក​គាត់​នឹង​នាំ​គ្នា​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី​នៅ​ថ្ងៃ​សុក្រ ទី​៣ កក្កដា​ទៀត៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

បញ្ហា​ការ​ថែ​រក្សា​អនាម័យ​ក្នុង​អំឡុង​ពេល​បុណ្យ​អុំ​ទូក

សរុប​តួលេខ​នៃ​​អំពើ​ចោរកម្ម​និង​គ្រោះថ្នាក់​ផ្សេងៗ​ក្នុង​ពេល​បុណ្យ​អុំ​ទូក

ព្រះសង្ឃ​​​មួយ​អង្គ​​នៅ​​ព្រៃវែងរង​ការ​ចោទ​ថា​ចាប់​រំលោភ​ភរិយា​គេ

ស្ថានភាព​សន្តិសុខ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក

មនុស្ស​២​នាក់​ស្លាប់​នៅ​ខែត្រ​មណ្ឌលគិរី​ដោយសារ​ខ្យល់​ព្យុះ

ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក

ពិធី​បុណ្យ​អុំ​ទូក​នៅ​បន្ទាយមានជ័យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន

ពលរដ្ឋ​នៅ​កំពង់ធំ​ត្អូញ​ពី​បញ្ហា​ការ​ទារ​ប្រាក់​ក្នុង​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី

ស្ថានភាព​សន្តិសុខ​​​ក្នុង​ថ្ងៃ​ទី​១​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក

ពលរដ្ឋ​សរសើរ​ពី​សណ្តាប់ធ្នាប់​នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក